ថ្ងៃ សុក្រ ទី ២១ ខែ មករា ឆ្នាំ ២០១១
​ ​ ​ លោកវរសេនីយ៍​​ត្រី​អុឹម យ៉ុន អធិការ​នគរ​បាល​​ស្រុក​បាធាយបាន​ឱ្យ​​ដឹង​ថា កាលពីវេលា​ម៉ោង​​​៨​យប់ថ្ងៃទី​​​​១៩ មករា ឆ្នាំ​២០១១ នៅលើ​គ្រែ​​មុខ​ផ្ទះ​​​ជា​ងក្រឡឹង​​ម្នាក់ ដែលមាន​​ចំងាយពី​រោងទឹក​ត្នោត​ជូរ​ប្រមាណ​​​៧,៥០ម៉ែត្រ ​គេ​​បាន​ឃើញឈ្មោះ​​​​​នន ថា ​ផឹកទឹក​ត្នោត​​ជូរជាមួយ​ឈ្មោះ​​ស៊ឹម ស៊ាត ​រស់នៅ​ភូមិ​​​ជើង​ឆ្នុក ​រហូត​ដល់​ម៉ោង​​​១២​និង​​៣០នាទី​យប់​​រំលងអធ្រាត្រ​​​ ក៏​ស្រាប់​តែ​​ឮ​មាត់​​​​​ប្រកែក​គ្នា​​​រួច​ក៏​ស្ងាត់ ។ លោក​អធិការ​​នគរបាល​​ស្រុកបាធាយ​​ប្រាប់បន្ត​ថា ​បន្ទាប់​មក​​ស្រាប់តែ​​ឃើញ​អណ្តាត​ភ្លើង​​ឆេះ​រោង​​​​របស់ឈ្មោះនន​ ថា ហើយ​ភ្លាមៗ​នោះត្រូវ​បាន​ប្រជាពលរដ្ឋ​​នៅ​ក្បែរ​នោះ​​នាំគ្នា​​បើកទ្វារ​​ ផ្ទះ​រត់​​មកជួយជះទឹកពន្លត់ និង​បានឃើញ​​​​ឈ្មោះ​​នន ថា ដេកស្លាប់នៅ​​ក្នុងរោង​ដែលឆេះ​នោះ ។ តាម​រយៈ​ការពិនិត្យ​​​​របស់សមត្ថ​កិច្ច​​ជំនាញ​​ សព​មាន​ស្នាម​​​របួសត្រង់​បំពង់ក​ដោយកាំបិត​​ត្នោត​ដោត​​ជាប់ក្រោម​ត្រចៀក​​ ឆ្វេងដួល​ដេកនៅ​លើ​គ្រែ​ផឹកស៊ី​​​ និង​វត្ថុតាង​​មានបន្សល់ទុក​​ដំបង​ឫស្សី​​​១កំណាត់​​ប្រវែង​​ជាង​​២ម៉ែត្រ មានប្រឡាក់​ឈាមទៀត​ផង​ ។

​រហូតមកដល់ព្រឹកថ្ងៃទី២០ មករា វេលា​ម៉ោង​​១០​​និង២០នាទីព្រឹក កំលាំងសមត្ថកិច្ច​បាន​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់​រហូត​ឈាន​ដល់​ចាប់​ បានជនសង្ស័យម្នាក់ឈ្មោះ​ស៊ឹម ស៊ាតបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ដើម្បី​សួរនាំ ។ លោកអធិការនគរបាលស្រុកបាធាយបានបញ្ជាក់ថា ​តាមការ​សាកសួរ​​ទំនាស់ដែលឈាន​ដល់វាយសំលាប់​ឈ្មោះ​នន ថា ក៏ព្រោះតែពេល​​ផឹក​​ស្រវឹងនោះ​មាន​ការ​និយាយគងពាក្យសំដីគ្នា ទើប​ក្រុម​ជន២នាក់បានវាយ​សំលាប់ជន​រង​គ្រោះ​ រួច​ហើយ​យកកំ​ណាត់ជ្រលក់ប្រេង​សាំង​ដុតរោងតែ​ម្តង ​ជាហេតុ​បណ្តាលឱ្យ​បុរសឈ្មោះ​នន ថា ត្រូវ​ភ្លើង​ឆេះ​រោល​​ខ្លោចរួញ​ក្រញង់​មើល​មិន​យល់ ។​ ពេលនេះ​សមត្ថ​កិច្ច​​កំពុង​​តាម​ប្រមាញ់ចាប់បក្សពួក​ ម្នាក់ទៀតដើម្បីយកមកផ្តន្ទាទោស​តាមច្បាប់៕