រាជធានីភ្នំពេញ ៖ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃចុងសប្តាហ៍ និងជាពេលដែលសមត្ថកិច្ចគ្រប់បណ្តាខណ្ឌនានាទូទាំងរាជធានី មានការប្រុងប្រយ័ត្នខ្ពស់បំផុតជាងថ្ងៃផ្សេងៗទាំង៥ទៀត ព្រោះថ្ងៃទាំង២ខាងលើ គឺជាពេលដែលមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករ កម្មការិនីរោងចក្រកាត់ដេរនានាស្ទើរតែគ្រប់ផ្នែកទាំងអស់ឈប់សំរាក។ ហើយអ្នកខ្លះធ្វើដំណើរចេញទៅកំសាន្តនៅតាមបណ្តារមណីយដ្ឋានខេត្តនានា និងភាគច្រើនទៀតទៅទិញអីវ៉ាន់ ម្ហូបអាហារ និងរបស់របរគ្រឿងអលង្ការនៅតាមទីផ្សារ ដែលជាឱកាសល្អសំរាប់ឱ្យក្រុមចោរលួច ចោរប្លន់ ឬចោរលូកហោប៉ៅ ចោរឆក់គ្រប់ប្រភេទធ្វើសកម្មភាព។ ជាងនេះទៅទៀតសមត្ថកិច្ចបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនៅតាមតូបលក់មាស និងប្តូរប្រាក់ក្នុងផ្សារតែម្តង ព្រោះនៅថ្ងៃឈប់សំរាកមានអ្នកចូលទិញច្រើន ហើយក្រុមចោរអាចបន្លំខ្លួនជាមួយអ្នកទិញ បន្ទាប់មកធ្វើសកម្មភាពប្លន់បានដោយមិនឱ្យយើងដឹងខ្លួន។ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ សមត្ថកិច្ចខណ្ឌដង្កោ ដែលជាខណ្ឌមួយរបស់រាជធានីដែរ បានឱ្យដឹងថា ខណ្ឌដង្កោ ក៏ដូចជាខណ្ឌដទៃទៀត គឺបានទទួលនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ពីថ្នាក់លើឱ្យប្រុងប្រយ័ត្នគ្រប់ពេលវេលា ជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ គឺត្រូវតែបង្កើនការការពារឱ្យអស់ពីលទ្ធភាពជូនប្រជាពលរដ្ឋទូទៅ ជាពិសេសនៅតាមទីផ្សារ និងទីប្រជុំជនដែលជាតំបន់ងាយរងគ្រោះជាងគេដោយសារអំពើប្លន់ ឬចោរកម្មគ្រប់ប្រភេទ។ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន ជាពិសេសនៅតាមកន្លែងលក់មាស ប្តូរប្រាក់ដែលក្រុមចោរអាចនឹងធ្វើសកម្មភាពប្លន់។ប្រភពដដែលបន្តថា កន្លងមកក៏ដូចជាពេលនេះដែរ ឱ្យតែដល់ថ្ងៃចុងសប្តាហ៍ គឺមានការដាក់កម្លាំងចេញល្បាតពួនស្ទាក់ និងកម្លាំងបង្កប់បន្ថែមនៅតាមទីផ្សារនានា ហើយក៏មានការប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងប្រុងប្រយ័ត្នគ្រប់គោលដៅផងដែរ។ ទោះបីជាមានការប្រុងប្រយ័ត្នបែបនេះក្តី ក៏គេនៅតែសង្កេតឃើញថា មានបទល្មើសតូច ធំកើតឡើងជារឿយៗដែរ គ្រាន់តែមានការថយចុះខ្លះៗប៉ុណ្ណោះ។ ប្រភពខាងលើបន្តថា ទន្ទឹមនឹងនេះអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចក៏ធ្លាប់បានហៅក្រុមអាជីវករលក់មាស ប្តូរប្រាក់ ចូលរួមប្រជុំ និងផ្សព្វផ្សាយឱ្យពួកគេចេះប្រុងប្រយ័ត្នខ្លួនឯង និងរាយការណ៍ជាបន្ទាន់ ពេលមានករណីសង្ស័យ ដោយសហការណ៍ជាមួយសមត្ថកិច្ចឱ្យបានល្អ។ប្រជាពលរដ្ឋនិយាយថា ទោះបីជាមានការប្រុងប្រយ័ត្នបែបណា នៅតែភ្លាត់ស្នៀតរបស់ក្រុមចោរដែរ ជាពិសេសក្រុមចោរលូកហោប៉ៅ ទម្លាក់កាឡៃដូរមាស។ ជាងនេះទៅទៀតក្រុមចោរកាច់.កម៉ូតូ ឬរថយន្តនៅតាមមុខភោជនីយដ្ឋានក្នុងផ្សារនានា ក៏ដូចជាមុខហាងកាហ្វេជាដើម។ជាក់ស្តែងម៉ូតូ១គ្រឿងត្រូវក្រុមចោរកាច់សោ.កជិះយកទៅបាត់ដ ោយសុវត្ថិភាព បន្ទាប់ពីម្ចាស់ចតនៅមុខហាង ហើយចូលទៅផឹកកាហ្វេមិនទាន់អស់១កែវស្រួលបួលផង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៦ មករា នៅចំណុចហាងកាហ្វេមួយមានទីតាំងស្ថិតនៅខាងកើតរោងចក្រកាត់ដេរ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ម៉ូតូដែលចោរកាច់.កយកទៅនោះម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅបិតតែមឡើងស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខកណ្តាល 1F-2716 ជាកម្មសិទ្ធិរបស់ម្នាក់ឈ្មោះខែម អាយុជាង៣០ឆ្នាំ ជាជនពិការជើងម្ខាង មានទីលំនៅភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌដង្កោ។តាមការអះអាងរបស់ជនរងគ្រោះបានឱ្យដឹងថា ក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុដា C125 ពណ៌ខ្មៅ មិនចាំស៊េរី ពាក់ស្លាកលេខ១៨៦៩ ប៉ុន្តែពុំដឹងថាស្លាកលេខនោះនៅភ្នំពេញ ឬខេត្ត និងមានលេខរៀងអក្សរអ្វីនោះឡើយ។ ជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុរូបគេបានទៅផឹកកាហ្វេនៅចំណុចនោះ ហើយបានចតម៉ូតូទុកនៅខាងមុខហាង ដោយចាក់សោ.កត្រឹមត្រូវ។ មួយសន្ទុះក្រោយមកបានឃើញជនសង្ស័យម្នាក់អូសម៉ូតូរបស់ខ្លួនចេញដែរ ប៉ុន្តែជនរងគ្រោះនឹកស្មានថា គេទាញម៉ូតូបង្ខិត យកកន្លែងដើម្បីដាក់ម៉ូតូផ្សេងទៀត។ លុះភ្លេចខ្លួនតែបន្តិចក៏ស្រាប់តែបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលតែម្តង។ ពេលនោះមានអ្នកជិតខាងបានឃើញដែរ ប៉ុន្តែនឹកស្មានថាជាម្ចាស់ម៉ូតូ លុះដល់មានការភ្ញាក់ផ្អើលទើបដឹងថាចោរសោះ។ ភ្លាមនោះដែរគេឃើញបក្សពួកចោរម្នាក់ទៀតជិះម៉ូតូ C125 ពណ៌ខ្មៅពាក់ស្លាកលេខ១៨៦៩ ក៏បាននាំគ្នាដេញ ប៉ុន្តែដេញមិនទាន់ ពេលទៅដល់ម្តុំផ្សារកាណីស៊ីធីក៏បានបាត់ស្រមោលតែម្តង៕
