រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួន រួចប្រគល់ទៅឱ្យប៉ូលិសកាលពីថ្ងៃទី៣ មករា នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈពេលជនសង្ស័យរូបនេះលួចកាបូបដែលគេទុកនៅក្នុងបន្ទប់ ។ តាមមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ិន វ៉ាន់ដា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ។ កាលពីម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣ មករា ជននេះបានប្រើដែកទំពក់ខោអាវថ្ពក់ទាញយកកាបូបតាមបង្អួច ហើយត្រូវម្ចាស់ឃើញទាន់ក៏ចាប់ខ្លួនប្រគល់ឱ្យប៉ូលិសតែម្តង ។ម្ចាស់កាបូបឈ្មោះជា យូ ភេទប្រុសអាយុ៣៧ឆ្នាំ ជាអ្នកលក់ដូរបានបំភ្លឺប្រាប់ប៉ូលិសថា ខណៈគាត់កំពុងតែសំរាកនៅក្នុងបន្ទប់ឮសូរកាបូបធ្លាក់ពីលើតុ ហើយរំកិលតាមដែកទំពក់ ។ ឃើញដូច្នេះគាត់ស្ទុះចេញក្រៅផ្ទះស្រាប់តែឃើញជនសង្ស័យនៅក្បែរបង្អួចក៏ចាប់ខ្លួន ហើយទូរស័ព្ទហៅប៉ូលិសឱ្យទៅទទួលយកទៅចាត់ការតាមច្បាប់ ។ នៅមុខសមត្ថកិច្ចប៉ូលិសសង្កាត់ទឹកថ្លាជនសង្ស័យឈ្មោះស៊ិន វ៉ាន់ដា មិនសារភាពថា គេបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ក៏ប៉ុន្តែប៉ូលិសបានរកឃើញនៅដៃ គេមានដែកថ្ពក់ខោអាវ និងដែកគាស់មួយ ។ ជនសង្ស័យនេះសារភាពថា គេធ្លាប់ជាប់គុក៦ខែ កាលពីឆ្នាំ២០០៦ និង២០០៧ ពីបទបង្ករបួសស្នាម ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ៕
