រាជធានីភ្នំពេញ ៖ អ្នកញៀនល្បែង​អាប៉ោង​​ចំនួន​​១២នាក់ ត្រូវបាន​​ប៉ូលិស​នៃ​​អធិ​ការដ្ឋាន​​​​ខណ្ឌសែនសុខ ដឹកនាំដោយ​លោក​​វរ​សេនីយ៍ទោ​ម៉ក់ ហុង ធ្វើការ​​ឃាត់ខ្លួន​ភ្លាមៗ ​ខណៈ​​កំពុង​​ពពាក់ពពូន​គ្នា​​លេង​​ល្បែងស៊ីសង​​នៅ​​ឯ​ផ្ទះ​មួយ​ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់ព្រែក​ព្នៅ ​ខណ្ឌ​សែនសុខ កាលពីវេលាម៉ោង​​១២​និង​១៥​នាទី​​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១០ ។ ​យោងតាម​​មន្ត្រី​​ប៉ូលិស​ខណ្ឌ​​សែនសុខ ​បាន​ឱ្យ​​ដឹង​ថា អ្នក​​ញៀន​​ល្បែងស៊ីសង​​ដែលប៉ូលិស​​ឃាត់​ខ្លួន​ទាំង​នេះ​មាន​បុរស​​​១០​នាក់ និង​ស្រី​​២នាក់ ​សរុប​ចំនួន​​១២​នាក់នឹង​ត្រូវ​​កសាង​សំណុំ​រឿង​បញ្ជូនទៅ​កាន់តុលាការ​​ដើម្បីចាត់​ការ​តាម​ច្បាប់ ។ ​​សូមបញ្ជាក់​ថា ​ទីតាំង​បើក​​លេង​ល្បែង​​ស៊ីសង​នេះ ធ្លាប់​ត្រូវ​​​សមត្ថ​កិច្ច​​បង្ក្រាប​​ចាប់​បាន​​អ្នកលេង​​ល្បែង​ច្រើន​នាក់​ម្តង​រួច​មក​ហើយ​​ កាល​ស្ថិត​​នៅជាឃុំ​​ព្រែ​ក​ព្នៅ​ ក្រោម​​​ការ​គ្រប់គ្រង​​​​របស់​អាជ្ញាធរ​ស្រុកពញា​ឮ ​ឥឡូវស្ថិត​​ក្រោម​ការ​គ្រប់គ្រង​​របស់អាជ្ញាធរ​ខណ្ឌ​សែនសុខ ត្រូវ​​បង្ក្រាបចាប់​បានម្តង​ទៀត​ គឺត្រូវ​ចាត់ការ​​ឱ្យ​​ម៉ឺង​ម៉ាត់ ។ ទោះជា​​​យ៉ាងណាក៏ដោយ ​មេល្បែង​ស៊ីសង​ ឬ​ម្ចាស់​​បើក​ល្បែង​​​នេះមិនត្រូវ​​​ចាប់ខ្លួន​​បាន​ទេ ​​ហាក់ដូចជា​​គេ​ផ្តល់​​ដំណឹង​ឱ្យ​​​មុន ខណៈ​ប៉ូលិស​​ចុះទៅ​ចាប់​ ៕​