ខេត្ត​បាត់ដំបង ៖ គួរកត់សំគាល់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ គេ​ឃើញ​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​នៃស្នង​ការ​ដ្ឋានខេត្ត បាត់ដំបង បានប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុងការ​បង្ក្រាប​​បនល្បែង​ស៊ី​សង​ខុសច្បាប់​គ្រប់ប្រភេទ​ដោយ​យោង​តាម​បទបញ្ជ ា​របស់​រាជរដ្ឋាភិបាល​​នាពេលកន្លងមក ។ ប៉ុន្តែផ្ទុយ​ទៅវិញ បែ​រជា​មន្ត្រី​​ប៉េ​អឹមខេត្ត​​ម្នាក់ប្រឹងប្រែង​រក​កន្លែង​ដើម្បី​រៀបចំ​ឱ្យ​​ពួកអ្នក​ញៀន​ល្បែង​ប្រមូលផ ្តុំគ្នា​លេង​យ៉ាង​សុខ​សាន្ត​ទៅវិញ ។ ទង្វើ​បែបនេះ​គេ​មិន​ដឹង​ថា ជា​ការ​ធ្វើ​​ផ្គើន​នឹងបទ​បញ្ជារបស់​រាជរដ្ឋា​ភិបាល​ ឬ​យ៉ាងណា​នោះទេ ហើយ​ក៏​អាច​ថា ​​ជា​​ការយក​ជើង​រា​ទឹក នៅពេលដែល​ខ្លួន​មិនបាន​ជួយ​​ចូកជួយ​ចែវ​គេនោះ ឬយ៉ាង​ណា​ដែរទេ ។ ​ជាក់ស្តែង​ក្នុង​រយៈ​ពេលប៉ុន្មាន​​ថ្ងៃនេះ​គេ​​ឃើញ​ក្រុម​អ្នក​ញៀន​​នឹង​ល្បែង​ស៊ី​សង​យ៉ាង​ងុប​ងល់​បាន​ ទៅ​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​ផ្ទះ​ថ្ម​មួយ​ក្នុង​ដីឡូត៍​តាមផ្លូវ​ក្រវាត់​​ក្រុងខាងជើង​ផ្សារ​ទំនើប​​ស្ ថិត​ក្នុងភូមិអញ្ចាញ សង្កាត់​អូរ​ចារ​​ ក្រុង​បាត់​ដំបង ។តាម​ការអះ​អាង​កាលពី​ព្រឹក​ថ្ងៃ​ទី៩ មករា ពី​ក្រុម​អ្នកលេង​ល្បែង​នោះថា វង់​ល្បែងថ្មី​នេះ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ដង្ខៅល្បែង​​ដ៏ធំ​ម្នាក់​​ទៀត​ឈ្មោះ​ធឿន ​និងក្រោម​កិច្ច​ការ​ពារ​សន្តិសុខ និងចំណាយ​ប្រាក់​សូកប៉ាន់​ដោយ​មន្ត្រី​ប៉េអឹម ខេត្ត​ម្នាក់ ​ដែលធ្លាប់ត្រូវ​បានមេល្បែង​ម្នាក់គប់​រថយន្ត​​ដោយ​កំប៉ុង​ទឹកក្រូច​កាលពី​ខែមុន ។ ក្រុម​អ្នក​លេង​ល្បែងបាននិយាយ​នៅ​ខាងមុខ​ផ្ទះបើក​ល្បែង​នេះថា មន្រ្តី​ប៉េ​អឹមខេត្ត​ម្នាក់នោះ​បាន​ចាត់ចែង​រួចរាល់​ហើយ​ក្នុង​ទំនាក់​ទំនង​ទៅ​ស្ថាប័ន​​ផ្សេងៗ​គ្នា​ដើម ្បី​បើកបនល្បែង​ថ្មីនេះ ហើយបន​ល្បែងនេះមានល្បែង​«ធួរ អាប៉ោង និងបៀ» ​។ ពួកគេ​ប្រាប់ថា មន្ត្រីប៉េ​អឹម​ម្នាក់​នោះ​បាន​មក​រៀប​ចំ​បណ្តាញ​អគ្គិសនី​​ចូលទៅ​ក្នុង​ផ្ទះថ្ម ដែល​មាន​របង​​បិទជិត​នោះ​រយៈ​ពេល​២​-៣​ថ្ងៃហើយ​ដើម្បី​ត្រៀម​បើក​​លេង​ល្បែង​ខាងលើ​នេះ ទាំ​ងយប់​ទាំងថ្ងៃតែម្តង ។​មិន​អាចទំនាក់​ទំនង​មន្ត្រីប៉េ​អឹម​រូបនោះ​ និង​បុរស​ឈ្មោះ​ធឿន