ជនរងគ្រោះ ជាបុរសមានអាយុ ៣០ឆ្នាំ និងមានឈ្មោះថា Wu JianTong។ បើទោះជារឿងហេតុបានកើតឡើងតាំងពីថ្ងៃទី ៨ ខែកក្កដា មកហើយ ប៉ុន្តែបើតាមប្រពភពី ZDNet, បច្ចុប្បន្ន Wu នៅតែ ត្រូវបានសំរាកព្យាបាលនៅឯមន្ទីពេទ្យមួយ នៅប៉េកាំង ប្រទេសចិន។
បើតាមសំដីរៀបរាប់របស់បងស្រីជនរងគ្រោះ អ្នកស្រី Wu Jianxiang បានឲ្យដឹងថា បន្ទាប់ពីឃើញ Wu សាកថ្មទូរស័ព្ទ iPhone 4 ព្រោះតែអស់ថ្មនោះ ស្រាប់តែគាត់បានឮសម្លេងស្រែករបស់ប្អូនប្រុសរបស់គាត់ ភ្លើងឆក់ រំពេចនោះគាត់បានឃើញ ប្អូនប្រុសរបស់គាត់ បានដឹកដួលនឹងកម្រាលឥដ្ឋទៅហើយ។
បន្ទាប់មក បងស្រីរបស់ Wu បានប្រញាប់ប្រញាល់ ដកឆ្នាំងសាកចេញពីរន្ធភ្លើង ហើយពេលនោះគាត់ក៏មានអារម្មណ៍ថាឈឺ ដូចជាមុតម្ជុល។ ពេលនោះផងដែរ ជនរងគ្រោះអាយុ ៣០ឆ្នាំនោះ មានអាការៈប្រកាច់ៗ និងបែកពពុះមាត់។ បងស្រីរបស់ Wu បានបន្តទៀតថា Wu ហាក់ដូចជាផុតដង្ហើមម្តងៗទៅហើយ តែសំណាងល្អណាស់ ដែលរថយន្តសង្គ្រោះបន្ទាន់បានមកដល់ ជួយសង្រ្គោះទាន់ពេល ប៉ុន្តែជនរងគ្រោះនៅតែសន្លប់។
Beijing Wan Bao បានឲ្យដឹងថា ឆ្នាំងសាកដែលជនរងគ្រោះប្រើប្រាស់មើលទៅហាក់ដូចជាឆ្នាំងសាកហ្ស៊ីនរបស់ iPhone 5 ប៉ុន្តែតាមពិតទៅ វាជាផលិតផលក្លែងក្លាយ។ ក្រោយពីកើតមានគ្រោះថ្នាក់ ទាំង iPhone 4 និងឆ្នាំងសាក សុទ្ធតែនៅមានដំណើរការធម្មតា។

បើទោះជាមិនច្បាស់ថា Wu មានសន្ទនាទូរស័ព្ទក្នុងពេលកំពុងសាកឬក៏អត់នោះ ប៉ុន្តែគ្រោះថ្នាក់នេះ មានហេតុច្រើន ស្រដៀងទៅនឹងគ្រោះថ្នាក់ដែលបានកើតឡើងជាមួយ នារីបំរើភ្ញៀវលើយន្តហោះម្នាក់ ដែលបានស្លាប់ក្នុងពេលនិយាយទូរស័ព្ទ និងសាកថ្មបណ្តើរ ផងដែរ។
ថ្មីៗនេះ Apple បានឲ្យដឹងថា ពួកគេនឹងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតរឿងហេតុនេះ ដើម្បីរកឲ្យឃើញដើមហេតុឲ្យពិតប្រាកដ ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ដល់ស្លាប់ ជនរងគ្រោះខាងលើ។ បច្ចុប្បន្ន ប៉ូលិសនៅប្រទេសចិន នៅមិនទាន់បានបញ្ជាក់ថា iPhone ពិតជាដើមហេតុដែលបង្កឲ្យមានការឆក់ស្លាប់នេះ ឬបណ្តាលមកពីការប្រើប្រាស់ ផលិតផលក្លែងក្លាយ គ្មានប្រភពច្បាស់លាស់នោះទេ ៕
ដោយ៖ សិលាប្រភព៖ VE, Zng & VReview