ខេត្តបន្ទាយមានជ័យ ៖ កុមារាម្នាក់មានអាយុ១២ឆ្នាំ ទៅជីកកណ្តុរត្រូវបានពស់វែកដំបូកប៉ុនមេដៃចឹកស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរី ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៤ មករា ឆ្នាំ២០១១ នៅវាលស្រែចំងាយ៥០០ម៉ែត្រ ពីភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ។ បើតាមរបាយការណ៍របស់លោកអនុសេនីយ៍ទោដោក ខាំ នាយប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កុមារារងគ្រោះដែលត្រូវពស់វែកដំបូកចឹកស្លាប់នោះឈ្មោះម៉ៅ សុរា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាឃុំផ្គាំ មានទីលំនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ។តាមសំដីឪពុកម្តាយរបស់កុមារារងគ្រោះបានបំភ្លឺថា នៅពេលកូនប្រុសគាត់ហូបបាយរួចក៏យកចបទៅដើររកជីកសត្វកណ្តុរដើម្បីយកមកធ្វើម្ហូបពេល ល្ងាច ដោយមានមិត្តភក្តិរបស់គេចំនួន៦នាក់ទៀតទៅជាមួយគ្នា ។ លុះនៅវេលាម៉ោង៣រសៀល ស្រាប់តែឃើញក្មួយប្រុសឈ្មោះចាប ប៊ុនឈិញ អាយុ១៣ឆ្នាំ នៅភូមិជាមួយគ្នាអៀវកូនប្រុសរបស់គាត់មកដល់ផ្ទះ ហើយនិយាយប្រាប់ពួកគាត់ទាំងត្រហេបត្រហបថា កូនគាត់ត្រូវពស់វែកដំបូកចឹក ។ គ្រាន់តែឮភ្លាមគាត់ទាំង២នាក់ក៏រួសរាន់យកកូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពក ម្ពុជា-ជប៉ុន ។ ពេលយកទៅដល់មន្ទីរពេទ្យ ទោះបីគ្រូពេទ្យនៅទីនោះខិតខំសង្គ្រោះយ៉ាងណាក៏ពុំអាចជួយជីវិតកូនប្រុសរបស់គាត់បានដែ រ ព្រោះជាតិពិសដ៏សាហាវនោះវាជ្រាបចូលសព្វសពាង្គកាយអស់ទៅហើយ ធ្វើឱ្យឈាមកកចាក់ថ្នាំលែងចូល ហើយកូនប្រុសគាត់ក៏បានស្លាប់នៅវេលាម៉ោង៩យប់នាថ្ងៃដដែល ។បើតាមការរៀបរាប់របស់មិត្តភក្តិកុមាររងគ្រោះដែលបានទៅជីកកណ្តុរជាមួយគ្នាបានឱ្យដឹ ងថា មុនដំបូងឈ្មោះម៉ៅ សុរា បានជីករន្ធកណ្តុរមួយ រួចហើយពួកគេទាំងអស់គ្នាក៏នាំគ្នាដងទឹកទៅចាក់រន្ធកណ្តុរនោះ ពេលកណ្តុរចេញចាប់មិនទាន់ ព្រោះវារត់ចូលរន្ធមួយទៀត ហើយក៏ជីករន្ធនោះទៀត និងដងទឹកចាក់ដូចមុន ហើយលើកនេះកុមារារងគ្រោះយកដៃលូកចូលរន្ធក៏ចាប់កណ្តុរនោះបាន ហើយបោកងាប់ ។ ជាមួយគ្នានោះ ទឹកនៅក្នុងរន្ធចេះតែរង្គើ ដោយស្មានតែសត្វកណ្តុរនៅមានទៀត កុមារារងគ្រោះក៏លូកដៃចូលម្តងទៀត ស្រាប់តែត្រូវពស់ចឹកតែម្តង ។ ពេលនោះដោយមានការឈឺចុកចាប់ កុមារារូបនេះក៏រត់សំដៅទៅផ្ទះ ប៉ុន្តែបានតែចំងាយប្រហែល១០០ម៉ែត្រ ពីកន្លែងជីក ក៏ដួលព្រូសតែម្តង ហើយឈ្មោះចាប ប៊ុនឈិញ ក៏លើកអៀវរត់ទៅផ្ទះ ឯគ្នីគ្នាគេ៥នាក់ទៀតក៏យកឈើចាក់ក្នុងរន្ធនោះ ធ្វើឱ្យសត្វពស់ដ៏សាហាវនោះចេញមក រួចពួកគេក៏វាយទាល់តែងាប់ ហើយយកទៅក្នុងភូមិដុតចោលតែម្តង ។ លោកនាយប៉ុស្តិ៍ដដែលបានបញ្ជាក់ថា សាកសពកុមារារងគ្រោះត្រូវបានឪពុកម្តាយយកមករៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមតំណក់ទឹកភ្នែក និងក្តីអាលោះអាល័យជាពន់ពេកព្រោះគ្រួសារនេះមានកូនប្រុសតែ២នាក់ប៉ុណ្ណោះ ឯកុមារារងគ្រោះនេះគឺជាកូនពៅ ៕