ដែលគេអះ​អាង​ថា ជាអ្នក​រៀប​ចំ​បើកល្បែង​នេះ​បានទេ កាលពី​ព្រឹក​ថ្ងៃទី៩ មករា ក្នុងគ្រា​ដែលប៉េ​អឹម​រូបនេះ​​និងដង្ខៅល្បែង​ឈ្មោះ​ធឿន នេះ កំពុងមមាញឹកយ៉ាងខ្លាំង​ក្នុង​​ដំណើរការ​បើក​ល្បែង​ស៊ី​សង​របស់ពួកគេ ។ ទោះ​ជាបែបណា បើ​តាម​ការ​អះ​អាង​ពី​ក្រុមអ្នក​លេងល្បែង​នោះ​ថា បនល្បែង​នេះ​ទើប​ចាប់ផ្តើម​​ដំណើរ​ការ​​ជា​​ផ្លូវការ​កាលពី​ថ្ងៃទី៧ មករា ក្នុង​គ្រា​ដែល​មនុស្ស​​ទូទាំង​ប្រទេស​ឈប់សំរាក​ពីការ​ងារ​ដើម្បី​ចូល​រួម​អបអរ​សាទរ​ខួប​អនុស្សារីយ៍​លើក ទី៣២ថ្ងៃ​ជ័យ​ជំនះ​៧​មករា ។គេមិន​ទា​ន់​ដឹង​ថា តើ​ផែន​ការ​របស់មេ​ល្បែង​​ទាំង​២នាក់​ខាងលើនេះ អាច​ធ្វើ​ដំណើរទៅ​មុខ​រួច ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ដែល​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ត្រៀម​ចាំ​តែ​ក្របួច​នោះ ។ លោកជេត ​ វណ្ណនី ស្នង​ការ​រង​ខេត្តដែលកន្លង​មក​លោក​តែង​​ទទួល​បទបញ្ជា​​ពីស្នង​ការ​ខេត្ត​ឱ្យ​ចាត់វិធាន​ការ​ក្តៅ​លើការបង្ ក្រាប​បន​ល្បែង​ស៊ី​សង​មិន​ឈប់​ឈរនោះបានថ្លែងថា ស្នង​ការ​ដ្ឋាន​ខេត្ត​មិន​ពាក់​ព័ន្ធ​នឹងបន​ល្បែង​ស៊ី​សង​​ដែលទើប​បើកថ្មី​ខាង​លើនេះទេ ។ ​លោក​ស្នង​ការ​រង​រូបនេះ​បាន​បញ្ជាក់​​ថា លោក​នឹង​ធ្វើការ​បង្ក្រាប​​ភ្លាម​បើ​សិន​ជា​មានបទ​បញ្ជា​ពីលោក​ស្នង​ការ​ខេត្ត ចំពោះ​បនល្បែង​ខាងលើនេះ ។​សូម​បញ្ជាក់​ថា បើ​តាមសេចក្តី​រាយការណ៍​​ពី​ក្រុម​អ្នកលេង​ល្បែង​​​ដែលកំលាំង​ស្នងការដ្ឋាន​ខេត្ត​ចាប់​​កាលពី​ខែ​មុន​នៅឯ ​ឃុំ​​ភ្នំសំពៅ ​ស្រុក​បាណន់ បានឱ្យ​ដឹង​ថា ក្រោយ​ពីសមត្ថ​កិច្ច​​បំបែក​សំបុក​​ល្បែង​ធំៗ​របស់​ដង្ខៅ«៩៣» ​ និង​ដង្ខៅ«ម៉េង» ក្នុង​ក្រុងបាត់​ដំបង​ ពួក​អ្នកលេង​បានប្រមូលគ្នា​ទៅលេង​នៅស្រុក​មោង​ប្ញស្សី (ម្តុំ​ផ្សារ) នៅ​ឃុំ​​តាប៉ុន ស្រុក​សង្កែ​ និងស្រុក​គាស់​ក្រឡ ​ប៉ុន្តែ​ពេលនេះ​ក្រុម​អ្នក​លេង​ល្បែង​ទាំង​នេះ​បានមកប្រមូល​ផ្តុំ​គ្នានៅ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ជាថ្មី​ឡើងវិញ ព្រោះ​មាន​មន្ត្រីប៉េ​អឹមខេត្ត​ម្នាក់​ជា​​អ្នក​​ការ​ពារ​ធានាសន្តិសុខ ។ គេ​នៅ​រង់​ចាំ​មើលថា ​តើ​អាជ្ញាធរ​ខេត្ត​​អាច​លុបបំបាត់​​បនល្បែង​ស៊ី​សង​ខុស​ច្បាប់​នេះ​បានដែរ​ឬ​យ៉ាងណា ព្រោះ​នេះ​ជា​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៕