រាជធានីភ្នំពេញ ៖ យុវជនចំនួន៥នាក់ត្រូវកំលាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ មករា បន្ទាប់ពីបានលើកគ្នាប្រដាប់ដោយដំបងក្នុងបំណងទៅវាយគូទំនាស់តាមផ្លូវលេខ១៩២ កែងផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ទោះបីជាយ៉ាងណាទំនាស់នេះ មិនទាន់បង្កឱ្យមានរបួសស្នាមនៅឡើយទេ ។ យុវជនទាំង៥នាក់នោះ ១-ឈ្មោះវ៉ាន់ រដ្ឋា អាយុ១៩ឆ្នាំ ២-ឈ្មោះស៊ុយ គីណាក់ អាយុ២១ឆ្នាំ ៣-ឈ្មោះធឿន ចំរើន អាយុ១៨ឆ្នាំ ៤-ឈ្មោះភឿក វី ភេទប្រុស អាយុ១៩ឆ្នាំ និង៥-ឈ្មោះវ៉ាន់ ណាដារ៉ា អាយុ២២ឆ្នាំ ពួកគេជាកម្មករឃ្លាំងតាំងទ្រី ដែលមានទី តាំងស្ថិតនៅតាមផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។តាមកងរាជអាវុធហត្ថខណ្ឌទួលគោក បានឱ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនចំនួន២ក្រុម ម្ខាងៗមានគ្នាប្រមាណ១០នាក់ បានគប់ និងដេញវាយគ្នាទៅតាមដងផ្លូវបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ ភ្លាមនោះសមត្ថកិច្ចកងរាជអាវុធហត្ថបានចេញអន្តរាគមន៍ឃាត់ខ្លួនបានយុវជនចំនួន៥ន ាក់ ឯមួយចំនួនទៀតបានគេចខ្លួនបាត់ ។តាមសំដីឈ្មោះវ៉ាន់ ណាដារ៉ា បានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនរួមទាំងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាទៅផឹកកាហ្វេនៅក្រោយសាលាទឹកល្អក់ ពេលត្រឡប់មកឃ្លាំងវិញ ស្រាប់តែត្រូវយុវជនមួយក្រុមទៀតមានគ្នាប្រមាណ១០នាក់ កំពុងអង្គុយផឹកបានស្រែកជេរ និងគប់ដុំថ្មមកលើពួកខ្លួន ពេលនោះពួកខ្លួនបានរត់ទៅហៅមិត្តភក្តិជាកម្មករដូចគ្នាទៅវាយតបវិញ តែមិនទាន់បានវាយផងត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។ មន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក បានបន្តទៀតថា ការឃាត់ខ្លួននេះ គឺគ្រាន់តែធ្វើការអប់រំ ហើយឱ្យអាណាព្យាបាលមកធានាយកពួកគេទៅអប់រំបន្តទៀតតែប៉ុណ្ណោះ ៕
