ខេត្តស្វាយរៀង ៖ លោកតាអាយុ៧២ឆ្នាំ ម្នាក់ ខណៈកំពុងអាំងភ្លើងដោយសាររងាពេកបានងងឹតមុខដួលចូលក្នុងភ្នក់ភ្លើង បណ្តាលឱ្យរលាកមួយកំណាត់ខ្លួនត្រឹមភ្លៅមកក្រោមធ្ងន់ធ្ងរ ។ គ្រោះអកុសលនេះបានកើតឡើងទៅលើ លោកតារងគ្រោះឈ្មោះសូ សឹម មានទីលំនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល កាលពីថ្ងៃទី៩ មករា ឆ្នាំ២០១១ វេលាម៉ោង៥និង៣០នាទីព្រឹក ។ បើតាមបុរសជាកូនបានប្រាប់កោះសន្តិភាពថា នៅថ្ងៃកើតហេតុវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ខ្លួនបានដឹកក្របីយកទៅចងឱ្យសីុស្មៅនៅវាលស្រែ រីឯឪពុកខ្លួនដោយសាររងាពេក ក៏ចេញមកបង្កាត់ភ្លើងដោយគរចំបើងជាភ្នក់ ដើម្បីដុតអាំងកំដៅខ្លួនប្រាណ ។ពេលភ្លើងកំពុងឆេះសន្ធោសន្ធៅឪពុករបស់ខ្លួនក៏បានដាក់គូទអង្គុយចុះដើម្បីអាំងភ្លើ ង ស្រាប់តែគាត់ងងឹងមុខដួលផ្កាប់មុខទៅរកភ្នក់ភ្លើង តែសំណាងល្អដែរ ដោយសារភ្នក់ភ្លើងតូចពេលដួលទៅផុតខ្លួនតែជង្គង់នៅចំកណ្តាលភ្នក់ភ្លើង បណ្តាលឱ្យរលាកត្រឹមភ្លៅទាំង២មកក្រោមធ្ងន់ធ្ងរ ហើយឪពុករបស់ខ្លួនក៏បានសន្លប់នៅពេលនោះដែរ ។ ប្រហែល១០នាទីក្រោយមក ពេលខ្លួនត្រឡប់មកពីចងក្របីវិញឃើញក៏ស្រែកឆោឡោហៅអ្នកជិតខាងមកជួយ លើកគាត់ចេញពីភ្នក់ភ្លើង រួចប្រញាប់ប្រញាល់ហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។តាមការពិនិត្យលោកតារបួសជង្គង់ទាំងពីរធ្ងន់ធ្ងរ មិនដឹងថា អាចព្យាបាលបាន ឬត្រូវកាត់ជើងទាំងពីរចោលនោះទេ ព្រោះក្បាលជង្គង់ត្រូវភ្លើងឆេះរលេះរលួយគួរឱ្យសង្វេគ ។ អ្នកឃើញហេតុការណ៍នេះនិយាយថា សំណាងដែរភ្នក់ភ្លើងចំបើងឆាប់រលត់ បើភ្នក់ភ្លើងអុសវិញ ប្រហែលលោកតាមិនអាចរស់បានទេក្នុងរយៈពេល១០នាទី នៅក្នុងភ្នក់ភ្លើងនោះ ៕
