រាជ​ធានី​ភ្នំ​ពេញ​ ៖ លោក​គិត​ សុផា អភិ​បាល​​ខណ្ឌ​ដង្កោ​បាន​ស្នើ​សុំ​ឱ្យ​ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​អាចារ្យ​គ្រប់​វត្ត​អារាម​ទូ​ទាំង​ខណ្ឌប្រកាន់​យក​ធម៌​សាមគ្គី​ កុំ​ច្រណែន​និន្ទា​ឈ្នានីស​គ្នា​ កុំ​ដណ្តើម​អំណាច​គ្នា​ ​នាំ​ឱ្យ​កើត​មាន​អធិករណ៍​បែក​បាក់​ផ្ទៃ​ក្នុង​វត្ត។ លោក​សូម​ឱ្យ​ចេះ​គោរព​​គ្នា​​តាម​ឋានា​នុ​ក្រម​ និង​រួប​រួម​គ្នា​កសាង​ទី​វត្ត​អារាម​ឱ្យ​មាន​ការ​រីក​ចំរើន​ ហើយ​ព្រះ​ចៅ​អធិការ​វត្ត​ត្រូវ​តែ​ចេះ​គ្រប់​គ្រង​ និង​ចាត់​ចែង​ការ​ងារ​ឱ្យ​មាន​ភាព​រលូន​ ចៀស​វាង​មាន​​ភាព​រកាំ​រកូស​កើត​ឡើង។ សំរាប់​គណៈ​កម្មការ​អាចារ្យ​វត្ត​ទាំង​​អស់​មិន​ត្រូវ​ធ្វើ​អ្វីៗ​បំពាន​ទៅ​លើ​ព្រះ​ចៅ​អធិការ​ និង​ព្រះ​សង្ឃ​ដែល​នាំ​ឱ្យ​មាន​ការ​បែក​បាក់​ឡើយ​ ជា​ពិសេស​ចៀស​វាង​ឱ្យ​បាន​ការ​បែង​ចែក​បក្ស​ពួក​ និងពុះ​វត្ត​​ជា​ពីរ​។​លោក​អភិ​បាល​ខណ្ឌ​ដង្កោ​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ខណៈ​ពេល​​អញ្ជើញ​ចូល​រួម​ន ៅ​ក្នុង​កិច្ច​ប្រជុំ​ព្រះ​សង្ឃ​ទូ​ទាំង​ខណ្ឌ​កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​មករា ឆ្នាំ​២០១១ នៅ​ក្នុង​វត្ត​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ កិច្ច​ប្រជុំ​សង្ឃ​នោះ​​ក្រោម​ព្រះ​អធិបតី​​​ភាព​ព្រះ​សុមេ​ធិ​វង្សា​អឿ សំអាន ព្រះ​អនុ​គណ​ខណ្ឌ​ដង្កោ​ និង​ជា​ចៅ​អធិការ​វត្ត​ជម្ពូ​វ័ន​ ព្រម​ទាំង​​មាន​ការ​និមន្ត​ចូល​រួម​​ពី​ព្រះ​ចៅ​អធិ​ការ ​​គ្រូ​សូត្រ​ស្តាំ ​គ្រូ​សូត្រ​​ឆ្វេង​តាម​បណ្តា​​វត្ត​នានា ​ជា​ពិសេស​វត្ត​ទើប​កាត់​ចូល​ថ្មី​ចំនួន​២២​វត្ត​ និង​អញ្ជើញ​ចូល​រួម​ពី​លោក​សេង គន្ធ អភិ​បាល​រង​ខណ្ឌ​ ព្រម​ទាំង​គណៈ​កម្មការ​អាចារ្យ​វត្ត​ផង​ដែរ​។ព្រះ​តេជគុណ​អឿ សំអាន ​មាន​សង្ឃ​ដីកា​ថា ការ​ប្រជុំ​នា​ពេល​នេះគឺ​ដើម្បី​ឱ្យ​ព្រះ​សង្ឃ ​​គណៈ​កម្មការ​អាចារ្យ​វត្ត​ចំនួន​២២​វត្ត​ដែល​ទើប​កាត់​​ចូល​​ថ្មី និង​ព្រះ​សង្ឃ​​ គណៈ​កម្ម​ការ​អាចារ្យ​វត្ត​ដែល​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ចាស់​យូរ​មក​ហើយ​ចំនួន​៣៩​វត្ត​សរុប​ទាំង​អស់​ចំនួន​ ៦១​វត្ត​បាន​ស្គាល់​គ្នា​ ជា​ពិសេស​បាន​ស្គាល់​ព្រះ​អង្គ​ដែល​ជា​អនុគណ​ខណ្ឌ ព្រម​ទាំង​មន្ត្រី​សង្ឃ​នៅ​សាលា​អនុ​គណ​ខណ្ឌ​ និង​ជាង​នេះ​ទៅ​​ទៀត​លោក​អភិ​បាល​ និង​គណៈ​​អភិ​បាល​ខណ្ឌ​ មន្ត្រី​មន្ទីរ​ការិយា​ល័យ​ធម្ម​ការ​ទាំង​អស់​ ។នៅក្នុង​ឱកាស​នោះ​​ដែរ ព្រះ​អង្គ​បាន​ណែ​នាំ​ដល់​ព្រះ​សង្ឃ​ទាំង​អស់​ប្រតិ​បត្តិ​​ទៅ​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា​ ត្រូវ​សាម​គ្គី​ភាព​គ្នា​ ត្រូវ​លះ​បង់​ចិត្ត​អាក្រក់​ចេញ​ឱ្យ​​អស់​ និង​ត្រូវ​​ដឹង​ថា ទី​វត្ត​អារាម​នីមួយៗ​រីក​ចំរើន​និង​មាន​កិត្តិ​យស​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​គោរព​ គឺ​អាស្រ័យ​ដោយ​ព្រះ​សង្ឃ​ប្រតិ​បត្តិ​ល្អ​តាម​ធម៌​វិន័យ ​គ្មាន​ការ​បែក​បាក់​​គ្នា គ្មាន​ការ​ឈ្លោះ​ទាស់​ទែង ខ្វែង​គំនិត​គ្នា​ដែល​បង្កើត​ឱ្យ​មាន​រឿង​អាស្រូវ​សំរាប់​វត្ត​របស់​ខ្លួន​ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ត្រូវ​តែ​គោរព និង​ស្រឡាញ់​ជាតិ ​សាសនា​ ព្រះ​មហាក្សត្រ។លោក​គិត សុផា អភិ​បាល​ខណ្ឌ​ដង្កោ​​បាន​ថ្លែង​​ថា កន្លង​មក​មាន​វត្ត​មួយ​ចំនួន​​មាន​សង្ឃ​ និង​គណៈ​កម្ម​ការ​អាចារ្យ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​​​ព្រះ​ពុទ្ធ​សាសនា​ និង​មាន​អធិករណ៍​កើត​ឡើង​ធ្វើ​ឱ្យ​វត្ត​អស់​ជំនឿ​ពី​​ពុទ្ធ​បរិ​ស័ទ​ និង​ធ្វើ​ឱ្យ​លំបាក​ក្នុង​ការ​​ដោះ​ស្រាយ​។ ​លោក​ស្នើ​​សុំ​ឱ្យ​ព្រះ​សង្ឃ​ទាំង​អស់​​ចៀស​វាង​​ឱ្យ​បាន​ការ​ខុស​ឆ្គង គឺ​​ត្រូវ​ធ្វើ​អ្វីៗ​ឱ្យ​សម​រម្យ។ ​កន្លង​មក​មាន​ព្រះ​សង្ឃ​មួយ​ចំនួន​ប្រើ​ទូរ​ស័ព្ទ​ដៃ​បញ្ចូល​បទ​ចំរៀង​មនោ​សញ្ចេត​នា​ ឬ​ក៏​អាច​បញ្ចូល​រឿង​អាស​អាភាស​ទៀត​ផង​។ មិន​តែ​ប៉ុណ្ណោះ​ព្រះ​សង្ឃ​ខ្លះ​ទៅ​គង់​កន្លែង​បញ្ចូល​បទ​ភ្លេង​ទូរ​ស័ព្ទ​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ដែល​ធ្វើ​បែប​នេះ​មិន​សម​នឹង​ភ្នែក​មហា​ជន​ឡើយ​។លោក​​អភិ​បាល​ខណ្ឌ​​បន្ត​ថា លោក​ជឿ​ជាក់​ថា ព្រះ​សង្ឃ​​ទាំង​អស់​ នឹង​ចៀស​វាង​ឱ្យ​ឆ្ងាយពី​​​បញ្ហា​ខាង​លើ​ ហើយ​ចំពោះ​ទូរ​ស័ព្ទ​ត្រូវ​តែ​ប្រើ​ ព្រោះ​ជា​សម័យ​ជឿន​លឿន ប៉ុន្តែ​គួរ​តែ​ដាក់​សំលេង​រោទ៍​បែប​ធម្ម​ជាតិ​របស់​វា​ទៅ​ល្អ​ជាង​។ លោក​ក៏​សំណូមពរ​ផង​ដែរ​ដល់​គណៈ​កម្ម​ការ​អាចារ្យ​វត្ត​ទាំង​អស់​ធ្វើ​អ្វីៗដើម្បី​វត្ត​រីក​ចំរើន​ និង​មាន​ការ​ឯក​ភាព​ពី​ព្រះ​ចៅ​អធិការ​ គ្រូ​សូត្រ​ស្តាំ​ ឆ្វេង កុំ​ធ្វើ​អ្វី​ខ្វះ​ការ​​ឯក​ភាព​គ្នា ជា​ពិសេស​កុំ​បូម​យក​​បច្ច័យ​ពី​វត្ត​ទៅ​ផ្ទះ​ចិញ្ចឹម​គ្រួសារ​ឱ្យ​សោះ​៕