ការស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះ បានបង្ហាញអោយឃើញពីរាល់ទំនាក់ទំនងទាំងឡាយនៅក្នុងការប្រើប្រាស់ Facebook គឺអាចបង្កអោយមានផលអាក្រក់ដល់រាងកាយ ក៏ដូចជាស្មារតីរបស់មនុស្ស។

ថ្ងៃនេះ Facebook បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សភាគច្រើន។ កាលពីខែ ធ្នូ ឆ្នាំ ២០១១ កន្លងទៅ គេហទំព័រកំសាន្តដ៏ធំបំផុតមួយនេះបានអោយដឹងថាមានអ្នកចូលទៅប្រើប្រាស់ប្រចាំខែប្រមាណជាជាង ៨៤៥ លាននាក់ និងចំនួន ៤៨៣ លាននាក់ចូលទៅប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្នុងការស្រាវជា្រវមួយផ្សេងទៀតរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារឈ្មោះថា Nielsen ក៏បានបង្ហាញអោយឃើញដែរថា ជាធម្មតាអ្នកប្រើប្រាស់ Facebook បានចំណាយពេលខ្ពស់ជាង ៤ ដងធៀបជាមួយគេហទំព័រផ្សេងៗ។ ជាការពិតណាស់ចំពោះការបង្កើនពេលវេលាដើម្បីចូលទៅប្រើប្រាស់ Facebook គឺពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់ពួកគេ។ ខាងក្រោមនេះគឺជាប្រភេទជំងឺទាំង ៥ យ៉ាងដែលងាយនឹងទទួលរងនៅពេលដែលប្រើប្រាស់ Facebook ៖
១.ការទទួលទានឥតរបៀបរៀបរយ

Pinterest មិនមែនជាគេហទំព័រកំសាន្តតែមួយគត់ ដែលធ្វើអោយគ្រប់គ្នាមានអារម្មណ៍ថាខ្លួនឯងអាក្រក់នោះឡើយ។ យោងតាមការស្ទង់មតិមួយនាពេលថ្មីៗទៅលើអ្នកប្រើប្រាស់ Facebookជាង ៦០០ នាក់ បង្ហាញអោយឃើញថា អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ឆ្នាំទៅ ៤០ ឆ្នាំ គឺមានជាងពាក់កណ្តាលនៃពួកគេបាននិយាយថាបានជួបនូវបញ្ហានៅពេលដែលមើលឃើញរូបភាពរបស់ខ្លួននិងអ្នកផ្សេងនៅលើអ៊ីនធើណែត។ ប្រការនោះគឺបានធ្វើអោយពួកគេដឹងពីខ្លួនឯងកាន់តែច្បាស់ជាងមុនស្តីអំពីរូបរាងកាយនិងទំងន់របស់ខ្លួន។ ហើយមិនមែនមានតែស្រ្តីប៉ុណ្ណោះនោះទេ ប៉ុន្តែបុរសវិញក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហារាងកាយរបស់ខ្លួនផងដែរ។ មានចំនួន ៣២% នៃអ្នកដែលបានសាកសួរស្ទង់មតិនោះគឺពួកគេមានអារម្មណ៍កើតទុក្ខនៅពេលដែលធ្វើការប្រៀបធៀបរួបភាពខ្លួនឯងជាមួយនឹងមិត្តភក្តិ និង ៤៤% បាននិយាយថាពួកគេចង់មានរូបរាងកាយដូចមិត្តភក្តិរបស់ខ្លួននៅពេលដែលមើលរូបពួកគេនៅលើ Facebook ។
២.ជំងឺធ្លាក់ទឹកចិត្ត

