Cecilia Sue ដែលជាចំណុចកណ្ដាលនៃរឿងអាស្រូវផ្លូវភេទរបស់មន្ដ្រីជាន់ខ្ពស់នៃប្រទេសសឹង្ហបុរី បានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីធ្វើជាសាក្សី ដោយរៀបរាប់ ពីហេតុការណ៍ដែលខ្លួនត្រូវរួមភេទជាថ្នូរនឹងការទទួលបានកិច្ចព្រមព្រាង។
Cecilia Sue អាយុ ៣៦ឆ្នាំ ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័រដល់ស្ថាប័ននានារបស់រដ្ឋាភិបាល បានអោយដឹងថា លោក Ng Boon Gay មន្ដ្រីម្នាក់របស់អង្គភាពប្រឆាំងគ្រឿងញៀនរបស់ប្រទេសសឹង្ហបុរី បានបង្ហើបពីព័ត៌មានអាថ៌កំបាំងដើម្បីជួយអោយនាងទទួលបានកិច្ចព្រមព្រៀងមួយ ខណៈដែលលោក Ng Boon Gay នៅជាអគ្គនាយកនៃអង្គភាពប្រឆាំងគ្រឿងញៀន ឆ្នាំ ២០១១។
Cecilia Sue ឡើងតុលាការថ្ងៃទីបី នៃការកាត់ទោសអតីតប្រធានអង្គភាពប្រឆាំងគ្រឿងញៀន
ចៅក្រមស៊ើបអង្កេតរបស់តុលាការសឹង្ហបុរី អោយដឹងថា ជនជាប់ចោទ Ng Boon Gay បានទាមទាររួមភេទតាមមាត់ ៤លើក ជាមួយនិងនាង Cecilia Sue ទើបខ្លួនអាចជួយនាំមកនូវប្រយោជន៍ដល់ក្រុមហ៊ុនរបស់នាងក្នុងការដេញថ្លៃផ្គត់ផ្គង់កុំព្យូទ័រដល់អង្គភាព ប្រការនេះបានបំពាន់ទៅលើច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ។ ភ័ស្ដុតាងទាំងឡាយបានបញ្ជាក់កាលពីថ្ងៃទី ២៧ កញ្ញាថា ពួកគេធ្លាប់រួមភេទពិតប្រាកដចំនួនមួយដង។
នៅពេលត្រូវបានសួរថា តើលោក Ng Boon Gay មានឥទ្ធិពលដល់ការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ផ្នែករឹង និងផ្នែកទន់របស់កុំព្យូទ័រ ទៅអោយអង្គភាពប្រឆាំងគ្រឿងញៀន នាង Cecilia Sue ឆ្លើយថា មាន។
Cecilia Sue នឹងត្រូវឡើងតុលាការធ្វើសាក្សីបន្ដ នៅក្នុងការកាត់ក្ដីលោក Ng Boon Gay នៅថ្ងៃទី ១ តុលាខាងមុខ។
Ng Boon Gay ចាកចេញពីតុលាការ។ រូប ៖ Straitstimes
គួររំលឹកថា លោក Ng Boon Gay អាយុ ៤៦ឆ្នាំ ជាអតីតប្រធានអង្គភាពប្រឆាំងការជួញដូរគ្រឿងញៀនជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១២ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹតរឿងផ្លូវភេទជាមួយនាង Cecilia Sue ៤ដង ជាថ្នូរនឹងការផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុននាង។ លោក Ng Boon Gay គឺជាមន្ដ្រីជាន់ខ្ពស់ រដ្ឋាភិបាលទីពីរដែលប្រឈមនឹងការចោទប្រកាន់ពីករណីទាក់ទឹននិងរឿងផ្លូវភេទ ក្នុងឆ្នាំនេះ នៅប្រទេសសង្ហបុរី៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE