ខេត្ត​បាត់ដំបង ៖ ​សមត្ថ​កិច្ច​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត បាន​ចាប់​ខ្លួន​ស្ត្រី​វ័យ​៦៤​ឆ្នាំ ម្នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មករា នៅ​នឹង​ផ្ទះ​របស់​គាត់​​ដែល​ស្ថិត​នៅ​ភូមិ​វត្ត​​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ក្រោយ​ពី​​សមត្ថ​កិច្ច​បើក​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជិត​១​ខែ ​យោង​តាម​​បណ្តឹង​របស់​អង្គ​ការ​​ក្រៅ​រដ្ឋា​ភិបាល​​មួយ​ដោយ​ចោទ​ប្រកាន់​​ស្ត្រី​រូប​នេះ​ថា មាន​ការ​ពាក់​ព័ន្ធ​​​នឹង​ការ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់។ ​លោក​កុយ ហៀង នាយ​ការិយា​ល័យ​ប្រឆាំង​​​ការ​ជួញ​ដូរ​មនុស្ស​​និង​ការ​ពារ​អនីតិ​ជន​បាន​ថ្លែង​ថា ស្ត្រី​ដែល​ជាប់សង្ស័យ​​នោះ​​ឈ្មោះ​ឡៃ ហៀង អាយុ​៦៤​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ។ ​ស្ត្រី​រូប​នេះ​មាន​ជាប់សង្ស័យ​​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​មិន​ស្រប​ច្បាប់​​ទៅ​ប្រទេស​ម៉ាឡេស៊ី ​តាម​រយៈ​ក្រុម​ហ៊ុន «ធី អេន ភី» មាន​ទីតាំង​នៅ​​​រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​មុន​ ។ ឯ​ក្មេង​ស្រី​រងគ្រោះ​​ជា​ក្មេង​អនា​ថា​ និង​ជា​អនីតិ​ជន​​ទៀត​ឈ្មោះ​​រុន សិទ្ធ​ឌី អាយុ​១៣​ឆ្នាំ ​មាន​ស្រុក​​កំណើត​​នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់។ ​លោក​កុយ ហៀង បាន​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​បាន​នាំ​ក្មេង​នេះ​ទៅ​កាន់ក្រុម​ហ៊ុន «ធី អេន ភី» នៅ​ភ្នំពេញ ដើម្បី​បាន​ចេញ​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ប៉ុន្តែ​ដោយ​នាង​គ្មាន​ឯក​សារ​បញ្ជាក់​ពី​អាយុ​​គ្រប់​​គ្រាន់ ទើប​ក្រុម​ហ៊ុន​ប្រាប់​ស្ត្រី​​ជាប់​សង្ស័យ​នេះ​​ឱ្យ​​មក​បំពេញ​​ឯក​សារ​នៅ​ភូមិ​-ឃុំ​ជា​ថ្មី ដោយ​ក្រុម​ហ៊ុន​ជា​អ្នក​ចេញ​សោហ៊ុយ​​ឱ្យ​​ចំនួន​១០​ម៉ឺន​​រៀល ​ទោះ​បី​ជា​ក្រុម​ហ៊ុន​ដឹង​ថា ក្មេង​​ស្រី​នេះ​មាន​អាយុ​តិច​ជាង​១៤​ឆ្នាំ​ក្តី ។ស្ត្រី​ជាប់សង្ស័យ​ឈ្មោះ​ឡៃ ហៀង អាយុ​​៦៤​ឆ្នាំ បាន​និយាយ​ប្រាប់​​សមត្ថ​កិច្ច​ថា គាត់​បាន​ប្រទះ​​ឃើញ​​កុមារី​នោះ​ក្នុង​គ្រា​ដែល​នាង​កាន់​​​​ថង់​​​ខ្មៅ​មួយ​ឈរ​រេរា​នៅ​ខាង​មុខ​ផ្ទះ​គា ត់​កាល​ពីឆ្នាំ​មុន ​ហើយ​គាត់​ក៏​​យក​មក​​​នៅ​ជា​មួយ​ ក្រោយ​ពី​សួរ​នាំ​​ទៅ​នាង​ប្រាប់​ថា គ្មា​ន​ឪពុក​ម្តាយ។ ​​យាយ​​ឡៃ ហៀង បាន​បន្ត​ថា គាត់​បាន​យក​កុមារី​នេះ​ទៅ​កាន់​ក្រុម​ហ៊ុន «ធី អេន ភី» នៅ​ភ្នំពេញ ក្រោយ​​ពី​យក​នាង​មក​ចិញ្ចឹម​​បាន​មួយ​​សប្តាហ៍ ដើម្បី​​ឱ្យ​នាង​បានចេញ​ទៅ​ធ្វើការ​​នៅ​ម៉ាឡេ​ស៊ី ប៉ុន្តែ​ដោយ​គាត់​មិន​មាន​ឯក​សារ​គ្រប់​គ្រាន់​​ទើប​ក្រុម​ហ៊ុន​ឱ្យ​គាត់​យក​នាង​​ឱ្យ​ទៅ​បំពេញ​ឯក​សារ​សំ បុត្រ​កំណើត​ពី​មូល​ដ្ឋាន​សិន ហើយ​​ក្រុម​ហ៊ុន​ប្រាប់​ឱ្យ​​គាត់​ធ្វើ​យ៉ាង​ណា​ដាក់​អាយុ​នាង​គ្រប់​​ក្នុង​ក្រប​ខណ្ឌ​ការ​ងារ ហើយ​ភាគី​ក្រុម​ហ៊ុន​បាន​ចេញ​សោហ៊ុយ​ធ្វើ​ឯក​សារ​នេះ ចំនួន​១០​​មឺុន​រៀល​ទៀត​ផង ។ស្ត្រី​វ័យ​៦៤​ឆ្នាំ ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​បំពេញ​ឯក​សារ​នោះ​​ គឺ​គាត់​បាន​ឱ្យ​អាជ្ញា​ធរ​​ភូមិរំចេក​៤ សង្កាត់​រតនៈ ជាអ្នក​ធ្វើ​ឱ្យ​​ ព្រោះ​សៀវ​ភៅ​​គ្រួសារ​គាត់​បាន​ធ្វើ​នៅ​ទី​នោះ មុន​ពេល​គាត់​ទៅ​រស់​នៅ​សង្កាត់​ចំការ​​សំរោង សព្វ​ថ្ងៃ។ ​ស្ត្រី​រូប​នេះ​បាន​ប្រាប់​ឱ្យ​​​ដឹង​ថា គាត់​ដំឡើង​​អាយុ​​កុមារី​នេះ​​ពី ១៣​ឆ្នាំ​ដល់​១៩​ឆ្នាំ ដោយ​យក​ឈ្មោះ​​កូន​ប្រុស​គាត់​​ដាក់​ជំនួស តែ​​កែ​ភេទ​ជា​ស្រី​តំរូវ​កុមារី​នេះ។ ក្រោយ​មក​ក្រុម​ហ៊ុន​​ក៏​ទទួល​យក​ទៅ​ប្រទេស​ម៉ាឡេ​ស៊ី បន្ទាប់​ពី​នាង​​រៀន​សូត្រ​ និង​ធ្វើ​តេស្ត​ជាប​់នៅ​កន្លែង​ក្រុម​ហ៊ុន​ខាង​លើ​នេះ។ ​ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​បញ្ជូន​មក​កម្ពុជា​​វិញ ​ក្រោយ​​​ពី​ចេញ​​ទៅ​ធ្វើ​ការ​បាន​១​ខែ​ប៉ុណ្ណោះ ​ដោយ​សារ​នាង​ក្មេង​ពេក​ធ្វើ​ការងារ​មិន​កើត។ លុះ​​​នៅ​ថ្ងៃ​ទី​៥ មករា​ ​គាត់​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដោយ​ជាប់​ពាក់​ព័ន្ធ​​នឹង​ក្មេង​ស្រី​នេះ។មេ​ភូមិ​រំចេក​៤ និង​លោក​យស់ យឿន ចៅ​សង្កាត់​​រតនៈ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ មករា