ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​បាន​ក្លាយ​ទៅ​ជា​ចំណី​ព្រះ​អគ្គី​​​នៅ​កណ្តាល​វាល​ស្រែ​ឆ្ងាយ​ដាច់​ស្រយាល​ ពី​ភូមិ។ ហេតុ​ការណ៍​​ឆេះ​រថយន្ត​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១១ ​តាម​បណ្តោយ​ផ្លូវ​រទេះ និង​គោ​យន្ត​ទៅ​កាន់​ភ្នំ​​កូន​ដំរី​ ខាង​ជើង​ភ្នំ​កូន​ដំរី​ចំងាយ​៥០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រះ​នេត្រ​ព្រះ ស្រុក​ព្រះ​នេត្រ​ព្រះ។ ​រឿង​ហេតុ​​បែប​នេះ​កម្រ​កើត​មាន​ណាស់​​​ចំពោះ​​រថយន្ត​ទំនើប​​ ព្រោះ​ភាគ​ច្រើន​គេ​​​​ធ្លាប់​​​​​​តែ​​ឃើញ​រថយន្ត​​ចាស់​ឆេះ​ដោយ​សារ​ឆ្លង​ភ្លើង​ ឬ​ហៀរ​​ប្រេង​សាំង​ លុះ​រថយន្ត​​ទំនើប​ត្រូវ​ភ្លើង​ឆេះ​​កណ្តាល​វាល​ស្រែ​បែប​នេះ ​ពិត​ជា​​ប្លែក​មែន។​មន្ត្រី​​ប៉ូលិស​ចរាចរ​ស្រុក​ព្រះ​នេត្រ​ព្រះ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដែល​ក្លាយ​ទៅ​ជា​ចំណី​​ព្រះ​អគ្គី​​​សល់​តែ​​គ្រោង​ឆ្អឹង​នេះ ម៉ាក​តូយូតូ​កាម​រី​ឆ្លាម ចង្កូត​ឆ្វេង ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-8405 បើក​​​បរ​ដោយ​ឈ្មោះ​​ហួតសំណាង​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អាណិក​​ជន​ខ្មែរ​​នៅ​ប្រទេស​អូស្ត្រាលី មក​លេង​បង​ប្អូន​នៅ​ភូមិឫស្សី​ក្រោក ឃុំ​​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ក្នុង​នោះ​មាន​អ្នក​រួម​ដំណើរ​៣​នាក់ ​ហើយ​រថយន្ត​ដែល​ឆេះ​នេះ​គឺ​ជា​រថយន្ត​ខ្ចី​គេ​ផង​ដែរ។មន្ត្រី​ប៉ូលិស​​រូប​នោះ​បាន​​បន្ត​ឱ្យ​​ដឹង​ ថា តាម​ការ​សាក​សួរ​​ អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​​នៅ​ទី​នោះ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​គោ​យន្ត​កន្ត្រៃ​​មួយ​គ្រឿង​ខូច​កណ្តាល​ផ្លូវ​​​ខណៈ​បើក​ទៅ​ដឹក​កណ្តាប់​ស្រូវ ពេល​នោះ​អ្នក​បើក​បរ​រថយន្ត​​បាន​បើក​គេច​​វាង​តាម​វាល​ស្រែ​ដោយ​មិន​ដឹង​ថា ស្រែ​​នោះ​ដី​​ទន់​​ទេ ​ពេល​​​បើក​ចូល​ទៅ​ក៏​​ជាប់​ផុង​រើ​មិន​រួច ។ ​ភ្លាម​នោះ​ពួក​គេ​ក៏​​បាន​យក​​ចំបើង​ដាក់​កល់​កង់​​រថយន្ត ហើយ​ជាន់​​ហ្គារ​រើ​ចេញ​ពី​ភក់​ ពេល​នោះ​រថយន្ត​តួង​កង់​រហូត​ដល់​ក្តៅ ​បណ្តាល​ឱ្យ​​ឆេះ​ចំ​បើង​ហើយ​​ឆេះ​​​ទាំង​រថយន្ត​​តែ​ម្តង។​តាម​ប្រភព​ព័ត៌​មាន​ពី​សាច់​ញាតិ​អ្នក​បើក​បរ ​​រថយន្ត ឈ្មោះ​ហួត សំណាង នេះ ​គឺ​ជា​អាណិក​ជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ពេល​មក​លេង​​ស្រុក​​ត្រូវ​បង​ប្អូន​នាំ​ដើរ​លេង​​ទៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះ​នេត្រ​ព្រះ ហើយ​ក៏​មាន​កម្ម​វិធី​ជប់​លៀង​ផង​ដែរ។ បន្ទាប់​មក​​​​បង​ប្អូន​នៅ​ទី​នោះ​ក៏​បាន​​អញ្ជើញ​​គាត់​ទៅ​ដុត​ត្រី​ហូប​នៅ​បឹង​តា​ជ្រាំ ​​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​​​ព្រះ​នេត្រ​ព្រះ។ ដោយ​ឈ្មោះ​ហួត សំណាង ​ចង់​ឃើញ​វាល​ស្រែ​វាល​ស្រូវ និង​កន្លែង​រក​​ត្រី​ផង​នោះ ក៏​​នាំ​គ្នា​​បើក​​រថយន្ត​មក​តាម​ផ្លូវ​រទេះ​គោ​យន្ត​ទៅ​​មើល​បង​ប្អូន​ដែល​កំពុង​​រក​ត្រី​នៅ​​ទី​ នោះ ​ក៏​ជួប​ហេតុ​ការណ៍​អកុសល​បែប​នេះ​ទៅ។លោក​អនុ​សេនីយ៍​ឯក កែវ ប៊ុន​យឿន អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ បាន​ឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​រថយន្ត​ឆេះ​​​អ្នក​បើក​បរ​ និង​អ្នក​​រួម​ដំណើរ​​ហាក់​បី​ដូច​ជា​មិន​សោក​​ស្តាយ​រថយន្ត​នោះ​ទេ ​ព្រោះ​ឃើញ​ពួក​គេ​នាំ​គ្នា​អង្គុយ​ផឹក​​​ស៊ីនៅ​ក្បែរ​រថយន្ត​​​នោះ​ទៀត នេះ​បើ​តាម​មន្ត្រី​​ប៉ូលិស​ចរា​ចរ​ស្រុក​​ដែល​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក។ ​​ទោះ​បី​ជា​បែប​ណា​ចាត់​ទុក​ថា​សំណាង​ល្អ​​ដែរ ដែល​​ភ្លើង​មិន​​បាន​ឆេះ​រាល​ដាល​ដល់​ស្រូវ​ប្រជា​ពល​រដ្ឋ​​​ ដែល​​ខ្លះ​ច្រូត​​កាត់​រួច​ទុក​កណ្តាប់​នៅ​វាល​ស្រែ​ ខ្លះ​ទៀត​មិន​ទាន់​ច្រូត​កាត់ ប៉ុន្តែ​ក៏​ឆេះ​កណ្តាប់​ស្រូវ​ម្ចាស់​ស្រែ​​​កន្លែង​រថយន្ត​ជាប់​​ផុង​នោះ​​អស់​ចំនួន​៤០​កណ្តាប់​​​ផង​ដែ រ តែ​ម្ចាស់​ស្រែ​មិន​រក​រឿង​ និង​ទារ​សំណង​ទេ៕