ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ប្រកប​របរ​ធ្វើ​ស្ករ​ត្នោត​ម្នាក់​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ បន្ទាប់​ពី​រូប​គាត់​​ធ្លាក់​ពី​លើ​ចុង​ត្នោត​កំពស់​ប្រមាណ​៨​ម៉ែត្រ ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៣ មករា នៅ​ក្នុង​ភូមិ​​​សាឡាង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ។ ក្រោយ​កើត​ហេតុ​ដោយ​ចៃដន្យ​នេះ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ។ បុរស​រង​គ្រោះ​​ឈ្មោះ​​វ៉ាន់​ គា អាយុ​​៣៧​ឆ្នាំ ​​ប្រពន្ធ​ឈ្មោះ​សេង វណ្ណា អាយុ​៣៨​ឆ្នាំ មាន​កូន​៣​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ ។ ​តាម​សំដី​របស់​ស្ត្រី​ជា​ប្រពន្ធ​​បាន​រៀប​រាប់​ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំការ​ប្តី​គាត់​បាន​ប្រកប​របរ​​​ឡើង​ត្នោត​រំងាស់​​យក​ស្ករ​ជាង​១០​ឆ្នាំ​ហើយ ក្នុង​មួយ​ថ្ងៃ​បាន​ស្ករ​ប្រមាណ​៥​គីឡូ​ក្រាម ។នៅ​ថ្ងៃ​កើត​ហេតុ​​ប្តី​​បាន​​ទៅ​ឡើង​​​​ត្នោត​ឆ្ងាយ​​ពី​ផ្ទះ​ ហើយ​​ខណៈ​​ឡើង​​ដល់​.ក​ត្នោត​​ ​​​ក៏​បាន​លូក​ដៃ​ទៅ​ចាប់​តោង​ចំ​កាំ​បង្អោង​​ដែល​ពុក​ ​បណ្តាល​ឱ្យ​បាក់​ធ្លាក់​​​មក​ដី​​ដែល​​មាន​កំពស់​​​ប្រមាណ​ជា​​​៨​ម៉ែត្រ ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ។ ​ភ្លាម​នោះ​​ក្រុម​អ្ន​កឡើង​ត្នោត​ដូច​គ្នា បាន​ជួយ​​សែង​ប្តី​​មក​ផ្ទះ និង​បាន​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ។ ក្រុម​គ្រូ​ពេទ្យ​​បាន​ប្រាប់ថា ជន​រង​គ្រោះ​បាន​បាក់​ជើង​ខាង​ស្តាំ បាក់​ដៃ​​ខាង​ស្តាំ បែក​​មាត់​យ៉ាង​ធំ និង​របួស​ច្រើន​កន្លែង​ទៀត​ ។ គ្រូ​ពេទ្យ​ប្រាប់​ថា​ ស្ថាន​ភាព​ជន​រង​គ្រោះ​នៅ​​ក្នុង​ការ​តាម​ដាន​នៅឡើយ ព្រោះ​ក្រៅ​ពី​របួស​ផ្នែក​ខាង​ក្រៅ មិន​ដឹង​ថា ផ្នែក​​ខាង​​ក្នុង​ប៉ះ​ពាល់​លើ​អ្វី​ទៀត​ឡើយ ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ ២០១០ បុរស​ម្នាក់​បាន​ស្លាប់​​ដោយ​សារ​ធ្លាក់​ពី​​លើ​ចុង​ត្នោត​​​ដែរ ខណៈ​ដែល​បុរស​​នោះ​​ឡើង​​ត្នោត ហើយ​​ដើរ​សួ​​​​តាម​ស្នួ​​ពី​ចុង​ត្នោត​មួយ​ទៅ​​ចុង​ត្នោ​ត​មួយ​ទៀត ​បាក់​ធ្លាក់​​មក​ដី​ និង​បាន​ស្លាប់​​​នៅ​ក្នុង​មន្ទីរពេទ្យ ៕