(បរទេស)៖ របកគំហើញវិទ្យាសាស្ត្រ លើផ្នែកវិជ្ជាពេទ្យសម័យថ្មី បានឲ្យដឹងថា ភេទរបស់មនុស្ស គឺជាគ្រឿងកំណត់ ភាពខុសប្លែកខាងសរីរាង្គ រវាងមនុស្សប្រុស និងមនុស្សស្រី។ ជាពិសេសភេទនីមួយៗ សុទ្ធសឹងតែមានការខុសប្លែកគ្នា លើបញ្ហាសុខភាពការ ប្រឆាំងទប់ទល់នឹងការរាតត្បាត ពីមេរោគខាងក្រៅ និងរក្សាព្យាបាល។
១-ភាពស្មុគស្មាញ នៃប្រព័ន្ធការពាររាងកាយៈប្រព័ន្ធការពាររាងកាយរបស់ស្រ្តី ពោរពេញទៅដោយភាពពិសេសជាងបុរស ដោយពុំអាចប្រៀបផ្ទឹមបានឡើយ។ ថ្វីបើគ្មានការពន្យល់បកស្រាយ ឲ្យបានដឹងច្បាស់តែតាមការសិក្សាផ្សេងៗ បញ្ជាក់ថា រាងកាយស្រ្តីមានការប្រឆាំងទប់ទល់នឹងមេរោគ ពីខាងក្រៅបានរឹងប៉ឹងជាងបុរស។ ជាពិសេស ស្រ្តីដែលកំពុងមានគភ៌ រឹតតែមានសមត្ថភាព ក្នុងការទប់ទល់នឹងមេរោគផ្សេងៗ បានយ៉ាងអស្ចារ្យ ដើម្បីការពារកូនខ្ចីក្នុងផ្ទៃ ឲ្យមានសុវត្ថិភាព។
២-បញ្ហាបេះដូងៈបុរសមានឱកាស នៃការកើតជំងឺបេះដូងច្រើនជាងស្រ្តី ថ្វីបើបេះដូងរបស់ស្រ្តីភេទអាចដកដង្ហើម បានខ្លីនឹងឆាប់ហត់ជាងបុរស តែស្ត្រីអាចមានឱកាសនៃការកើតជំងឺបេះដូង យឺតជាងបុរសដល់ទៅ១០ឆ្នាំឯណោះ។ អ័រម៉ូន អេសស្ត្រូចេន (Estrogen) ដែលមានសម្រាប់ស្រ្តី មានតួនាទីការពារឲ្យសរសៃឈាម យឺតស្វិតល្អ និងជួយឲ្យថ្លើម អាចកម្ចាត់ចោលកូឡេស្តូរ៉ល បានល្អប្រសើរ ដូច្នេះហើយទើបពុំមានខ្លាញ់កកស្ទះ នៅក្នុងសរសៃឈាម។
៣-ប្រដាប់បន្តពូជ:អវៈយវៈ និងអ័រម៉ូនដែលមានភាពចាំបាច់ សម្រាប់ការបន្តពូជ បានជួយទប់ស្កាត់លទ្ធភាព នៃការកើតជំងឺមហារីកស្បូន។ ក្រៅពីនេះ ការទទួលទានថ្នាំពន្យាកំណើត ក៏អាចជួយកាត់បន្ថយអត្រានៃ ការកើតជំងឺមហារីកស្បូន បានដែរ។ តាមការសិក្សាចុងក្រោយបំផុត បានឲ្យដឹងថា ការទទួលទានអាហារ ដែលមានជាតិខ្លាញ់តិច អាចជួយកាត់បន្ថយការប្រឈមមុខ នឹងជំងឺមហារីកស្បូនទៀតផង។
៤-ក្បាលជង្គង់ខ្សោយ:លោកវេជ្ជបណ្ឌិតបាននិយាយថា ក្បាលជង្គង់របស់ស្ត្រីមានភាពទន់ខ្សោយ ជាងក្បាលជង្គង់បុរស។ ជាពិសេសស្រ្តីដែលចូលចិត្តលេងកីឡាដូចជាបាល់បោះ រមែងមានក្បាលជង្គង់ផុយស្រួយ ឬឆាប់រងរបួសដោយងាយ ហើយថែមទាំងត្រូវប្រើរយៈពេលយូរ ក្នុងការព្យាបាលទៀតផង។ គ្រូពេទ្យផ្តល់ការយល់ឃើញថា រឿងនេះគួរតែមានការទាក់ទងទៅនឹង ករណីដែលស្រ្តីមានឆ្អឹងត្រគាងធំ ជាងបុរស។
