រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់​​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ​ដោយ​សារ​តែ​ខ្មាន់​កាំភ្លើង​​មួយ​ក្រុម​ជិះ​​ម៉ូតូ​ម៉ាក​ណៃ​ហត មួយ​គ្រឿង​​ដេញ​តាម​បាញ់​ប្រហារ​បណ្តាល​ឱ្យ​ត្រូវ​ចំនួន​២​គ្រាប់ ​​​ខណៈ​ដែល​​ជន​រង​គ្រោះ​រូប​នោះ​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​មិត្ត​ភក្តិ​​ធ្វើ​ដំណើរ​​ចេញ​​​ពី​ពិធី​បុណ្យ​ ខួប​កំណើត​ក្មួយ​ក្នុង​បំណង​ទៅ​រាំ​​លេង​ក្នុង​ពិធី​មង្គល​ការ​មួយ​កន្លែង​ទៀត ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ទាំង​ប៉ូលិស និង​ប៉េអឹម​ឈឺ​ក្បាល​នោះ​​ គឺ​ដោយ​សារ​ក្រោយ​ពេល​កើត​ហេតុ​ក្រុម​ខ្មាន់​កាំភ្លើង​​បាន​គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ​។ ចំណែក​ឯ​ក្រុម​ជន​រង​គ្រោះ​​ហាក់​បី​ដូច​ជា​មាន​ការ​លាក់​លៀម​​ចំពោះ​ការ​ពិត ​ដែល​សូម្បី​តែ​សមត្ថ​កិច្ច​សួរ​រក​ចំណុច​កើតហេតុ​ក៏​ពួក​គេ​មិន​ដឹង​ថា គេ​បាញ់​ខ្លួន​នៅ​ម្តុំ​ណា​ផង ម្តង​ថា កើត​ហេតុ​នៅ​ត្រង់​​​នេះ ម្តង​នៅ​ត្រង់​នោះ​ មិន​ច្បាស់​លាស់​​ទាល់​តែ​សោះ ។ ហេតុ​ការណ៍​នោះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ មករា ២០១១ នៅ​លើ​កំណាត់​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ពុំ​ដឹង​ស្ថិត​ក្នុង​សង្កាត់​កាកាប ឬ​សង្កាត់​ចោម​ចៅ​នោះ​ឡើយ ហើយ​សូម្បី​តែ​​សមត្ថ​កិច្ច​ក៏​ធ្វើ​របាយ​ការណ៍​​ក្នុង​លក្ខណៈ​មិន​ច្បាស់​លាស់​ពី​ចំណុច​កើត​ហេតុ​​នោះ​ដ ែរ ។ជន​រង​គ្រោះ​ឈ្មោះ​​សួង វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​កម្ម​ករ​សំណង់ រង​របួស​ដោយ​គ្រាប់​កាំភ្លើង​​២​គ្រាប់ ចំ​ត្រង់​ត្រគាក​ខាង​ស្តាំ​បៀម​គ្រាប់​នៅ​ចុង​ភ្លៅ និង​មួយ​គ្រាប់​ទៀត​ចំ​ចុង​​ភ្លៅ​ឆ្វេង​បៀម​គ្រាប់ ។ ជន​រង​គ្រោះ​រូប​នេះ មុន​ដំបូង​ត្រូវ​មិត្ត​ភក្តិ​នាំ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន​ឡាំ​ប៊ុន​ថន ភូមិ​ជម្ពូ​វ័ន ប៉ុន្តែ​ដោយ​សារ​របួស​ធ្ងន់​​ធ្ងរ​​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ វិញ ។ ចំណែក​ឯ​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ​កង វឌ្ឍនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​រង​របួស​បែក​ក្បាល​ដោយ​សារ​ក្រុម​ខ្មាន់​កាំភ្លើង​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង ។ ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទី​លំនៅ​​ភូមិ​ព្រៃ​​មូល សង្កាត់ក្រាំង​ធ្នង់ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។ ​តាម​​ប្រភព​ពី​សមត្ថ​កិច្ច​​ខណ្ឌ​ដង្កោ បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក មួយ​គ្រឿង ឌុប​គ្នា​ទៅ​​ហូប​ការ​បង​ប្អូន​នៅ​ក្នុង​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ ក្រោយ​មក​បាន​បន្ត​ដំណើរ​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ខួប​កំណើត​​ក្មួយ​នៅ​ឯ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​មួយ​រោង​ទៀត។ប្រភព​​ដដែល​បាន​បន្ត​​ថា