ខេត្តតាកែវ​ ៖ ឃាតក​ដំរីឈ្មោះ​​អាសំបូរ ​ដែលបាន​ជាន់សម្លាប់​​មនុស្សម្នាក់​នៅខេត្ត​កំពង់​ស្ពឺ ​កាលពីដើម​ខែ​ធ្នូ ឆ្នាំ​​២០១០ កន្លងមក​នោះ មកទល់នឹង​ពេលនេះ វា​មាន​ចរិត​កាចសា​ហាវ​​ជាង​មុន​ទៅទៀត ។ ប្រធាន​សួន​សត្វ​ភ្នំតាម៉ៅ ​លោក​ញឹក ​រតនៈ​ពេជ្រ បានប្រាប់​កោះសន្តិភាព​​​តាមទូរស័ព្ទ​​ពីសួន​សត្វ​ភ្នំតាម៉ៅ​​ ស្ថិតក្នុង​​ស្រុក​បាទី​​​ខេត្តតាកែវ ទី​ដែល​​អាសំបូរ កំពុង​រស់នៅ​​នោះ​ថា អាសំបូរ បាន​កែ​ចរិតហើយ​​​ ប៉ុន្តែ​​កែ​ពីកាច​​​កាន់​តែ​កាច​សាហាវ​​ជាង​មុន​​ទៅទៀត ។ លោកញឹក ​រតនៈពេជ្រ ​បាន​​បន្ត​​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា ​២០១១ ​ថា អា​សំបូរ ឱ្យតែ​​ឃើញ​​ម៉ូតូ​គឺ​វា​រុញ និង​បោលបុក បណ្តាល​​ឱ្យទ្រុង​​ដែកដែលដាក់​វា​នោះកោង​ស្ទើរ​បាក់​ទៅហើយ ។លោកបញ្ជាក់​ថា បើឃើញ​​មនុស្ស​វា​​ស្លូត​ធម្មតា ប៉ុន្តែ​មិន​​ដឹង​​យ៉ាង​ម៉េច​​ឱ្យ​តែ​​ឃើញ​ម៉ូតូ​វាបោក​បុកប្រុង​ទំលាយ​ទ្រង់​ដែកនោះ តែម្តង ។ លោកប្រធាន​​​សួនសត្វ​ភ្នំតាម៉ៅ​​រូបនេះ​​បញ្ជាក់ទៀត​ថា ​ការដែល​​វា​កាច​សាហា​វ​ជាង​មុន​នេះ មកពីវា​នៅតែ​ចុះប្រេង ដោយ​សារ​តែ​​យើង​​ឱ្យ​វា​ស៊ី​​អាហារច្រើន ​ដូចជា​ផ្លែ​ចេក អំពៅ ស្មៅ និង​​ផ្លែប៉ោម​នោះជាដើម ។ លោក​ញឹក ​រតនៈ​ពេជ្រ ​បន្ថែម​ថា ​តាមគំរោង​​​យើងចង់​កាត់បន្ថយ​ការ​ចុះប្រេង​​របស់វា​​ ដោយ​ដាក់​មេ ប៉ុន្តែ​​យើង​​ខ្លាច​អាសំបូរ សម្លាប់​​ដំរីញី​នោះ ព្រោះ​​វាកាន់តែ​​សា​ហាវ ទើប​យើង​​ផ្អាក​សិន​ រង់ចាំ​​មើល​ការ​​ផ្លាស់​ប្តូរ​​ចរិត​របស់​​វានៅពេល​​ក្រោយទៀត ។ ​លោកញឹក រតនៈ​ពេជ្រ ​​បានបញ្ជាក់​​បន្ថែម​ថា អាសំបូរ កាច​សាហាវ​​ជាងមុន​​មិនមែន​ដោយ​សារ​វា​ឆ្កួត​នោះ​ទេ គឺ​មូលហេតុ​​មកពី​វា​ចុះប្រេង ។គួរបញ្ជាក់​ថា អាសំបូរ ត្រូវ​បានក្រុម​ជំនាញ​សត្វ​ព្រៃ​ចាប់​ដាក់ច្រវាក់ ដើម្បីអប់រំ ​និងផ្សាំង​​វា​កាលពី​ថ្ងៃទី​​១៥ ធ្នូ និង​បាន​បញ្ជូន​​​ទៅកាន់សួន​​សត្វ​ភ្នំតាម៉ៅ​កាលពីថ្ងៃទី​​២៥ ធ្នូ ២០១០ កន្លង​មក​នេះ ​ក្រោយពេល​​ដែលវា​បានសម្លាប់​​មនុស្ស​​ម្នាក់​​​កាលពីរសៀល​ថ្ងៃសៅរ៍ ទី​៤ ធ្នូ ​នៅ​ចំណុច​​ជ្រោះ​បាក់​ ស្ថិត​ក្នុង​ភូមិ​​មន ឃុំ​​ធម្មតា​អរ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ​និងធ្វើ​ឱ្យ​ប្រជា​សហ​គមន៍​មានការភ័យខ្លាច ចំពោះវា​​យ៉ាង​ខ្លាំង ។ ​បុរស​ដែល​​ត្រូវអាសំបូរ ជាន់សំលាប់នោះ​​ឈ្មោះ​​សែ​ ណុល អាយុ​​​៥៤​ឆ្នាំ មានទីលំនៅក្នុង​ភូមិ-ឃុំ​​កន្លែងកើតហេតុ​ខាងលើ ។ ហេតុការណ៍​​ដ៏កម្រ​​ជួបប្រទះ និងគួរ​ឱ្យ​សោកស្តាយ​​នេះ​បានកើត​​ឡើង ខណៈ​​​ពេលជនរងគ្រោះ​ និងម្ចាស់​​របស់​វា ដែលពិការ​ជើងម្ខាង​​កំពុង​ស្រាយ​ច្រវាក់​​ចេញ​ពី​.​កដំរី​​ ស្រាប់តែ​​ដំរីនោះ​បានបុះ​ជនរងគ្រោះ​​ឱ្យ​ដួល ​រួច​ជាន់​ពីលើ​រហូត​ដល់ស្លាប់​នៅនឹង​កន្លែង​​តែម្តង ៕​