ទូរទឹកកកធម្មជាតិដែលមានឈ្មោះថា Mitticool ត្រូវបានវិស្វករ និងជាស្មូនជនជាតិឥណ្ឌាម្នាក់ គឺលោក Mansukhbhai Prajapati ជាអ្នកបង្កើត​ឡើង កាលពីឆ្នាំ ២០០៦។ ទូរទឹកកកនេះ ធ្វើឡើងអំពីដីឥដ្ឋ និងដំណើរការដោយ​មិនចាំបាច់ប្រើអគ្គីសនី ហើយវាអាចរក្សាអាហារឱ្យនៅស្រស់ បាន ៥ថ្ងៃ។

/

Mitticool – ទូរទឹកកកធ្វើអំពីដីឥដ្ឋ

Mitticool គឺពិតជាទូរទឹកកកពិសេសមួយដ៏មានតម្លៃសម្រាប់តំបន់ដាច់ស្រឡាយ និង​តំបន់​ដែល​មិនមានភ្លើងអគ្គីសនីប្រើប្រាស់ និងសមស្របសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។

ទូរទឹកកក Mitticool ដំណើរការដោយយោងទៅលើលក្ខណៈពិសេសនៃការរក្សាធាតុត្រជាក់របស់ដីឥដ្ឋ និងចំហាយទឹក។ ទឹកនៅក្នុងថតខាងលើនឹងស្រក់មកក្រោម រួចចេញជាចំហាយទឹក ជួយបណ្ដេញធាតុក្ដៅ ចេញទៅខាងក្រៅ ដើម្បីរក្សាទូរឱ្យនៅត្រជាក់។

/

លោក Mansukhbhai Prajapati ដែលជាអ្នករកឃើញ និងបង្កើតទូរទឹកកកធ្វើអំពីដីឥដ្ឋនេះ បានឱ្យដឹងថា ៖ “កាលពីជំនាន់មុន ក្រឡធ្វើអំពីដី ត្រូវបានគេចាត់ទុកដូចជាទូរទឹកកក របស់អ្នកក្រីក្រ។ បច្ចុប្បន្ន មានមនុស្សជាច្រើនស្រមៃចង់បានទូរទឹកកកមួយ ឬអ្នកខ្លះមានហើយ ប៉ុន្ដែមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃភ្លើង។ ដោយមើលឃើញប្រការនេះ ខ្ញុំក៏បានគិតដល់ការបង្កើតទូរទឹកកកមួយប្រភេទ ធ្វើអំពីដីឥដ្ឋ”។

ម្ចាស់របកគំហើញនេះ បានបន្ថែមថា ដើមឡើយ លោកត្រូវចំណាយពេលរាប់ខែដើម្បីច្នៃបានជាទូរទឹកកកមួយគ្រឿង ពេលនេះ លោកចំណាយពេលត្រឹមតែពី ៨ ទៅ ១០ថ្ងៃប៉ុណ្ណោះ។ ប្រភេទទូរនេះ មានរូបរាងស្អាត សាមញ្ញ មានលក្ខណៈធម្មជាតិ និងមិនអស់ប្រាក់ច្រើន។ Mansukhbhai Prajapati បង្ហើបឱ្យដឹងថា ៖ “ប្រាក់ចំណាយសម្រាប់ធ្វើបានជា​ទូរទឹកកក Mitticool មួយគ្រឿង គឺប្រហែល ១,៧០០ Rupees ហើយពេលលក់ចេញ គឺ លក់​ក្នុង​តម្លៃ ២,០០០ Rupees (ប្រហែល៦០ដុល្លារអាមេរិក) ”។

width=386

Mansukhbhai Prajapati បច្ចុប្បន្ន មានអាយុ ៤៨ឆ្នាំ ត្រូវបានគេលើកសរសើរថាជាអ្នកជំនួញដ៏ជោគជ័យម្នាក់របស់តំបន់ជនបទឥណ្ឌា ហើយគាត់ថែមទាំងមានវត្តមាននៅក្នុង Top ៧ នៃបញ្ជីឈ្មោះអ្នកជំនួញជនបទរបស់ទំព័រ Forbes ដែលបានចេញផ្សាយកាលពីខែសីហាឆ្នាំ ២០១០ ។ Mansukhbhai Prajapati ក៏ទទួលបានពានរង្វាន់ធំៗជាច្រើននៅក្នុង និងក្រៅប្រទេស ចំណែកក្រុមហ៊ុន Mitti Cool Clay Creations របស់លោក ក៏ត្រូវបានពិភពលោកទទួលស្គាល់ផងដែរ។ក្រៅពីទូរទឹកកកខាងលើ ក្រុមហ៊ុនរបស់ Mansukhbhai Prajapati ក៏កំពុងតែសិក្សា ដើម្បីសាងសង់ផ្ទះ​ដែលមានភាពត្រជាក់ដោយមិនចាំបាច់ដាក់ម៉ាស៊ីនត្រជាក់។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់

ក្លាយជាអ្នកមាន ដោយសារបង្ហោះវីដេអូ នៅលើ YouTube

នារីបម្រើតាមយន្ដហោះ មិនស្រណុកដូចអ្នកគិត

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Thehindu/Kh