USB គឺជាឧបករណ៍រក្សាទុកទិន្នន័យដ៏មានប្រយោជន៍ងាយស្រួលប្រើប្រាស់ប៉ុន្តែក៏ងាយនឹងជ្រុះបាត់ រឺងាយក្នុងការលួចយកផងដែរ។ ហើយដើម្បីការពារសុវត្ថិភាពរាល់ទិន្នន័យដែលមាននៅក្នុង USB នោះ, VoiceLok គឺជា USB ថ្មីមួយដំបូងគេដែលត្រូវបានបំពាក់នូវមុខងារការពារសុវត្ថិភាពដោយការប្រើប្រាស់សំលេងនិយាយបង្កើតឡើងដោយក្រុមហ៊ុន Hammacher-Schlemmer របស់សហរដ្ឋអាមេរិក។ USB នេះមានទំហំ ៨GB និងមានតំលៃ ៤៨,៩៥ ដុល្លាអាមេរិកក្នុងមួយគ្រឿង ដែលនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការចាក់សោរ និងបើកសោរសុវត្ថិភាពសំរាប់ចូលទៅប្រើប្រាស់រាល់ឯកសាររបស់ខ្លួនដោយការប្រើប្រាស់សំលេងនិយាយជំនួសអោយការវាយនូវលេខសំងាត់ដូចធម្មតា។
VoiceLok USB មិនតំរូវអោយធ្វើការដំឡើងបន្ថែមនូវកម្មវិធីណាមួយ រឺ driver ណាមួយដើម្បីប្រើប្រាស់នោះឡើយ (អាចប្រើប្រាស់បានគ្រប់ម៉ាស៊ីនកុំព្យូទ័រទាំងអស់) ។ រាល់កម្មវិធីសំខាន់ៗគឺត្រួវបានបំពាក់រួចជាស្រេចនៅក្នុង USB នេះ។ សមិទ្ធិផលនេះត្រូវបានបំពាក់បន្ថែមនូវ microphone មួយដើម្បីអោយអ្នកប្រើប្រាស់អាចបញ្ចូលលេខសំងាត់ដោយប្រើសំលេងនិយាយរបស់ខ្លួន។
ដោយឡែក VoiceLok នេះក៏មានផ្តល់ជូននូវដំណោះស្រាយដោយឡែកផ្សេងទៀតផងដែរដើម្បីអាចចូលទៅប្រើប្រាស់រាល់ឯកសារក្នុង USB នេះ ក្នុងករណីដែលសំលេងរបស់អ្នកប្រើប្រាស់មានបញ្ហាខុសពីធម្មតារឺមិនអាចនិយាយបាន។ ជាក់ស្តែង នៅពេលដែលបង្កើតលេខសំងាត់ដោយការប្រើប្រាស់សំលេងនិយាយ, VoiceLok ក៏ផ្តល់នូវជំរើសមួយផ្សេងទៀតសំរាប់បង្កើតលេខសំងាត់ដោយការប្រើប្រាស់នូវពណ៌ដែលត្រូវបាន Encryption សំរាប់អ្នកប្រើប្រាស់ធ្វើការជ្រើសរើសផងដែរ។ នៅក្នុងករណីដែលសំលេងអ្នកប្រើប្រាស់មានបញ្ហា អ្នកប្រើប្រាស់អាចប្រើប្រាស់នូវរបៀបទី ២ នេះដើម្បីចូលទៅប្រើប្រាស់ឯកសាររបស់ខ្លួននៅក្នុង USB នោះបាន៕ ប្រភព៖ unitedgadget ដោយ៖ រស្មី