ពួក​គេ​សប្បាយ​នៅ​ទី​នោះ​​រហូត​ដល់​វេលា​កើត​ហេតុ ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​​ក្រោយ​វិញ ប៉ុន្តែ​អត់​ទៅ​ផ្ទះ​ទេ គឺ​មាន​បំណង​ទៅ​រាំ​លេង​នៅ​ក្នុង​ពិធី​មង្គល​ការ​បង​ប្អូន​ឯ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​​ចោម​ចៅ​វិញ ។ ពេល​នោះ​ត្រូវ​ក្រុម​ជន​ប្រដាប់​អាវុធ​​មួយ​ក្រុម​មាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត មួយ​គ្រឿង​ជិះ​ដេញ​​តាម​ពី​ក្រោយ​​រួច​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​បណ្តាល​ឱ្យ​ត្រូវ​របួស​អ្នក​ជិះ ក្រោយ​២​គ្រាប់ ​បន្ទាប់​​មក​ក៏​បាន​ដេញ​តាម​វាយ​ក្បាល​​អ្នក​បើក​បរ​ម៉ូតូ និង​ស្នាប់​កាំភ្លើង​​បណ្តាល​ឱ្យ​​រង​របួស​ទៀត ។ ​ប្រភព​ខាង​លើ​បន្ត​ទៀត​​ថា ក្រោយ​​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​​បាន​នាំ​គ្នា​​​ចូល​ទៅ​មន្ទីរ​​ពហុ​ព្យា​បាល​ឡាំ​ប៊ុន​ថន នៅ​ភូមិ​ជម្ពូ​វ័ន​ ដោយ​ខ្លួន​ឯង​អត់​បាន​ប្តឹង​សមត្ថ​កិច្ច​​ទេ ប៉ុន្តែ​ក្រោយ​មក​សន្តិ​សុខ​យាម​នៅ​មន្ទីរ​ពេទ្យ​ឃើញ​ស្ថាន​ភាព​គួរ​ឱ្យ​សង្ស័យ​ក៏​បាន​ប្តឹង​ប៉ូលិស​ប៉ុស ្តិ៍​​ឱ្យ​ចុះ ទៅ​ពិនិត្យ​មើល​ ព្រោះ​ខ្លាច​ពួក​គេ​ជា​ជន​ដែល​មាន​សមា​សភាព​មិន​ល្អ ។បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​នោះ​ហើយ​ កំលាំង​ប៉ូលិស​បាន​ចុះ​ទៅ​ធ្វើ​ការ​សាក​សួរ​ពី​ទីតាំង​​ចំណុច​កើត​​ហេតុ​ ប៉ុន្តែ​​ពួក​គេ​អត់​បាន​ដឹង​ថា នៅ​ចំណុច​ណា​នោះ​ទេ ហើយ​ក៏​មិន​បាន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គេ​បាញ់​​ពួក​ខ្លួន​ដែរ ។ ​សមត្ថ​កិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​គ្រាន់​តែ​ដឹង​ថា ពេល​ជិះ​ម៉ូតូ​ចាប់​​ពីចំណុច​​ភ្លើង​ស្តុប​ផ្សារ​ដី​ហុយ​​ដល់​រង្វង់​មូល​ថ្នល់​បំបែក​ចោម​ចៅ​ឮ​ស្នូរ​ផ្ទ ុះ​​អាវុធ​មួយ​គ្រាប់​ ហើយ​ពួក​គេ​បាន​សួរ​គ្នា​ថា តើ​ម៉ូតូ​យើង​បែក​កង់ ឬ​អត់? ហើយ​ក៏​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​ក្រោយ​មក​ទើប​ដឹង​ថា ត្រូវ​គ្រាប់ ។ ​ភ្លាម​​នោះ​ពួក​គេ​​ក្រឡេក​ក្រោយ​បាន​ឃើញ​​ក្រុម​ខ្មាន់​កាំភ្លើង​​ជិះ​ម៉ូតូ​ម៉ាក​ណៃហត តាម​ពី​ក្រោយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​​ជិះ​រត់​រហូត​ដល់​ភូមិ​អូរ​ដឹម​ សង្កាត់​​ចោម​ចៅ ក៏​ត្រូវ​ខ្មាន់​កាំភ្លើង​កៀរ​ឱ្យ​ឈប់​រួច​ដក​កាំភ្លើង​វាយ​ក្បាល​​ឈ្មោះ​​កង វឌ្ឍនា បណ្តាល​ឱ្យ​បែក​​​​ក្បាល រួច​ជិះ​ម៉ូតូត្រឡប់​ក្រោយ​វិញ​បាត់​ស្រមោល ។ គួរ​កត់​សំគាល់​​​ដែរ​ថា មុខ​សញ្ញា​ខ្មាន់​កាំភ្លើង​​ជិះ​ម៉ូតូ ​ម៉ាក​​ណៃ​ហត​នេះ​កំពុង​តែ​អុក​ឡុក​ក្នុង​ខណ្ឌ​ដង្កោ ដោយ​គេ​នៅ​ចាំ​បាន​ថា កាល​ពី​វេលា​​យប់​ថ្ងៃ​ទី​១៤ មករា ​ពួក​គេ​បាន​ជិះ​ម៉ូតូ​បាញ់​បោះ​​នៅ​មុខ​អធិ​ការ​ដ្ឋាន​ប៉ូលិស​ម្តង​រួច​មក​ហើយ ពេល​នោះ​មុខ​សញ្ញា​ដូច​គ្នា​​នេះ បាន​ដេញ​​តាម​បាញ់​ប្រហារ​មនុស្ស​ទៀត​ពិត​ជា​គួរ​ឱ្យ​ខ្លាច​​មែន ៕