គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក រៀបចំសន្និសីទសារព័ត៌មានស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ “បើពិសាគ្រឿងស្រវឹង កុំបើកបរ”

ភ្នំពេញ, ថ្ងៃទី០១ តុលា ឆ្នាំ២០១២ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មាន សហការជាមួយអង្គការសុខភាពពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ ដោយដាក់សារដ៏ច្បាស់លាស់ និងសាមញ្ញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនា   បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “​បើពិសាគ្រឿងស្រវឹង កុំបើកបរ”។​

width=448

សន្និសីទសារព័ត៌មាននេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តន៍នូវគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក១០ប្រទេស រួមទាំងប្រទេសកម្ពុជា ដែលមានគោលបំណងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដោយកាត់បន្ថយការស្លាប់ ប្រមាណជាង ១,៨០០នាក់ និងការរងរបួសធ្ងន់ធ្ងរ ៦,៧០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ។ សនិ្នសីទសារព័ត៌មាននេះ មានគោលបំណងលើកកំពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសយុវវ័យជំទង់ និងមនុស្សពេញវ័យអំពីផលបច្ច័យអាក្រក់នៃការប្រើប្រាស់គ្រឿងស្រវឹងដែលជាកត្តាគ្រោះថ្នាក់ចំបងមួយនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

នៅលើសកលលោកមានប្រជាជនប្រមាណ ១,៣លាននាក់រួមទំាងបុរស ស្រ្តី និងកុមារ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយប្រមាណជា ៥០លាននាក់បានរងរបួស ដែលអ្នកខ្លះត្រូវពិការអស់មួយជីវិត យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Pieter JM Van Maaren តំណាងអង្គការសុខភាពពិភពលោកប្រចំាប្រទេស កម្ពុជា។ ជាង៩០%នៃអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅក្នុងប្រទេសមានប្រាក់ចំណូលទាប និង​មធ្យម។

បន្ថែមទៅលើសោកនាដកម្មដែលគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើង វាក៏បានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ច របស់ជនរងគ្រោះ និងគ្រួសារ ព្រមទាំងសង្គមជាតិទំាងមូលផងដែរ។ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប និង មធ្យម ការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់៦៥ពាន់លានដុល្លាក្នុងមួយឆ្នាំ។

width=448

រៀងរាល់ឆ្នាំជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណ១លាននាក់ ត្រូវសំរាកព្យាបាលជាច្រើនសប្តាហ៍ នៅក្នុងមន្ទីរពេទ្យ ហើយជនរងគ្រោះមួយចំនួនបានបាត់បង់ជីវិត ហើយជនរងគ្រោះមួយចំនួនទៀតមិនអាចទៅធ្វើការងារវិញបាន ឫក៏លេងកំសាន្តដូចដែលពួកគេធ្លាប់បានធ្វើ។ ការពិសារគ្រឿងស្រវឹង គឺជាកត្តាគ្រោះថ្នាក់ចំបងមួយដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប អ្នកបើកបរយានយន្តដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងពី៣៣% ទៅ៦៩% មានកម្រិតជាតិ   អាល់កុលខ្ពស់នៅក្នុងឈាម។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានប្រសាសន៍ថានៅក្នុងប្រទេសកម្ពុជា  តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចំាឆ្នាំ២០១១ បានឲ្យដឹងថាមានជនរងគ្រោះ សរុបដល់ទៅចំនួន ១៦,៦៥៤នាក់ ដែលក្នុងនោះបាត់បង់ជីវិតចំនួន ១,៩០៥នាក់ និង របួសធ្ងន់ចំនួន ៥,៨០៧នាក់ គិតជាមធ្យមចំនួនអ្នកស្លាប់ច្រើនជាង៥នាក់ និងរបួសធ្ងន់១៦នាក់ក្នុងមួយថ្ងៃ ហើយការរងរបួស និង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំមិនឈប់ឈរ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១១ បានធ្វើឲ្យកម្ពុជាខាតបង់ថវិការហូតដល់ទៅ ៣១០លានដុល្លាសហរដ្ឋអាមេរិក។

ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង គឺជាកត្តាគ្រោះថ្នាក់ចំបងទីពីរបន្ទាប់ពីការបើកបរហួសល្បឿនកំណត់​ ដែល បង្កឲ្យមានការស្លាប់រហូតដល់១៤%។ ប្រមាណ ៦៦%នៃអ្នកស្លាប់ដោយការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹងមានអាយុ ពី១៥-៣៤ឆ្នាំ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការពិសាគ្រឿងស្រវឹង សូម្បីតែក្នុងកម្រិត តិចតួចក្តី អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់ខ្លួនឯង និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ។ អ្នកស្រវឹង អាចបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ឬក៏ធ្វើឲ្យពួកគេមានគ្រោះថ្នាក់ចរាចរណ៍ ឬបង្កអំពើហឹង្សាដល់គ្រួសារ ញាត្តិសន្តាន មិត្តភ័ក្រ្ត ឬអ្នកធ្វើការជាមួយគ្នា។

ដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់​ខ្ពស់​របស់​ សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមការអនុវត្ត​សកម្មភាពសុវត្ថិភាពចរាចរណ៍ជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួង​ព័ត៌មាន សូមជូនដំណឹងដល់គ្រប់ប្រព័ន្ធផ្សព្វ​ផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ព្រមទំាងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ពាក់ព័ន្ធគ្រឿងស្រវឹង ត្រូវអនុវត្តនូវ​សារ​សុវត្ថិ​ភាពចរាចរណ៍ ដែលមាន​ដូចខាងក្រោម ៖

១-រាល់ការផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ តាមទូរទស្សន៍ ត្រូវឲ្យមានផ្សាយជា​អក្សរ និង​សម្លេង ឲ្យមានរយៈពេលយ៉ាងតិចបំផុត ០២(ពីរ) វិនាទី ។ អក្សរ និងសម្លេង គឺនៅពេល​​ចុងបញ្ចប់នៃការផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ ត្រូវមានបញ្ចាំង​អក្សរ និងបន្លឺសម្លេង​ព្រមៗ​គ្នា៖​ “បើពិសាគ្រឿងស្រវឹង កុំបើកបរ ”

២-ហាមការផ្សព្វផ្សាយបែបអូសទាញលើកទឹកចិត្តយុវជនវ័យជំទង់ និងមនុស្ស​ពេញ​វ័យ​ ​​ឲ្យពិសា​គ្រឿង​ស្រវឹង តាមរយៈការផ្តល់រង្វាន់ជាសាច់ប្រាក់ ឬជាវត្ថុប្រើប្រាស់ផ្សេងៗជាដើម ។

គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក១០ប្រទេសនេះ ត្រូវបានឧបត្ថម្ភថវិកាដោយ​ មូលនិធិប្ល៊ូមប៊ឺគភីលែនត្រូភី (Bloomberg Philanthropies) និងក្រោមការផ្តល់ជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក ដែលបានចាប់ផ្តើម ឡើងតំាងពីឆ្នាំ២០១០។ គម្រោងនេះ ផ្តោតទៅលើកត្តាគ្រោះថ្នាក់ចំបងចំនួនពីរ ដែលបង្កឲ្យមានការកើនឡើងនូវការរំលោភ ច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរគឺ៖ ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព។ គម្រោងនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក អង្គការដៃគូសុវត្ថិភាពចរាចរណ៍សាកល មហាវិទ្យាល័យចនហបគីន និងដៃគូសុវត្ថិភាពចរាចរណ៍ដទៃទៀត។

ប្ល៊ូមប៊ីគភីលែនត្រូភី ធ្វើការលើកស្ទួយវិស័យចំនួន ប្រាំនៅលើសកលលោកគឺ៖ វិស័យសិល្បៈ វិស័យអប់រំ វិស័យបរិស្ថាន ផ្នែកគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល និងវិស័យសុខភាពសាធារណៈ។

ដើម្បីយល់ដឹងបន្ថែមសូមអានគេហទំព័រ​ http://bloombergdotorg.tumblr.com/about/ .

ចំពោះព័ត៌មានបន្ថែមសូមទាក់ទង៖

- លោកស្រី ម៉ែន ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ​nrsc@roadsafetycambodia.info  - លោក ស្ទីវិន អ៊ីឌីង ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ និង​បង្ការរបួស IddingsS@wpro.who.int - លោកវេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈ មន្រ្តីបច្ចេកទេសសុវត្ថិភាពចរាចរណ៍ និងបង្ការរបួស saos@wpro.who.int  ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ nrsc