រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ មករា ឆ្នាំ២០១០ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំ ដោយលោកឯក ឃុនឌឿន អភិបាលរងខណ្ឌ និងលោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ សហការជាមួយអាជ្ញាធរសង្កាត់ជ័យជំនះ ផ្សារថ្មីទី៣ និងស្រះចក បានចុះយុទ្ធនាការប្រមូលជនអនាថា ជនប្រើប្រាស់គ្រឿងញៀន និងស្ត្រីរកស៊ីផ្លូវភេទសរុបបានចំនួន៤៤នាក់ ។ លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរខណ្ឌដូនពេញ ចុះយុទ្ធនាការប្រមូលជនអនាថា ក្រុមប្រើប្រាស់គ្រឿងញៀន និងស្ត្រីរកស៊ីផ្លូវភេទនៅសង្កាត់ស្រះចក បានចំនួន១៧នាក់ ក្នុងនោះស្ត្រីរកស៊ីផ្លូវភេទ៨នាក់ ជនអនាថា៩នាក់ ដែលពួកគេប្រមូលផ្តុំគ្នានៅតាមរបងមន្ទីរពេទ្យកេតុមាលា មាត់ទន្លេ និងសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ ។ នៅសង្កាត់ផ្សារថ្មីទី៣ ឃាត់ខ្លួនបានចំនួន២៣នាក់ ក្នុងនោះមានជនអនាថា រើសអេតចាយ ស្នាក់នៅលើចិញ្ចើមផ្លូវ១៣៦ ផ្សារតាប៉ាង និងតាមដងផ្លូវនានា និងនៅសង្កាត់ជ័យជំនះ ឃាត់ខ្លួន៤នាក់ ។ សរុបទាំងអស់បានចំនួន៤៤នាក់ ក្នុងនោះមានស្ត្រី ២០នាក់ ប្រុស២៤នាក់ ។កន្លងមកសាលាខណ្ឌដូនពេញ តែងតែដឹកនាំកំលាំងសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយនគរបាល ប៉េអឹម សាលាសង្កាត់ ធ្វើយុទ្ធនាការចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទតាមរមណីយដ្ឋាននានា និងសួនច្បារ ដោយគ្រាន់តែរយៈពេល៣ខែចុងឆ្នាំ២០១០ ឃាត់ខ្លួនជនអនាថា ក្មេងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទ សរុបចំនួន២១៣នាក់ ប្រគល់ទៅឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ ដោយឡែកជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ ក្មេងហិតកាវចំនួន៤៤នាក់ ដែលបានឃាត់ខ្លួននៅដើមខែមករា ឆ្នាំ២០១១ នេះ ក៏បានប្រគល់ឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដែរ នៅព្រឹកថ្ងៃទី៦ មករា ។លោកអភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា នៅថ្ងៃខាងមុខនេះ នឹងមានបើកកិច្ចប្រជុំកំពូលទេសចរណ៍អាស៊ាន ដូច្នេះខណ្ឌដូនពេញ ជាបេះដូងរាជធានីភ្នំពេញ ត្រូវតែអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ជាប្រចាំ ដើម្បីឈានទៅលុបបំបាត់ឱ្យអស់នូវអំពើអសកម្ម ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានសុំឱ្យមន្ទីរពាក់ព័ន្ធមេត្តាជួយរក្សាទុកជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទឱ្យបានយូរហើយបណ្តុះបណ្តាលជំនាញណាមួយដល់ពួកគេផង ព្រោះកន្លងមកសាលាខណ្ឌដូនពេញ ធ្លាប់ឃាត់ខ្លួនស្ត្រីទាំងនោះមានខ្លះរហូតដល់ពីរលើកឯណោះ ៕

