ខេត្តបាត់ដំបង ៖ សត្វ​ស្លាប​​រស់​លើ​​​ផ្ទៃ​ទឹក​​តំបន់​បឹង​ទន្លេ​សាប​​ជិត​១០០០​ក្បាល​ដែល​ពួក​ឈ្មួញដឹកជញ្ជូន​តាម​រថយន្ត ​បំរុងយក​ទៅទី​ផ្សារ​ត្រូវប៉េ​អឹម​ស្រុក​សង្កែ ស្ទាក់​ចាប់​​កាលពីព្រឹក​ថ្ងៃទី១៣ មករា តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​ភូមិស្វាយ​​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។ ​មន្រ្តី​ប៉េអឹម​​ស្រុក​សង្កែ​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ស្ទាក់​ចាប់​​​រថ​យន្ត​កូរ៉េ​២​គ្រឿង​ដឹកសត្វ​​ស្លាប​​ក្រោយ​ពី​មាន​ការ​ផ្តល់ព័ត៌​មាន​ ថា ​​ឈ្មួញ​កំពុង​ដឹកតាម​​រថ​យន្ត​​ចេញ​ពីភូមិ​ស្ទឹង​​ចក ឃុំព្រៃ​តូច ស្រុក​​មោង​ប្ញស្សី​ឆ្ពោះ​ទៅកាន់​ផ្សារ​១៣មករា ​(ផ្សារ​ថ្មី) ក្រុង​បាត់ដំបង ។ សត្វ​ស្លាប​សរុប​៨៤៥​​ក្បាល​មាន៤​ប្រភេទ​​គឺ​សត្វ​​ដុំដោរ សត្វ​​ត្លុម សត្វ​សំបក​ទំពាំង​​​និង​សត្វ​ស្មោញ ។ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ស្ត្រី​​៤​នាក់​​ជា​ម្ចាស់​សត្វ​ព្រៃ​ ១-​ឈ្មោះ​​ញៀវ រឿន អាយុ​៥៥​ឆ្នាំ ​២-ឈ្មោះ​សឿន ហៀប ​អាយុ​៣២​ឆ្នាំ ​៣-​ឈ្មោះ​គុជ សឿន អាយុ​៥១​ឆ្នាំ ​និង​៤-ឈ្មោះ​ម៉ាក់ ម៉ៅ ​អាយុ​៣៥​ឆ្នាំ ជា​ឈ្មួញ​​កណ្តាល​​​ទិញ-​លក់​សត្វ​ស្លាប ។បើ​តាម​ការ​ឆ្លើយ​សារភាព​របស់ឈ្មួញ​​​ទាំង៤​នាក់​ថា ពួកគេ​ដើរ​ទិញពីអ្នក​ភូមិ​​រស់នៅឃុំ​ព្រៃ​តូច​ ស្រុក​មោង​ប្ញស្សី​ដោយអ្នក​ភូមិ​​រក​បាន​ពីតំបន់ព្រៃ​រនាម ​បឹង​ទន្លេសាប ផង និង​នៅ​តាម​តំបន់​នានា​នៅ​ក្នុង​ភូមិ-ឃុំ​ពួកគេ​ផង ។ នេះ​ជា​លើក​ទី៤ ហើយ​ដែលពួកគេដឹក​ជញ្ជូន​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​យក​ទៅលក់​លើ​ទី​ផ្សារ​នានា ក្នុង​ស្រុក​បាត់ដំបង ។ បច្ចុប្បន្ន​ស្ទើរ​គ្រប់ទី​ផ្សារ​ធំៗ​​ក្នុង​ក្រុ​​ង​​បាត់​ដំបង​​​គេប្រទះ​ឃើញ​សត្វ​ព្រៃ​ស្ទើរ​​គ្រប់ប្ រភេទ​​ត្រូវ​គេ​ដាក់លក់​​​ ជាពិសេស​សត្វស្លាប​ដែល​រស់​នៅតំបន់​បឹង​ទន្លេសាប ។ គេឃើញ​មេព្រៃ​​ចេញ​​បង្ក្រាប​តែ​ម្តងគត់កាលពី​ខែមុន ហើយក៏​ស្ងាត់​ទៅ ។ មន្ត្រី​ប៉េ​អឹមស្រុក​សង្កែ​ឱ្យ​ដឹង​ថា សត្វព្រៃ​​៨៤៥​ក្បាល រួម​ជាមួយ​ឈ្មួញ​៤​នាក់​ ​ត្រូវ​បាន​​ប្រគល់​​ទៅឱ្យ​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​បាត់​ដំបង​ជា​អ្នក​ចាត់ការ​បន្តក្រោយពី​សមត្ថកិច្ច​សួ រ​នាំ​ធ្វើ​កំណត់ហេតុ​រួចមក ៕