រាជធានីភ្នំពេញ ៖ មក​ដល់​​វេលាម៉ោង​​២​និង​​៣០នាទី​រសៀល​ថ្ងៃដដែល​​ក្រោមការ​បាញ់​ទឹក​ដ៏សន្ធប់​ពី​កំលាំង​សមត្ថ​កិច្ច​ទៅលើ ​​អណ្តាត​ភ្លើង​ និងកន្លែង​​ដែលហុយ​​ផ្សែង​អគ្គីភ័យ​​​ដែល​មុននេះ​​ប្រើ​អំណាច​ខ្លាំងក្លា​នោះ​បានបាក់​បប​ខ្លប​ខ្លាច​​រលត ់​​​ជាស្ថាពរ​ហើយ​​បន្សល់ទុក​សសរ​ផ្ទះ​គ្រោង​ឆ្អឹង​​​អគារ ឈរច្រូង​ច្រាង លើ​គំនរ​ផេះ​ផង់ ឡូក​ឡំជាមួយជនរងគ្រោះ​ដែលជា​ម្ចាស់​ផ្ទះ​ស្រែក​យំ​​​​ស្តាយ​ទ្រព្យ​​​​ឱ្យ​​រញៀវ ​និងអ្នកខ្លះ​​បាន​ត្រឹម​​ឈរមើល​​​​ទៅលើ​​វាល​វិនាស​កម្ម​​យ៉ាង​រហង់​​​ផ្ចង់​អារម្មណ៍​​សំរាប់​ពេលអនាគត​ ដោយក្តី​​រន្ធត់ពន់​ពេកប្រមាណ​ ។​ ផ្លូវជា​ច្រើន​​​ដែល​មុននេះ​​បាន​បិទ​​ការ​ចេញ-ចូល​​ត្រូវបានបើក​ឱ្យ​​​ដំណើរ​ការ​​ចរាច​រ​​ឡើងវិញ ​​ហើយ​ហ្វូ​ងមនុស្ស​​​​បានធ្វើ​ចរាចរ​ទៅ មក​​​ធម្មតា​ដោយ​មិន​ភ្លេច​​បង្អន់​ល្បឿន​​ និង​ងាក​មើល​​ទិដ្ឋ​​ភាព​វិនាសកម្ម​​ប្រកបដោយ​ការ​សោក​ស្តាយ​​​ផងដែរ ។​យោងតាម​​របាយការណ៍​​​របស់សមត្ថ​កិច្ច​​​ជំហានដំបូង​បាន​ឱ្យ​​ដឹង​ថា ផ្ទះតូច​ធំ​៥៦ខ្នង​​ត្រូវក្លាយជា​​​ចំណី​​ភ្លើង​​​ទាំងស្រុង និង​​​១១​ខ្នង ទៀត​ត្រូវ​​​ឆេះ​ជញ្ជាំង​​ខ្លះៗ​ និងត្រូវ​​​ម្ចាស់ផ្ទះ​​សហ​ការ​ជាមួយ​​​សមត្ថ​កិច្ច​​ធ្វើការរុះ​រើ​គេច​ចេញ​ពី​ក្រញាំ​អណ្តាត​ភ្លើង​​... ​​ឡានទឹក​ចំនួន​២០គ្រឿង ​​បានបន្លឺ​​​ស៊ីរ៉ែន​​​យ៉ាង​រន្ថើន ប្រញាប់ប្រញាល់​​វិល​កង់​ខ្ញាល់​​ចូល​​សំដៅ​​​ជម្រក​​​ដែលហុ​យ​ផ្សែង​ក្តោប​​​ដោយអណ្តាត​ភ្លើង​​​ គឺ​រថយន្ត​​ទឹករបស់​ស្នង​ការ​ដ្ឋាន​​​រាជធានីភ្នំពេញ​១២​គ្រឿង ​ក្រុមហ៊ុន​​សូគីម៉ិច​​​២​គ្រឿង ក្រុមហ៊ុនតេលា​កម្ពុជា​​២គ្រឿង​ ​ខាង​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​១គ្រឿង និង​កង​ពល​តូចលេខ​៧០ ចំនួន​៣គ្រឿង ​ហើយ​បាន​ប្រើ​ទឹក​អស់​​៤៤​ឡាន (ជើង) ។ មិនទាន់​មានការ​​វាយតំលៃ​​​ថា ការខូចខាត​​ទ្រព្យសម្បត្តិ​​មានទំហំ​ប៉ុន​ណា​នោះទេ ហើយអ្នក​ស្លាប់​​ និង​រង​របួស​​ក៏​​មិន​មាន​ដែរ មូលហេតុ​​នៃការ​ឆេះ​​​​មិនទាន់​​មាន​​នរណា​​ហ៊ាន​អះអាង​​ថា បណ្តាល​មក​ពី​អ្វី​ក៏​ទេ​ដែរ ​ប៉ុន្តែ​ផ្ទះដែល​ផ្តើម​​ឆេះ​គឺ​​ឆេះ​ចេញ​ពី​ផ្ទះឈ្មោះ​​សំណាង ជន​​ជាតិ​វៀតណាម ដែលចាក់សោ​ទុក​ចោល ៕​​