ខេត្ត​កណ្តាល ៖ យុវ​ជន​៤​នាក់​បាន​ជួប​ជុំ​គ្នា​ស៊ីផឹក​ពេល​យប់​ងងឹត ​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​មួយ​កន្លែង ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​សង្ស័យ​ស្មាន​តែ​ក្រុម​ចោរ​ជួប​ជុំ​គ្នា​ រៀបចំ​ផែន​ការ​ធ្វើ​សកម្ម​ភាព​ប្លន់ ឬ​អំពើ​ចោរ​កម្ម​ណា​មួយ​​ក៏​ត្រូវ​ប្រជា​ពល​រដ្ឋ​​រាយ​ការណ៍​ ប្រាប់​ប៉ូលិស​​ឱ្យ​ចុះ​ទៅ​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ ទើប​​ដឹង​ថា ក្នុង​ចំណោម​ជន​ទាំង​៤​នាក់​នោះ​មាន​ម្នាក់​បាន​លួច​មាន់​របស់​ឪពុក​ម្តាយ​​ ​ខ្លួន​យក​ទៅ​ស្ងោរ​ក្លែម​ស្រា​​ផឹក។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ មករា ​នៅ​ក្បែរ​ស្រះ​ទឹក​មួយ​កន្លែង​ជិត​ភូមិ​ព្រៃ​ពពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នួល។ ជន​ទាំង​៤​នាក់​ដែល​ត្រូវ​ប៉ូលិស​ស្រុក​អង្គ​ស្នួល​​ចាប់​​ឃាត់​ខ្លួន​បាន​​នោះ​មាន ១-​ឈ្មោះ​ឆែម ចាន់នី អាយុ​១៩​ឆ្នាំ ជា​អ្នក​លួច​មាន់​ឪពុក​ម្តាយ​របស់​ខ្លួន​យក​ទៅ​ស្ងោរ​ក្លែម​ស្រា, ២-​ឈ្មោះ​យ៉ុន អាន អាយុ​២០​ឆ្នាំ, ៣-​ឈ្មោះ​ផន សុភ័ក្ក្រ អាយុ​២៣​ឆ្នាំ និង​៤-​ឈ្មោះ​​ដុំ វិចិត្រ អាយុ​៣០​​ឆ្នាំ ពួក​គេ​ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ។មន្ត្រី​ប៉ូលិស​ស្រុក​អង្គ​ស្នួល​​ឱ្យ​ដ ឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​យុវ​ជន​ឈ្មោះ​ឆែម ចាន់នី បាន​លួច​មាន់​ឪពុក​ម្តាយ​របស់​ខ្លួន​១​ក្បាល​​ក្នុង​បំណង​យក​ទៅ​ផ្ទះ​ពូ​របស់​​គេ​ឈ្មោះ​ដុំ វិចិត្រ ដើម្បី​ស្ងោរ​ក្លែម​ស្រា។ ប៉ុន្តែ​ពេល​នោះ​បុរស​ជា​ពូ​មាន​ទំនាស់​ជា​មួយ​ប្រពន្ធ​ ​ទើប​មិន​ហ៊ាន​បើក​កម្ម​វិធី​ផឹកស៊ី​នៅ​ក្នុង​ផ្ទះ​ទេ ក៏​បាន​យក​ចាន​ឆ្នាំង និង​គ្រឿង​ផ្សំ​ផ្សេង​ៗ​នាំ​ក្មួយ​ទៅ​ធ្វើ​នៅ​ឯមាត់​ស្រះ​ទឹក​វិញ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​សារ​រដូវ​ប្រាំង​ជា​ឱកាស​ដែល​ក្រុម​ចោរ​ប្លន់ ឬ​ចោរ​លួច​គោ​ ក្របី​ ​មាន់ ទា​​ ​ទើប​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ហើយ​នៅ​ពេល​បាន​ឃើញ​ពួក​គេ​ផឹក​ស៊ី​​នៅ​​កន្លែង​ងងឹត​​ក៏​សង្ស័យ​ស្មាន​ថា​ជា​​ក្រុម​ចោរ ឬ​​ក្រុម​អ្នក​ជក់​គ្រឿង​ញៀន​ទើប​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​​ឱ្យ​ចុះ​ទៅ​ឃាត់​ខ្លួន​តែ​ម្តង។ បន្ទាប់​មក​ពួក​គេ​ត្រូវបាន​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល​ដើម្បី​ធ្វើ​ការ​សាក​ស ួរ និង​អប់រំ​​ ហើយ​ឱ្យ​ពួក​គេ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ធ្វើ​អ្វី​ដែល​នាំ​ឱ្យ​គេ​មាន​ការ​សង្ស័យ​បែប​នេះ​ទៀត ទើប​អនុ​ញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