ប៉ុន្តែ​លោក​យស់ យឿន ត្រូវ​បាន​ស្រង់​សំដី​ថា ​លោក​បាន​បំពេញ​សំណុំ​ឯក​សារ ឬ​​ធ្វើសំបុត្រ​​កំណើត​ឱ្យ​ក្មេង​ស្រី​នោះ​តាម​​ការ​​បំពេញ​បែ​ប​បទ​ពី​លោក​មេ​ភូមិ​រំចេក​៤ តែប៉ុណ្ណោះ។ ​លោក​កុយ ហៀង នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​​អនីតិ​ជន​បាន​បញ្ជាក់​​ថា​ ស្ត្រី​ជាប់​​សង្ស័យ​នេះ​​មាន​ចេតនា​​កុហក​​អាជ្ញា​ធរ ដើម្បី​ចង់​នាំ​ក្មេង​ស្រី​នេះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​យក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ។ លោក​​បាន​បន្ថែម​ទៀត​ថា ក្មេង​ស្រី​នោះ​ជា​ក្មេង​​អនាថា​​ដោយ​​នាង​ដើរ​ចេញ​ពី​ផ្ទះ​រយៈ​ពេល​៥​ឆ្នាំ កន្លង​​មក​ហើយ ​ប៉ុន្តែ​ពេល​នេះ​អាណា​ព្យា​បាល​របស់​នាង​បាន​ស្លាប់​​អស់​​ទៅ​ហើយ សល់​តែ​សាច់​ញាតិ​ប៉ុណ្ណោះ ។ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កំហុស​នាំ​ក្មេង​ស្រី​ដែល​ជា​អនីតិ​ជន​ចេញ​ទៅ​បំរើ​ការ​ក្រៅ​ប្រទេស​នេះ ភាគី​ក្រុម​ហ៊ុន​អាច​មាន​កំហុស​​៤០​ភាគ​រយ ក្នុង​ការ​ទទួល​ខុស​​ត្រូវ​លើ​ករណី​នេះ ។ ​កោះ​សន្តិ​​ភាព​មិន​អាច​ស្វែង​រក​ប្រភព​ណា​មួយ​ដើម្បី​​ទាក់​ទង​ភាគី​​ក្រុម​ហ៊ុន «ធី​ អេន ភី» នៅ​រាជ​ធានីភ្នំពេញ​បាន​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ មករា ។ ​លោក​ជេត វណ្ណនី ស្នង​ការ​រង​ និង​ជា​​ប្រធាន​ការិ​យា​ល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​បាន​មាន​ប្រសាសន៍​ថា បើ​​យោង​​លើ​សំណុំ​រឿង​នេះ អាជ្ញា​ធរ​មូល​ដ្ឋាន​ដែល​ចេញ​សំបុត្រ​​កំណើត​ដំឡើង​អាយុ​ឱ្យ​ក្មេង​ស្រី​ និង​ភាគី​​ក្រុម​ហ៊ុន​​ដែល​​បង្គាប់​ឱ្យ​យាយ​ឡៃ ហៀង ធ្វើ​តាម​ខ្លួន​ ហើយ​ថែម​ទាំង​ផ្តល់​ប្រាក់​ដើម្បី​ធ្វើ​ការ​ងារ​នេះ​ទៀត គឺ​ពួក​គេ​​​ក៏​មាន​កំហុស​ដែរ ប៉ុន្តែ​សំណុំ​រឿង​នេះ​វា​ស្ថិត​​លើ​ការ​សើុប​អង្កេត​របស់​តុលា​ការ​នា​ពេល​ក្រោយ​តែ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ថា ដើម​បណ្តឹង​​លើ​ករណី​នេះ​គឺ​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​មួយ​ដែល​បាន​ជួប​ក្មេង​ស្រី​នេះ​ក្រោយ​ពី​នាង ​មក​កម្ពុជា​វិញ ៕