ខេត្តព្រះវិហារ​ ៖ ​បើតាមអ្នក​​យក​ព័ត៌មាន​កោះសន្តិភាព​​​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​​ឱ្យ​​ដឹង​​នៅថ្ងៃ​អាទិត្យ​​ ទី​២ មករា ​​២០១១ ​នេះ​ថា ​នាពេល​​ខាង​មុខនេះ តុលាការ​ខេត្តអ៊ូប៊ុនរបស់​ថៃ​​គ្រោង​នឹង​​បើកសវនាការ​​ជំនុះជម្រះ​​ប្រជាពលរដ្ឋ​​ខ្មែរ​​​២រូប ដែលអាជ្ញាធរ​​ថៃ​បានចាប់ខ្លួន ដោយ​ចោទ​ថា ​បានឆ្លង​ដែនចូលដីថៃ​​ដោយខុស​ច្បាប់​​កាលពីថ្ងៃទី​​២៩ ធ្នូ កន្លង​មក ។ គួរបញ្ជាក់​​ថា កាលពីវេលាម៉ោង​​​​២រសៀល​ថ្ងៃទី​​២៩ ធ្នូ ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​​៥​នាក់​​ត្រូវ​បានទាហាន​សៀម​​ដេញប៉ផាប់​ចាប់ពភីង​​ ខណៈ​​ពួកគេ​​ទាំង​៥នាក់​នោះ​​ស៊ីឈ្នួល​​​ឱ្យឈ្មួញ​ថៃ​​អារ​ឈើគ្រញូង​​នៅលើ​​ភ្នំដងរែក ​ខាងកើត​ច្រក​អាន​សេះ ​កំពស់​​៧៦៦ម៉ែត្រ ​ដោយចាប់បាន​​​​​២នាក់ ចំណែក​​៣នាក់​​ទៀតរត់រួចខ្លួន ។ការចាប់​នេះ​ត្រូវ​បាន​ទាហាន​សៀម​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​​​ខាង​លើ​បាន​ឆ្លង​ដែន​​ចូលទៅកាប់​ឈើក្នុងទឹកដី​ថៃ​​ដោយខុសច្បាប់ ​និង​បានបញ្ជូនភ្លាមៗ​​ទៅ​កាន់​ស្រុកណាំ​យឺន ​ខេត្តអ៊ូប៊ុន ​។ ប្រជាពលរដ្ឋ​​​ខ្មែរ​​ដែល​ទាហាន​ថៃ​ចាប់ខ្លួន​នោះឈ្មោះ​​សែន ​រិន​សេន ​ភេទ​ប្រុស អាយុ​​​៤៦​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ភូមិ​​​ធម្មជាតិសម្តេចតេជោ ​ស្រុកជាំក្សាន្ត​​​ ខេត្ត​ព្រះវិហារ ​និងម្នាក់ទៀត​ឈ្មោះ​​​រ៉េន ថុល ភេទ​ប្រុស អាហយុ​​​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​វាល​​ពោធិ៍ ​ឃុំជាំ​ក្សាន្ត​​ ស្រុក​ជាំក្សាន្ត ។​ការ​ចាប់​ប្រជាពល​រដ្ឋ​ខ្មែរទាំង​​២នាក់​ខាង​លើនេះ គឺធ្វើឡើង​​​ក្រោយ​ពី​​ពួកក្រុម​​​ជ្រុលនិយម​សៀមអាវលឿង​៧នាក់ ​ក្នុង​នោះ​​មានអ្នកតំណាង​រាស្ត្រ​ថៃ​​ម្នាក់ផង​​​​ ត្រូវបាន​អាជ្ញាធរ​​ខ្មែរ​ឃាត់​ចាប់​ខ្លួន ខណៈ​ពេល​ពួកគេ​​បាន​ចូល​ជ្រៅមក​ក្នុង​ទឹក​ដី​ខ្មែរ​​ក្នុងភូមិ​​​ជោគជ័យ ​ឃុំអូរបីជាន់ ​ស្រុកអូរ​ជ្រៅ ​ខេត្ត​បន្ទាយមានជ័យ ​កាលពីវេលាម៉ោង​​១០​​និង​​៣០នាទី​ព្រឹកថ្ងៃទី​​២៩ ធ្នូ ដូចគ្នា​នោះ ៕