៥-ចិត្តនិងអារម្មណ៍:ស្រ្តីមានទំនោរ នឹងកើតការតឹងតែង ក្នុងអារម្មណ៍ងាយជាងបុរស ហើយកត្តាសំខាន់ ដែលបង្កឲ្យមានអារម្មណ៍តឹងតែងនេះ គឺអាស្រ័យមកពីសភាពជីវិតនោះឯង។ ក្រៅពីនេះការសិក្សាស្រាវជ្រាវ ថែមទាំងបានរកឃើញថា ខួរក្បាលរបស់បុរសេ និងស្រ្តីខុសប្លែកគ្នាស្រឡះ ទាំងក្នុងរឿងអ័រម៉ូន និងជាតិគីមី។ អ័រម៉ូនអេសត្រូចេន នៅក្នុងខ្លួនស្ត្រី មានចំណែកជួយឲ្យស្រ្តីមានការចងចាំល្អ តែក្នុងពេលជាមួយគ្នាដែរ ក្រោយពេលអស់រដូវ ប្រសិនបើស្រ្តីពុំទទួលទានថ្នាំបង្កើនអ័រម៉ូនទេ និងអាចធ្វើឲ្យគេមានសភាពទ្រុឌទ្រោម ផ្នែកការចងចាំខ្លាំងជាងបុរស។ នេះមកពីអ័រម៉ូនអេសត្រូចេន មានតួនាទីជួយស្ថាបនាបណ្តាយ សរសៃប្រសាទ ក្នុងខួរក្បាលឲ្យកើត និងចម្រើនលូតលាស់ជាថ្មី ដើម្បីជំនួសផ្នែកដែលទ្រុឌទ្រោម ឬសឹករិចរឹល។
៦-មហារីកសុដន់ៈការសិក្សាស្រាវជ្រាវចុងក្រោយ បំផុតបានរកឃើញថា ប្រសិនបើគេកាន់តែអាចរកឃើញ អាការនៃជំងឺមហារីកបានឆាប់ប៉ុណ្ណាគេក៏អាចកាត់បន្ថយអត្រាប្រឈមមុខ នឹងគ្រោះថ្នាក់បានច្រើនប៉ុណ្ណោះដែរ។ ក្នុងពេលនេះអ្នកស្រាវជ្រាវកំពុងតែ សិក្សាឲ្យដឹងថា តើហ្សែន និងសរីរាង្គដទៃទៀត រួមទាំងបរិយាកាសបែបណាខ្លះ ដែលមានឥទ្ធិពលចំពោះការកើត និងចម្រើនលូតលាស់នៃជំងឺដុះសាច់នានា? ការប្រើប្រាស់ថ្នាំជំនួសអ័រម៉ូន អេសត្រូចេន ប្រភេទខ្លះគួរតែ មានចំណែកក្នុងការ ការពារការរីកលូតលាស់ នៃជំងឺដុំសាច់ផងដែរ។
៧-ប្រព័ន្ធរំលាយអាហារ:បើទោះជាបុរស និងស្ត្រី បរិភោគអាហារដូចគ្នាក៏ដោយ ក៏ស្រ្តីបានប្រើពេល ដើម្បីរំលាយអាហារយូរជាងបុរសដែល ទើបធ្វើឲ្យស្រ្តីមានការទល់លាមក ងាយជាងបុរស។ មូលហេតុនេះហើយ ដែលធ្វើឲ្យទឹកមាត់របស់បុរស និងស្រ្តីមានគុណសម្បត្តិ ផ្នែកគីមីខុសប្លែកគ្នា ធ្វើឲ្យការធ្វើដំណើររបស់អាហារ ពីមាត់ទៅកាន់អវៈយវៈរំលាយអាហារ របស់ស្រ្តីបានប្រព្រឹត្ត ទៅយឺតយ៉ាវជាងបុរសដែរ។
៨.ការឈឺចាប់ៈតាមការសិក្សាស្រាវជ្រាវ មានការកត់ត្រាទុកថា ស្រ្តីឆាប់ប៉ះពាល់ទៅនឹងការឈឺចាប់ បានងាយជាងបុរស។
៩.អាការឆ្អឹងពុកស្រ្តីមានការប្រែប្រួលផ្លាស់ប្តូរ នៃឆ្អឹងយឺតជាងបុរស។ សម្រាប់ស្រ្តីវ័យអស់រដូវលលាដ៏ក្បាល កាន់តែស្តើងចុះ ហើយកាន់តែមានការពុកផុយ ច្រើនឡើង។ ករណីនេះមកពីរាងកាយស្រ្តី ក្នុងវ័យអស់រដូវមានសមត្ថភាព ក្នុងការផលិត អេសត្រូចេនកាន់តែតិចតួច។
ដូច្នេះស្រ្តីដែលស្ថិតក្នុងវ័យនេះ គួរតែបរិភោគថ្នាំជំនួយអ័រម៉ូន អេសត្រូចេន ដើម្បីជួយការពាររោគឆ្អឹងពុក ដែលជាមូលហេតុមួយធ្វើឲ្យឆ្អឹងត្រគាក បែកដោយងាយផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថតឃីង