សុខភាពភ្នែក គឺជារឿងដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់គ្នា មិនថា មនុស្សប្រុស ស្រ្តី ចាស់ឬ ក្មេងនោះទេ។ អ្នកត្រូវតែថែរក្សា ភ្នែករបស់អ្នកឱ្យមានសុខភាពល្អ ជានិច្ច  ព្រោះថា ភ្នែកជាវត្ថុ ដ៏មានតំលៃមួយ ដែលអាចឱ្យអ្នក មើលឃើញអ្វីៗគ្រប់បែបយ៉ាង នៅលើភពផែនដីដ៏ស្រស់ស្អាតមួយនេះ។ ដូច្នេះ អ្នកត្រូវដឹងពីវិធីមួយចំនួន ដែលអ្នកជួយខ្លួនឯងបាន ឱ្យជៀសផុតពីជំងឺភ្នែក​ និង ការពារភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចការពារភ្នែករបស់អ្នក ពីពន្លឺកញ្ចក់កុំព្យួទ័រ៖

/

សំរាកភ្នែក៖ ក្រោកចេញពីមុខកញ្ចក់កុំព្យួទ័រ របស់អ្នក  រៀងរាល់ ៣០នាទីម្តង  រួចដើរចុះឡើង សំឡឹងរកមើល  រុក្ខជាតិពណ៌បៃតង  ដូចដើមឈើ   ដែលមាននៅជិតកន្លែងធ្វើការដើម្បីឱ្យភ្នែក របស់អ្នក បានសំរាកគ្រប់គ្រាន់។

យោងតាមអ្នកជំនាញផ្នែកភ្នែក នៅទីក្រុងញ៉ូយក បានឱ្យដឹងថា ការសំរាកភ្នែក រយៈពេលខ្លីគឺជាប្រសើរជាងរយៈពេលវែង ដោយសំរាក រយៈពេល ២ ទៅ៣នាទី រៀងរាល់១៥ ទៅ ២០នាទីនៅពេលអ្នកមុនកុំព្យួទ័រ និង៥នាទី រៀងរាល់ ៣០នាទីម្តង  និង ១០នាទី រៀងរាល់ ១ម៉ោងម្តង។

សំឡឹងមើលចុះឡើង៖ សំឡឹងមើល  អ្វីដែលនៅឆ្ងាយ ពីខ្លួនរបស់អ្នក  រយៈពេល ១០ទៅ១៥វិនាទី នៅពេលអ្នកមានអារម្មណ៍ក្តៅ ឬ ស្រវាំងភ្នែក ដោយសារនៅមុខកញ្ចក់កុំព្យួទ័រយូរពេក។

ធ្វើបែបនេះ ១០ដង ដោយសំឡឹងមើលវត្ថុអ្វីមួយ  រយៈពេល១០ ទៅ១៥វិនាទី រួចបិទបើកភ្នែករបស់អ្នករៀងរាល់ ១០ទៅ១៥វិនាទីម្តង វានឹងជួយ កាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែក។ ជាពិសេស សំរាប់អ្នកដែលធ្វើការងារជាមួយនឹងកុំព្យួទ័រតែម្តង៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ theatlantic