ខេត្តកំពង់ស្ពឺ ៖ កម្មករសំណង់ម្នាក់ត្រូវលូស៊ីម៉ង់ត៍បាក់សង្កត់ពី លើស្លាប់ ខណៈពេលលើកយកដីចាក់បិទខ្ទប់មាត់លូកុំឱ្យហូរទឹកឆ្លងកាត់ ហើយស្រុតដីធ្លាក់លូសង្កត់ពីលើ។ ការស្លាប់ នោះក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ គ្រោះថ្នាក់នោះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ មករា នៅការដ្ឋានសំណង់រោងចក្រថ្មីមួយស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង។ កម្មករបំរើការងារនៅការដ្ឋានសំណង់រោងចក្រឱ្យដឹងថា ពួកគេមិនបានស្គាល់អត្តសញ្ញាណជនរងគ្រោះទេ ព្រោះកម្មករជិត១០០នាក់ឯណោះមកពីភូមិស្រុកផ្សេងៗគ្នាស្គាល់តែមុខប៉ុណ្ណោះ។ នៅថ្ងៃកើតហេតុកម្មករ២នាក់លើកដីចាក់បិទពីមុខមាត់លូដែលមានមុខកាត់ប្រហែល១ម៉ែត្រដែល ជាប្រព័ន្ធសំរាប់បង្ហូរទឹកក្នុងរោងចក្រ។ ដោយសារលូធ្ងន់ពេកក៏ស្រុតដីធ្លាក់សង្កត់ចំកញ្ចឹងកជនរងគ្រោះបង្កឱ្យរបួសធ្ងន់ ។ ភ្លាមនោះគេហៅរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះបានផុតដង្ហើមពេលដល់មន្ទីរពេទ្យ។ប្រភពព័ត៌មានបន្ថែមថា សពត្រូវក្រុមហ៊ុនដឹកជញ្ជូនតាមរថយន្តទៅធ្វើបុណ្យនៅខេត្តព្រៃវែងយ៉ាងប្រញាប់ប្រញ ាល់។ សមត្ថកិច្ចនគរបាលត្រពាំងគងមិនទាន់ទទួលព័ត៌មានលំអិតពីខាងក្រុមហ៊ុន ឬសាច់ញាតិសពនៅឡើយទេរហូតដល់ថ្ងៃទី៥ មករា។ ចំណែកសមត្ថកិច្ចផ្នែកបច្ចេកទេសកោសល្យវិច័យស្រុកសំរោងទងឱ្យដឹងថា សមត្ថកិច្ចជំនាញនេះបានទៅពិនិត្យកន្លែងកើតហេតុ ប៉ុន្តែមិនបានពិនិត្យលើខ្លួនប្រាណជនរងគ្រោះទេ ដូច្នេះមិនអាចស្រាយបំភ្លឺករណីមួយនេះបាន។ សមត្ថកិច្ចមានតួនាទីពិនិត្យធ្វើកោសល្យវិច័យដើម្បីឱ្យជនរងគ្រោះទទួលបានយុត្តិធម៌ ប៉ុន្តែខាងក្រុមហ៊ុនព្យាយាមបិទបាំងលើករណីនេះ។ នាយកគ្រប់គ្រងការដ្ឋានសំណង់ក្នុងរោងចក្រប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងមូលហេតុដែលកម្មករនោះរងគ្រោះថ្នាក់ដល់ស្លាប់ទេ៕