ខេត្ត​កំពង់​ឆ្នាំង​ ៖ កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​ត្រូវ​​ស្ត្រី​ពុំ​ស្គាល់​មុខ​នាំ​​ទៅ​ដោះ​យក​គ្រឿង​អលង្ការ​រួចទុក​ចោល​ចំងា យ​រាប់​សិប​គីឡូ​ម៉ែត្រ​ពី​សាលា​រៀន​របស់​នាង​​ ។ ការ​បាត់​ក្មេង​ស្រី្តនេះ​នៅ​​ម៉ោង​ប្រមាណ​២​រសៀល​ ថ្ងៃ​ទី​១២ មករា ហើយ​ឪពុក ម្តាយ​ និង​ប៉ូលិស​ព្យា​យាម​តាមរក​​ និង​ប្រ​កាស​តាម​វិទ្យុ​ទាក់​ទង​​ពេញ​ខេត្ត​កំពង់ឆ្នាំង​ ។ លោក​ហ៊ុល វាសនា អធិការ​រង​ក្រុង​កំពង់​ឆ្នាំង​​​ដែល​​ស្វះ​ស្វែង​រក​កុមារី​នោះ​ឱ្យ​ដឹង​ថា នាង​ឈ្មោះ​លី​ រចនា អាយុ​៦​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​លី សែន ​ទី​លំនៅ​​ក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ ។នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃទី​១២ ខែ​មករា ​ជីតាបាន​ដឹក​កុមារី​រង​គ្រោះ​ទៅ​​សាលា​គំរូ​ក្រុង​ដើម្បី​រៀន​គួ​ថ្នាក់​ទី​១ ប៉ុន្តែអត់​​ទាន់​ជួប​គ្រូគាត់​ឱ្យ​​ចៅ​ស្រី​​លេង​នៅ​​មុខ​ថ្នាក់​រៀន ​។ លុះ​​ដល់​ម៉ោង​ជាង​២​រសៀល​​ឪពុក​ ម្តាយ​ទៅ​​យកនាង​​ទៅ​ផ្ទះ​ស្រាប់​តែ​បាត់​ពី​សាលា​​ហើយ​​ ប្តឹង​ប៉ូលិស​ឱ្យជួយ​​រក​គ្រប់​ច្រក​ល្ហក ​​។ ប៉ូលិស​ជូន​ឪពុក​ ម្តាយ​ដើរ​រក​​តាម​ទី​កន្លែង​ដែល​សង្ស័យ ប៉ុន្តែ​រក​​ក្មេង​ស្រី​នោះ​ពុំ​ឃើញ​ឡើយ​ ។លោក​អធិការ​រង​បន្ត​ថា រហូត​ដល់​​ម៉ោង​ប្រហែល​៦ និង​៣០​នាទី​ល្ងាច​ទើប​​ទទួល​ដំណឹង​ថា ​នៅ​សាលា​រៀន​មួយ​ក្នុង​ស្រុក​ពញា​ឮ​ខេត្ត​កណ្តាលប្រទះ​ឃើញ​​កុមារី​ម្នាក់​ ។ បុរស​ជា​ឪពុក​​ទូរ​ស័ព្ទ​ទៅ​ប្អូន​ប្រុស​នៅ​តំបន់​ព្រែក​ព្នៅ​​ជិត​សាលា​រៀន​នោះ​ឱ្យ​ទៅ​មើល​ក៏​ដឹង​ច្បាស ់​ថា ជា​ក្មេង​ស្រី​ដែល​បាត់​ខ្លួន ​។ ដឹង​ដូច្នេះ​​បុរស​ជា​ឪពុក​បាន​​ទៅ​យកកូន​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ លោក​អធិការ​រង​រៀប​រាប់​ថា កុមារី​អាយុ​៦​ឆ្នាំរៀប​រាប់​ថា នៅ​ពេល​ជីតា​យក​ទៅ​ដាក់​មុខ​ថ្នាក់​រៀន ​ដោយ​ពុំ​ទាន់​ឃើញគ្រូ​​មក ​នាង​ដើរ​ចេញ​ទៅ​​​ក្រៅ​សាលា​បំណង​ទិញនំ​​ហូប​ ។ ពេល​ចេញ​ដល់​​ខ្លោង​ទ្វារ​សាលា​​នាង​​ជួប​ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​​សង់​កូរ៉េ​ពណ៌​ក្រហម​ ហៅ​ឈ្មោះ​​នាង​ចំ​តែ​ម្តង​ថា «រចនា​ទៅ​តាម​តាចាំមីង​ជូន​ទៅ» ។ដោយ​ស្ត្រី​នោះ​ដឹក​រូប​នាងខុស​ផ្លូវ​នាង​ប្រាប់​​ថា «ខុស​ផ្លូវ​ទៅ​ផ្ទះ​តា​ខ្ញុំ​ហើយ​» ។ ទោះ​ជា​យ៉ាង​ណា​​ក្តី​ ស្ត្រី​នោះ​នៅ​​​តែ​បើកម៉ូតូ​ឌុប​នាង​ទៅ​ទុក​​ក្នុង​សាលា​រៀន​មួយ​​ ដោយ​និយាយ​ថា «បនិ្តច​ទៀត​ឪពុក​ ម្តាយ​ឯង​មក​យក​ហើយ​» ។ ប្រភព​ដដែល​បន្ត​ថា ស្ត្រី​ម្នាក់​នោះ​បាន​ដោះ​យក​កង​ដៃ​ប្លា​ទីន​ និង​ក្រវិល​បា្លទីន​ពី​កុមារី​រង​គ្រោះ ដែល​មាន​តំលៃ​តិច​តួច​ប៉ុណ្ណោះ​​ ។ ក្រោយ​​រឿង​ហេតុ​​នោះ​កើត​ឡើង​ប៉ូលិស​បាន​ណែ​នាំ និង​ជូន​ដំណឹង​ដល់​គ្រប់​សាលា​រៀន​ឱ្យ​លោក​គ្រូ​ អ្នក​គ្រូ​​ប្រុង​ប្រយ័ត្ន​សំរាប់​អ្នក​ទៅ​ទទួល​​យក​ក្មេង ​៕