ខេត្ត​កំពង់​ស្ពឺ​​ ៖ ជន​ជាតិ​ថៃ​ម្នាក់​ជា​មេ​ការ​ក្នុង​ការ​ដ្ឋាន​ហាល​កាក​ស្រា​បៀរ​នៅភូមិ​ស្តុក​ស្លាត ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ដែល​ចាក់​សោ​ជិត​កាល​ពី​ថ្ងៃ​ទី​៥ មករា​។ ការ​​ដឹងស្លាប់​​ដោយ​សារ​កម្មករ​​ទៅ​ដាស់មេ​ការ​​សុំ​សៀវ​ភៅ​ចុះ​វត្ត​មាន​ប្រចាំ​ថ្ងៃ។ ពេល​នោះ​​ឃើញ​បន្ទប់​ចាក់​សោ​ជិត​​កម្មករ​​នាំ​គ្នា​រក​មធ្យោ​បាយ​ចូល​មើល​ទើប​ដឹង​ថា មេ​ការ​ជា​ជន​ជាតិ​​ថៃ​ដេក​ស្លាប់​នៅ​​លើ​គ្រែ​​ដោយ​ពុំ​ដឹង​តាំង​ពី​ថ្មើរ​ណា​ទេ​។មន្ត្រី​ប៉ូលិស​​ស្រុក ​ឧដុង្គ​ រួម​ទាំង​មន្ត្រី​ប៉ូលិស​បច្ចេក​ទេស​នៃ​ស្នងការ​ដ្ឋាន​ខេត្ត​កំពង់​ស្ពឺ ​បានទៅ​ត្រួត​ពិនិត្យនៅ​​ព្រឹក​ថ្ងៃ​ទី​៦ មករា​ ដោយ​មាន​ការ​ចូល​រួម​ពី​​ម្ចាស់​ការ​ដ្ឋាន​ រួម​ទាំង​ព្រះ​រាជ​អាជ្ញា​ខេត្ត​ផង​។ សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា មេ​កា​រជន​ជាតិ​ថៃ​ឈ្មោះ​ខុក យ៉ាន់​នីមិត្ត​ ហៅ​ទ្រី ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​របស់​ខ្លួន​។ តាម​​ការ​ពិនិត្យ​ពុំ​មាន​សញ្ញា​អ្វី​មួយ​បង្ហាញ​ថា​ស្លាប់​ដោយការ​ធ្វើ​អត្ត​ឃាត​ ឬ​ជា​អំពើ​មនុស្ស​ឃាត​ឡើយ គឺ​ស្លាប់​ដោយ​សារ​​​ខ្យល់​គរ​​។សព​ត្រូវ​​ម្ចាស់​ការ​ដ្ឋាន​ជា​ជន​ជាតិ​ថៃ​ដូច​គ្នា​នាំ​យក​ទៅ​ធ្វើ​បុណ្ យ​នា​ព្រឹក​នោះ​។ តាម​សេច​ក្តី​​រាយ​ការណ៍​ចុង​ក្រោយ​​ឱ្យ​ដឹង​ថា ​ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា​ ជា​បង​​ស្រី​ធម៌​របស់​អ្នក​ស្លាប់​​ទទួល​រ៉ាប់​រង​ក្នុង​ការ​ធ្វើ​បុណ្យ​សព​ ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ថា​ សព​ត្រូវ​បូជា​នៅ​ទី​នោះ​ ឬ​បញ្ជូន​ទៅ​ប្រទេសថៃ​ឡើយ៕