ការមិនសប្បាយចិត្ត គឺជាអារម្មណ៍ធម្មជាតិ ឬក៏ជាផ្នែកមួយនៃឥរិយាបទរបស់មនុស្ស ដែលបានសម្ដែងឲ្យឃើញ នៅពេលពួកគេកំពុងជួបទុក្ខព្រួយ ឬមានភាពតានតឹងក្នុងអារម្មណ៍។ តើអ្នកចង់ដឹងទេថា ស្ត្រីចូលចិត្តធ្វើអ្វីខ្លះ នៅពេលដែលពួកគេមិនសប្បាយចិត្ត? ខាងក្រោមនេះ ជាទង្វើទាំង ១០យ៉ាង ដែលស្រ្ដីតែងធ្វើនៅពេលមិនសប្បាយចិត្ត៖

១. យំ

ការយំខណៈពេលមិនសប្បាយចិត្ត គឺជារឿងធម្មតាទៅហើយ ចំពោះស្ត្រី ដើម្បីជួយធ្វើឲ្យពួកគេអាចរសាយពីទុក្ខ ឬការមិនសប្បាយចិត្តបាន។

២. ដើរទិញឥវ៉ាន់

ជាទូទៅស្ត្រីភាគច្រើន តែងជៀសមិនផុតទេ អំពីការដើរទិញឥវ៉ាន់ អំទ្បុងពេលមានអារម្មណ៍មិនសប្បាយចិត្ត ដោយសារពួកគេគិតថា តាមរយៈការដើរសម្លឹងមើលវត្ថុដែលថ្មី ហើយប្លែកៗជាច្រើននៅលើទីផ្សារ អាចជួយឲ្យធូរស្បើយក្នុងអារម្មណ៍។

៣. ទូរស័ព្ទទៅរកម្ដាយ

វាពុំមែនជារឿងចម្លែកអីទេ បើនិយាយអំពីទំនាក់ទំនងរវាងម្ដាយ និងកូនស្រី ដែលជាចំណងមេត្រីភាពមួយ មិនអាចកាត់ថ្លៃបាននោះ។ ហេតុដូចនេះ ការទូរស័ព្ទទៅរកម្ដាយ ដោយប្រាប់អំពីរឿងមិនសប្បាយចិត្តដល់គាត់ គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីឲ្យគាត់ជួយផ្ដល់យោបល់ និងដោះស្រាយបញ្ហាទាំងនោះ។

៤. ទៅរកមិត្តភក្តិ

ពិតណាស់ថា មិត្តភក្ដិបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយដោះស្រាយបញ្ហារបស់មិត្តភក្ដិទៅវិញទៅមក ខណៈពេលដែលពួកគេកំពុងមានអារម្មណ៍មិនសប្បាយចិត្ត។

៥. នៅតែម្នាក់ឯង

សម្រាប់ស្ត្រីមួយចំនួន បានយល់ឃើញថា ការស្ថិតនៅទីកន្លែងដ៏ស្ងៀមស្ងាត់តែម្នាក់ឯង ខណៈពេលមិនសប្បាយចិត្ត អាចជួយឲ្យពួកគេមានអារម្មណ៍ប្រសើរទ្បើង បន្ទាប់ពីការស្វែងរកដំណោះស្រាយបញ្ហា បានដោយខ្លួនឯងផ្ទាល់។

៦. ជះកំហឹងដាក់គ្រួសារ

ហេតុការណ៍មួយនេះ តែងកើតមានទ្បើងជាញឹកញាប់ចំពោះស្ត្រី អំទ្បុងពេលដែលនាងមានអារម្មណ៍មិនសប្បាយចិត្ត ដោយសារតែបរិយាកាសខាងក្រៅដូចជា សម្ពាធការងារ ឬបញ្ហាផ្សេងៗទៀត អាចនឹងធ្វើឲ្យនាងយកបញ្ហាទាំងនេះ មកជះកំហឹងដល់សមាជិកនៅក្នុងក្រុមគ្រួសារ ដើម្បីរំសាយកំហឹងចេញពីក្នុងខ្លួន។

៧. និយាយពាក្យអសុរោះ

ដោយសារតែភាពតប់ប្រមល់ ឬកំហឹងនៅក្នុងខ្លួន អាចនឹងធ្វើឲ្យស្ត្រីនិយាយពាក្យអាក្រក់ៗជាច្រើន ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនរបស់នាង។

៨. ស្ដាប់តន្ត្រី

ស្រ្តីភាគច្រើនចូលចិត្តស្ដាប់តន្ត្រី នៅពេលដែលពួកគេ មានអារម្មណ៍ថា ធុញថប់ ព្រោះតាមរយៈសូរសំនៀង និងសំលេងដូរតន្ត្រី អាចជួយឲ្យពួកគេស្រស់ថ្លានៅក្នុងអារម្មណ៍បាន។

៩. បរិភោគការ៉េមច្រើនខុសធម្មតា

អ្នកប្រហែលជាឆ្ងល់ហើយថា ម៉េចបានជាស្ត្រីចូលចិត្តបរិភោគការ៉េម ឬសូកូឡា នៅពេលមិនសប្បាយចិត្ត? គឺដោយសារតែភាពត្រជាក់ និងជាតិផ្អែម ដែលមាននៅក្នុងរបស់ទាំងនោះ អាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍។

១០. បោះបោករបស់របរ

ពេលខ្លះកំហឹង អាចនឹងធ្វើឲ្យស្រ្តី បាត់បង់ម្ចាស់កាលើខ្លួនឯងបាន ដែលអាចឈានទៅរកការបោះបោក របស់របរជុំវិញខ្លួននាងក៏មានដែរ៕

/

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី