ខេត្តពោធិ៍សាត់ ៖ ជនទំនើងចំនួន៣នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប៉ុនប៉ងប្រព្រឹត្តអំពើមនុស្សឃាត ដោយចេតនាដោយប្រើកាំបិត និងពូថៅដេញកាប់អ្នកបររទេះ ប៉ុន្តែដោយអ្នកបររទេះគេចផុត ក៏ត្រូវក្របីដែលកំពុងអូសរទេះ។ ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ មករា នៅភូមិក្សេត្យបូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ លោកអនុសេនីយ៍ឯក សូ សាហុង អធិការរងនគរបាលស្រុកភ្នំក្រវាញ ទទួលផែនយុត្តិធម៌ឲ្យដឹងថា ជនទាំង៣នាក់នេះ មាន១-ឈ្មោះកន ចាន់រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាជនដៃដល់ ២-ឈ្មោះផាន់ នី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង៣-ឈ្មោះចាន់ ធូ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសំរោង ឃុំសំរោង ខេត្តតាកែវ។ ពួកគេទាំង៣នាក់ មកធ្វើជាកម្មករឱ្យក្រុមហ៊ុននៅស្រុកភ្នំក្រវាញ ហើយត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងកាំបិត២ និងពូថៅ១។តាមពាក្យបណ្ដឹងរបស់បុរសឈ្មោះម៉េត ម៉ៅ អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ បានរៀបរាប់ថា កាលពីថ្ងៃទី១៦ មករា វេលាម៉ោង៣និង៣០នាទីរសៀល ខណៈគាត់កំពុងបររទេះក្របីមកដល់ចំណុចអូរបែកភ្នែកឃើញមនុស្សមួយក្រុមកំពុងអង្គុយផឹកស្រាក្នុងព្ រៃ ក៏សួរថា ពួកឯងទៅណា ហើយកំពុងនាំគ្នាធ្វើអ្វីនៅទីនេះ? ដោយសួរពីរបីម៉ាត់មិនឆ្លើយ គាត់ក៏និយាយថា ពួកឯងគ ឬថ្លង់បានជាសួរមិននិយាយ។ ភ្លាមនោះ ស្រាប់តែពួកគេទាញកាំបិត និងពូថៅ ស្ទុះមកកាប់យ៉ាងកំរោល ប៉ុន្តែគាត់គេចផុតក៏ត្រូវក្របីដែលកំពុងអូសរទេះ បណ្ដាលឲ្យមុតយ៉ាងជ្រៅ រួចហើយនាំគ្នាគេចបាត់អស់ចំណែកគាត់ក៏ទៅប្ដឹងសមត្ថកិច្ចទៅ។ចំណែកជនទាំងបីនាក់បានសារភាពថា នៅរសៀលថ្ងៃនោះពួកគេមានគ្នា៤នាក់ បាននាំគ្នាផឹកស្រាអស់ចំនួន៤លីត្រតាំងពីម៉ោង១រហូតដល់ម៉ោង៣និង៣០នាទីរសៀល។ ខណៈពេលពួកគេកំពុងស្រវឹងស្រា ស្រាប់តែឈ្មោះម៉េត ម៉ៅ បររទេះមកដល់ដៀលពួកគេថា គ-ថ្លង់ធ្វើឲ្យពួកគេខឹងក៏ទាញកាំបិតដេញកាប់ តែគេចផុតក៏ត្រូវក្របី រួចហើយក៏នាំគ្នាទៅធ្វើការនៅឯក្រុមហ៊ុនវិញធម្មតា។ លុះស្អែកឡើង ស្រាប់តែសមត្ថកិច្ចទៅឃាត់ខ្លួនទាំង៣នាក់តែម្ដង ឯបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។ លោកវរសេនីយ៍ត្រី ម៉ូ លីដា ប្រធានការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្ត បានធ្វើការសន្និដ្ឋានថា ជនទាំង៣នាក់ ពិតជាមានចេតនាប៉ុនប៉ងប្រព្រឹត្តអំពើមនុស្សឃាតទៅលើអ្នកបររទេះឈ្មោះម៉េត ម៉ៅ ប្រាកដមែន តែដោយសារគាត់គេចផុតក៏ត្រូវក្របី។ តាមក្រមព្រហ្មទណ្ឌក្នុងមាត្រា១៩៩ គឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។ ជនទាំងបីនាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តនាថ្ងៃទី១៩ មករា ឆ្នាំ២០១១ ដើម្បីចាត់ការតាមច្បាប់៕
