ខេត្ត​​បន្ទាយ​​មាន​ជ័យ ៖ រថយន្ត​​ម៉ាក​កាមរី​​ស៊េរី​​៩៣ មួយ​គ្រឿង ដឹក​កូន​ត្រី​កំភ្លាញ ​បាន​ក្រឡាប់​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​លេខ​៦ បណ្តាល​ឱ្យ​ខូច​​ស្ទើរ​ទាំង​ស្រុង ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​​នៅ​ចន្លោះ​ពី​ម៉ោង​២​ទៅ​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី ១២ មករា នៅ​ចំណុច​​​ភូមិ​កំពង់​ស្វាយ ​សង្កាត់​​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ។ អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បាន​​ស្គាល់​​​អត្ត​សញ្ញាណ​​ទេ​ក្រោយ​ពី​កើត​ហេតុ​ បាន​រត់​គេច​ខ្លួន​ ហើយ​​ត្រី​ក្នុង​រថយន្ត​ត្រូវ​​បក្ស​ពួក​មក​សាង​យក​ទៅ​​បាត់ ។​ប្រភព​ពី​​មន្ត្រី​នគរ​បាល​ចរា​ចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា តាម​សំដី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​​សមត្ថ​កិច្ច​ថា មុន​​ពេល​កើត​ហេតុ​​ គេ​ឃើញ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​នេះ បើក​បរ​​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​​លិច​ ពេល​មក​ជិត​ដល់​កន្លែង​​កើត​ហេតុ​ ស្រាប់​​តែ​ឃើញ​រថយន្ត​​នោះ​បាន​រេ​ចង្កូត​មក​ខាង​ឆ្វេង​ដៃ​ ហើយ​​អ្នក​បើក​បរ​​ខំ​​​​បួង​ចង្កូត​មក​ស្តាំ​ដៃ​វិញ ​បណ្តាល​ឱ្យ​រថយន្ត​ជ្រុល​ចង្កូត​​ធ្លាក់​​ពី​លើ​ផ្លូវ​ជាតិ​​ក្រឡាប់​ចូល​ទៅ​​ក្នុង​ប្រឡាយ ។​ប៉ុន្តែ​ករណី​នេះ ​មិន​បណ្តាល​ឱ្យ​មនុស្ស​គ្រោះ​ថ្នាក់​​ទេ ​។ ​បើ​តាម​​ការ​ឱ្យ​ដឹង​ក្រៅ​ផ្លូវ​ការ​ថា ​រថយន្ត​នេះ​ដឹក​កូន​ត្រី​កំភ្លាញ​រហូត​ដល់​​ទៅ​​ទំងន់​២​តោន​ឯ​ណោះ ។ ​មន្ត្រី​ប៉ូលិស​​​ចរា​ចរ​ខេត្ត​ បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និ​ដ្ឋាន​ជំហាន​ដំបូង គឺ​អ្នក​បើក​បរ​រថយន្ត​នោះ​​ទំនង​ជា​ងងុយ​ដេក ។ បច្ចុ​ប្បន្ន​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ​ដោះ​ស្រាយ​បន្ត ៕