រាជធានីភ្នំពេញ ៖ យុវ​ជន​​ចំនួន​៣​នាក់​បាន​ត្រូវ​​ក្រុម​សន្តិ​សុខ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ មករា ​ខណៈ​ពេល​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ដី​ឡូត៍​លេខ​១៦០ ផ្លូវ​លេខ​២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ដោយ​ចោទ​ថា ប៉ុន​ប៉ង​លួច ។ ទោះ​បី​ជា​យ៉ាង​ណា​ ​យុវ​ជន​ទាំង​៣​​នាក់​នេះ​បាន​ប្រកែក​​ថា ពួក​ខ្លួន​​​ផ្លោះ​របង​ចូល​ទៅ​នោះ​មិន​មែន​​ប៉ុន​ប៉ង​លួច​ទេ គឺ​​​ចូល​ទៅ​សំងំ​ហិត​កាវ​ប៉ុណ្ណោះ ។យុវ​ជន​​ទាំង​បី​នាក់​នេះ​​ ១-ឈ្មោះ​​ច័ន្ទ សុភ័ក្រ្ត អាយុ​១៨​ឆ្នាំ ២-ឈ្មោះ​​សំ បូរ៉ា អាយុ​១៧​ឆ្នាំ និង​៣-ឈ្មោះ​​ឡាយ ពេជ្រ អាយុ​១៧​ឆ្នាំ ​ទាំង​អស់​គ្នា​ស្នាក់​នៅ​ក្នុង​មណ្ឌល​អង្គ​ការ​មិត្ត​សំលាញ់​ ស្ថិត​​​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។ តាម​​មន្ត្រី​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា​​យុវ​ជន​ទាំង​៣​នាក់​នេះ​ បាន​នាំ​គ្នា​ផ្លោះ​របង​ចូល​ដី​ឡូត៍​លេខ​១៦០ ផ្លូវ​លេខ​២៥៥ សង្កាត់​​បឹង​សាឡាង គោល​បំណង​លួច ។ ខណៈ​ពេល​នោះ​ឈ្មោះ​ប៉ែន តារា ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ជា​មន្ត្រី​​ប៉ូលិស​ រួម​ទាំង​សន្តិ​សុខ​យាម​​ផ្ទះ​ឃើញ​ទាន់ នាំ​គ្នា​ដេញ​​ចាប់​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថ​កិច្ច​​ប៉ូលិស​ប៉ុស្តិ៍ ។ទោះ​បី​ជា​យ៉ាង​ណា យុវ​ជន​ទាំង​នោះ​ពុំ​ទាន់​លួច​បាន​សំភារ​ឡើយ ។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ យុវជន​ទាំង​នេះ​​បាន​​ឆ្លើយ​​ថា ខ្លួន​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ដី​ឡូត៍​នោះ​​​ប្រាកដ​មែន តែ​ពុំ​​មាន​បំណង​លួច​​ទេ គឺ​ពួក​គេ​​ផ្លោះ​​​ចូល​ដើម្បី​សំងំ​ហិត​កាវ​ប៉ុណ្ណោះ​ តែ​មិន​ទាន់​បាន​ហិត​ផង​ក៏​​ត្រូវ​គេ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ ៕