ខេត្តពោធិ៍សាត់ ៖ បុរសស្រវឹងខួបម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីស្ត្រីជាភរិយាដែលទើបនឹងបានគ្នាថ្មីៗប្តឹងថា បានចាប់រំលោភកូនស្រីអាយុ៤ឆ្នាំដែលជាកូនដើមរបស់ខ្លួនរហូតបានសំរេច ។ មន្ត្រីនគរបាលប៉ុស្តិ៍រលាបឱ្យដឹងថា បុរសរូបនេះឈ្មោះនុត សៅ អាយុ៤១ឆ្នាំ រស់នៅក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៥ មករា ២០១១ ។ នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះបានសារភាពថា ខ្លួនទើបតែបានស្ត្រីមេម៉ាយកូន៣នេះជាប្រពន្ធកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។កាលពីថ្ងៃទី២ មករា ប្រពន្ធរបស់ខ្លួននិងកូនស្រីអាយុ១០ឆ្នាំ បានទៅទារលុយគេជំពាក់នៅឯជាយដែនថៃ ដោយទុកកូនស្រី២នាក់ ម្នាក់អាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ ផ្ញើនៅផ្ទះម្តាយមីងរបស់ខ្លួននៅភូមិជាមួយគ្នា ។ ចំណែកខ្លួននៅផ្ទះម្នាក់ឯងតាំងពីថ្ងៃទី២និងទី៣ មករា លុះដល់ថ្ងៃទី៤ មករា វេលាម៉ោង៧ព្រឹក កូនស្រីទាំង២នាក់នាំគ្នាមកមើលមាន់ពងលើផ្ទះ ហើយពេលមើលរួចនាងបងបានដើរទៅមុនបាត់ទៅនៅសល់តែប្អូន ។ ពេលនោះខ្លួនមានអារម្មណ៍ផ្លូវភេទក៏ចាប់រំលោភបានសំរេចបំណង ។ បន្ទាប់មកកូនស្រីនេះបានដើរទៅផ្ទះម្តាយមីងវិញបាត់ទៅឯខ្លួនក៏ដើរទៅលេងនៅផ្ទះអ្នកជិតខាងក ្នុងភូមិនោះដែរ ។ លុះស្អែកឡើងថ្ងៃទី៥ មករា វេលាម៉ោង៦ល្ងាច ប្រពន្ធនិងកូនបងត្រឡប់ពីទារលុយគេវិញ មកដល់ផ្ទះបានតែប៉ុន្មានម៉ោងស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។លោកវរសេនីយ៍ត្រីប៊ិន វណ្ណា អធិការនគរបាលក្រុងពោធិ៍សាត់ មានប្រសាសន៍ថា បន្ទាប់ពីក្មេងស្រីរងគ្រោះរ៉ាយរ៉ាប់ពីហេតុការណ៍ខាងលើប្រាប់ម្តាយហើយប្តាយក៏ប្តឹងសមត្ថកិ ច្ច។ ភ្លាមៗនោះ លោកបានស្នើសុំយោបល់ពីលោកស្នងការនិងលោកព្រះរាជអាជ្ញាស្តីទីបញ្ជូនកំលាំងឱ្យឃាត់ខ្លួនបុរស ជាឪពុកចុងនេះទាំងយប់ ដែលខណៈនោះបុរសរូបនោះកំពុងស្រវឹងស្រាយ៉ាងជោកជាំ ។ នេះជាអំពើអគតិរំលោភក្មេងស្រីអាយុ៤ឆ្នាំ ដែលមិនអាចអត់អោនទោសឱ្យបានឡើយ ។ ករណីនេះតែងតែកើតមានញឹកញាប់នៅតាមជនបទចំពោះគ្រួសារដែលមានឪពុកចុងឬម្តាយចុង ។ តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ មករា បុរសជាឪពុកចុងរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