ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ស្រូវប្រជាពលរដ្ឋចំនួន២ឃុំ នៅស្រុកមង្គលបុរី ជាង២៣ហិកតា ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៥ មករា ឆ្នាំ២០១១ កន្លងទៅនេះ ។#នៅក្នុងហេតុការណ៍ភ្លើងរាលដាលឆេះស្រូវនោះ គេសង្កេតឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្ត២គ្រឿង រួមទាំងកងកំលាំងខេត្ត ស្រុកមង្គលបុរី លោកអភិបាលស្រុកមង្គលបុរី លោកមេឃុំទាំង២ គឺឃុំរហាត់ទឹក និងឃុំបត់ត្រង់ រួមទាំងកងកំលាំងកងរាជអាវុធហត្ថស្រុក និងប្រជាពលរដ្ឋបានចុះជួយធ្វើអន្តរាគមន៍ពន្លត់ផងដែរ ។ប៉ុន្តែដោយសារពេលនោះមានខ្យល់បោកបក់យ៉ាងខ្លាំង ដែលធ្វើឱ្យស្រូវប្រជាពលរដ្ឋជាង២៣ហិកតានោះ ពុំអាចជួយសង្គ្រោះបាន ព្រោះល្បឿននៃការឆេះនោះ វាលឿនខ្លាំងពេកទៅតាមកំលាំងខ្យល់បោកបក់ ។ តែទោះបីជាយ៉ាងណា អាជ្ញាធរស្រុក កងកំលាំងនគរបាល និងកងរាជអាវុធហត្ថ រួមទាំងប្រជាពលរដ្ឋបានសហការទប់ស្កាត់ និងសង្គ្រោះបានស្រូវ ជាច្រើនរយហិកតាផ្សេងទៀត ដែលខ្លះច្រូតរួចមិនទាន់ប្រមូលជាកណ្តាប់ និងខ្លះទៀតមិនទាន់ច្រូត ។តាមរបាយការណ៍របស់អាជ្ញាធរស្រុកក៏ដូចជានគរបាលស្រុកមង្គលបុរី បានបង្ហាញឱ្យដឹងថា វាលស្រែដែលត្រូវអគ្គីភ័យឆាបឆេះនោះ គឺប៉ះពាល់២ឃុំក្នុងស្រុកមង្គលបុរី មានឃុំបត់ត្រង់ ប៉ះពាល់មួយភូមិ គឺភូមិខ្ទុំរាយខាងកើត អស់ចំនួន៣ហិកតា និងឃុំរហាត់ទឹកប៉ះពាល់ចំនួន៤ភូមិ គឺភូមិក្រមល់,ខ្ទុះជ្រុំ ពោធិ៍២ដើម រហាត់ទឹក សរុប២០ហិកតាកន្លះ ។តាមសំដីប្រជាពលរដ្ឋដែលកំពុងប្រមូលផលស្រូវនៅវាលស្រែកន្លែងកើតហេតុ បានឱ្យសមត្ថកិច្ច និងអាជ្ញាធរស្រុកមង្គលបុរីដឹងថា ភ្លើងផ្តើមឆេះមុនដំបូងចេញពីភូមិសាស្ត្រ ឃុំបត់ត្រង់ ហើយឆេះរាលឆ្លងមកឃុំរហាត់ទឹក ។ មុនពេលឆេះពួកគាត់បានឃើញគោយន្តច្នៃមួយគ្រឿងដឹកម៉ាស៊ីនបោកស្រូវបើកកាត់តាមវាលស្រែ ផុតប្រហែល១គីឡូម៉ែត្រ ស្រាប់តែមានភ្លើងឆេះតែម្តង ។លោកអី ឡុង អភិបាលស្រុកមង្គលបុរី និងលោកវរសេនីយ៍ឯក ចាន់ តារា ស្នងការរងជាប្រធានការិយាល័យកណ្តាល ស្ថិតិអគ្គីភ័យដែលបានចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុបានមានប្រសាសន៍ថា មូលហេតុដែលបង្កឱ្យកើតមានមហន្តរាយនេះ សមត្ថកិច្ចពុំទាន់សន្និដ្ឋានបាននៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់សិន ៕

