ខេត្តកំពង់​ឆ្នាំង​ ៖ អតីត​ទាហាន​ម្នាក់​ដែល​ពិការ​ដាច់​ជើងឆ្វេង​ត្រឹម​ស្មងក្នុង​សង្គ្រាម ​ពេល​នេះ​បាន​លើក​ដៃ​សំពះ​អង្វរ​ករ​សប្បុរសជន​ឱ្យជួយ ​ដោយសារ​រូប​គាត់​ជាជន​ក្រីក្រ​ហើយ​ធ្លាក់​ខ្លួនឈឺ​ជាទម្ងន់​ (ក្អួតធ្លាក់ឈាម)​ ដែល​ត្រូវ​​ចេញពី​មន្ទីរពេទ្យ​​​ខេត្ត​វិញ ពីព្រោះ​ស្ថានភាព​ធ្ងន់​ធ្ងរ​​ពេក​។ នៅព្រឹក​ថ្ងៃទី​១ ខែមករា​ ប្រជាពលរដ្ឋ​ជា​អ្នក​ជិត​ខាង​បាន​​រៃលុយ​គ្នា​ដើម្បី​ឱ្យ​គាត់​ធ្វើ​សោហ៊ុយ​​​ទៅព្យាបាល​​នៅមន្ទីរ​ពេទ្យ​ សម្តេចឪ ឯរាជធានីភ្នំពេញ​ទៀត​។ បុរស​ពិការ​រូបនេះ ​ឈ្មោះ​​គន សុខុម អាយុ​៥៨ឆ្នាំ រស់​នៅភូមិ​ផ្សារ​លើ សង្កាត់​​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ មាន​ប្រពន្ធ​​និងកូន​​​៦​នាក់ក្នុង​បន្ទុក។ គាត់​បាន​រៀបរាប់​ថា រូប​គាត់​ពិការ​ជើង​នៅ​ឆ្នាំ​១៩៨៧ ខណៈ​ធ្វើ​ទាហាន​នៅ​វរៈ៥ ខេត្ត​កំពង់​ឆ្នាំង ហើយ​ត្រូវ​បាន​បញ្ជូន​​ឱ្យ​ទៅ​ឈរ​ជើង​នៅ​ផ្លូវ​ដែក​ក្នុងភូមិ​សាស្ត្រ​ក្តុល ស្រុកទឹក​ផុស ដែល​កាលណោះ​គាត់​បាន​​ជាន់មីន​របស់​ខ្មែរ​ក្រហម​។ក្រោយ​ពី​ធ្លាក់​ខ្លួន​ពិការ​ គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ប្រកប​របរ​បររទេះ​​សេះ​ដល់​សព្វ​ថ្ងៃ​ ដើម្បី​ចិញ្ចឹម​គ្រួសារ​ដែល​មាន​កូន​៦​នាក់។ លុះប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ​ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ជាទម្ងន់​ ឯពេទ្យ​មិន​បាន​ប្រាប់​ថា ជាជំងឺ​អ្វី​ទេ តែគាត់​ចេះ​តែ​ដុនដាបទៅៗ​ ​ក៏សុំ​ចេញ​ពីមន្ទីរ​ពេទ្យ​ខេត្ត​នៅ​ថ្ងៃទី​១ មករា។ គាត់​បន្តថា គាត់​ចង់​ទៅព្យាបាល​​នៅមន្ទីរ​ពេទ្យ​​សម្តេច​ឪ​ឯរាជ​ធានីភ្នំពេញ ព្រោះ​ការ​ព្យាបាល​​មិន​បង់​លុយ ទើប​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ខាង​មាន​ការ​អាណិត​អាសូរ​បាន​រៃលុយ​គ្នា​ឱ្យ​គាត់​បាន​ធ្វើ​សោហ៊ុយ​ទៅ​ព្យាប ាល។ គាត់​បាន​លើក​ដៃ​សំពះ​អង្វរករសប្បុរស​ជន​តាម​រយៈ​សារព័ត៌​មាន​កោះ​សន្តិភាព​ សូមមេត្តា​ជួយ​ឧបត្ថម្ភ​ដល់​រូបគាត់​ផងចុះ។ លោក​ឌិត ច័ន្ទ មេភូមិ​ផ្សារ​លើ​ក៏​បាន​និយាយ​ដែរថា​ គ្រួសារ​នេះ​ពិតជា​ក្រីក្រ​បំផុត​មែន ​គ្មាន​​ដីស្រែ​ធ្វើ​ទេ ពឹងតែមុខរបរ ​បររទេះសេះមួយមុខគត់​៕