ការស្រាវជ្រាវបង្ហាញថា បណ្តាអត្ថបទ រឺការបញ្ចេញមតិរបស់មិត្តភក្តិ បានធ្វើអោយមនុស្សភាគច្រើនមានអារម្មណ៍ថាឆាកជីវិតរបស់ខ្លួនកាន់តែមានសភាពអាក្រក់ឡើង។ ប្រការទាំងអស់នោះគឺបានចាប់ផ្តើមចេញពីភាពជាក់ស្តែងនៃមនុស្សសព្វថ្ងៃ ដែលយកទៅប្រៀបធៀបជាមួយមិត្តភក្តិ និងអ្នករួមការងារជាមួយគ្នា នៅពេលដែលពួកគេផ្ញើអត្ថបទបង្ហាញពីសុភមង្គល,ភាពជោគជ័យ,រឺស្នាដៃ...ជាដើម។ ហេតុដួច្នេះហើយទើបអ្នកជំនាញបានធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងឡាយគួរតែកំនត់បរិមាណមិត្តភក្តិនៅលើ Facebook របស់ខ្លួន និងបោះបង់ចោលនូវមនុស្សទាំងឡាយណាដែលចូលចិត្តបង្ហាញពីឆាកជីវិតរស់នៅដ៏អស្ចារ្យរបស់ពួកគេ។
៣. ស្មារតីមិននឹងន
ក្រៅពីធ្វើអោយយើងធុញទា្រន់, Facebook ក៏បានធ្វើអោយយុវវ័យភាគច្រើនប្រឈមនឹងបញ្ហាផ្នែកសារតីផងដែរ។ កាលពីឆ្នាំទៅ សាស្រ្តចារ្យផ្នែកចិត្តវិទ្យាឈ្មោះ Larry Rosen នៃសាកលវិទ្យាល័យ Californica ធ្លាប់បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួនមកហើយ អោយដឹងថាបណ្តាអ្នកដែលចំណាយពេលវេលាច្រើនសំរាប់ Facebook គឺមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុតផ្នែកស្មារតីជំងឺសរសៃប្រសាទ និង និន្នាការប្រឆាំងនឹងសង្គមជាដើម។
៤. តានតឹងអារម្មណ៍ រឺ Stress
បណ្ឌិត kathy Charles នៃសាកលវិទ្យាល័យ Edinburgh Napier ក៏ធ្លាប់បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួនរួចមកហើយដែរ ដែលបានអោយដឹងថា មនុស្សភាគច្រើនយល់ឃើញថាពូកគេមានភាពតានតឹងផ្នែកអារម្មណ៍ចំពោះបញ្ហាទាំងឡាយដែលទាក់ទងនឹងគេហទំព័រកំសាន្តសង្គម និងមានចំនួន ១២% ក្នុងចំណោមនោះបានអោយដឹងថាពួកគេហាក់មានអារម្មណ៍ភ័យព្រួយជាខ្លាំងទៀតផង។ ចំណែកអ្នកដែលមានបរិមាណមិត្តភក្តិច្រើននៅលើ Facebook ក៏តែងតែជួបប្រទះនូវបញ្ហាដូចគ្នានេះផងដែរ។
៥. ញៀន

ការញៀនមានច្រើនរូបភាពផ្សេងៗគ្នា ក្នុងនោះមានដូចជាការញៀនថ្នាំ រឺ ញៀនល្បែងជាដើម។ ដោយឡែកឥឡូវនេះមានថែមជំងឺញៀនថ្មីមួយមកទៀតហើយគឺការញៀន Facebook ។ បណ្តា អ្នកស្រាវជា្រវនៃសាកលវិទ្យាល័យ Chicago បានធ្វើការស្ទង់មតិលើអ្នកប្រើ់ប្រាស់ជាច្រើន លទ្ធ ផលបានបង្ហាញអោយឃើញថាមានអ្នកប្រើប្រាស់ជាច្រើនសុទ្ធតែបង្ហាញពីអារម្មណ៍ដូចគ្នាគឺពួក គេបាននិយាយថា Facebook និង Twitter គឺមានការពិបាក់បោះបង់ចោល ជាងការបោះបង់បារី រឺ ស្រា ទៅទៀត៕
ចំណែកប្រិយមិត្តវិញតើកំពុងតែប្រឈមនឹងជំងឺណាមួយក្នុងចំណោមជំងឺទាំងនោះរឺនៅ?
ប្រភព៖ Digitaltrendsដោយ៖ រស្មី