នៅឆ្នាំ ២០១៥ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានឆ្លើយតបនឹងសំនួរសួរចម្លើយអំពីបញ្ហាទាំងនេះដោយបាននិយាយថា “យើងមិនចង់បង្កើតប៊ូតុងមិនចូលចិត្ត (downvote) ទេ ព្រោះយើងមិនចង់ធ្វើឲ្យ Facebook ក្លាយទៅជាវេទិកាដែលអ្នកប្រើប្រាស់ចុចចូលចិត្ត ឬមិនចូលចិត្តនោះទេ។ នោះ មិនមែនជាអ្វីដែលយើងចង់បង្កើតឡើយ”។
ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ Facebook កំពុងតែសាកល្បងប៊ូតុង downvote នៅលើគេហទំព័រសាធារណៈមួយផ្នែកតូចហើយ។
អ្នកនាំពាក្យរបស់ Facebook បានប្រាប់សារព័ត៌មាន TechCrunch ថាការជម្រុញពីក្រោយដើម្បីឲ្យមានប៊ូតុង DownVote នេះ គឺដើម្បីបង្កើតទម្រង់ងាយស្រួលក្នុងការផ្តល់ជាសញ្ញាមួយដល់ហ្វេសប៊ុកថា ការអត្ថាធិប្បាយ (Comment) ដែលបង្ហោះនៅលើហ្វេសប៊ុក វាមានភាពមិនសមរម្យ មិនគួរឲ្យជឿ ឬមិនត្រឹមត្រូវ។
នេះ គឺជាសេចក្តីថ្លែងការរបស់ Facebook ដែលបាននិយាយថា យើង មិនមែនកំពុងតែសាកល្បងប៊ូតុងមិនចូលចិត្ត (DownVote) នេះទេ តែយើងកំពុងស្វែងយល់ពីលក្ខណៈពិសេសមួយសម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់មតិយោបល់ត្រឡប់មកវិញទៅលើការបង្ហោះរបស់គេហទំព័រសាធារណៈ។ វា កំពុងតែសាកល្បងដំណើរការលើមនុស្សមួយក្រុមតូចចំនួន ៥% នៅសហរដ្ឋអាមេរិក ដែលកំពុងប្រើប្រាស់កម្មវិធី Android ជាមួយនឹងការកំណត់យកភាសាអង់គ្លេស។
នៅពេលដែលចុចប៊ូតុង DownVote វានឹងឲ្យអ្នកប្រើប្រាស់ជ្រើសរើសនូវការរាយការណ៍បន្ថែមដូចជា ការប្រមាថ ការបោកប្រាស់ និង ចាកប្រធានបទ។ ទាំងនេះ អាចជួយហ្វេសប៊ុក ក្នុងការរុករកនូវការអត្ថាធិប្បាយ (Comment) ដែលអ្នកលេងជាច្រើនជំទាស់ និងមិនពេញចិត្តដូចជា ព័ត៌មានក្លែងក្លាយ ឬ គ្មានការពាក់ព័ន្ធ ឬមតិយោបល់ដែលមិនគួរអោយជឿជាក់បានផងដែរ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ TechCrunch