រាជធានីភ្នំពេញ ៖ ​តាមប្រភព​ព័ត៌មាន​​ពី​​ក្រុម​​មន្ត្រី​បាន​ឱ្យ​ដឹង​ថា ​លោក​ឧបនាយករដ្ឋ​​មន្ត្រី​សុខ​ អាន ​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​​គ្រោង​នឹង​​​ដឹកនាំ​ក្រុម​ការងារ​​មួយ​ចំនួន​ទៅកាន ់​ក្រុង​​បាងកក​ ប្រទេសថៃ ក្នុង​ពេល​ខាង​មុខឆាប់ៗ​នេះ ប៉ុន្តែ​​ក្រុម​មន្ត្រី​​មិនបានបញ្ជាក់​ថា លោក​ឧប​នាយករដ្ឋ​​​មន្ត្រី​គ្រោង​នឹង​ទៅប្រទេស​ថៃលើ​​ប្រធានបទ​​អ្វីនោះទេ ។​យោងតាម​​គេហទំព័រ​​បាងកកប៉ុស្តិ៍​​ដកស្រង់​​សំដី​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ថៃ​ស៊ូថេប ​ធឿក​ស៊ូ​បាន់ ​បានលើកឡើង​​ថា ពលរដ្ឋ​​ថៃ​៧​នាក់​​ដែល​កំពុង​​ជាប់ឃុំឃាំង​នៅគុកព្រៃ.ស​​ប្រទេស​កម្ពុជា អាច​នឹង​ត្រូវដោះ​​ស្រាយ​​ចប់សព្វ​គ្រប់​​ដោយ​ការ​ចរចា​​មុន​​ពេល​​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​សុខ អាន ​​អញ្ជើញ​ទៅទស្សន​កិច្ច​​ក្នុងប្រទេស​ថៃ​​នា​ពេល​ខាង​មុខនេះ ។​ ដោយឡែក ​លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​នាយករដ្ឋ​មន្ត្រី​​ថៃ បាន​និយាយ​​នៅក្នុង​គេហទំព័រ​​ MCOT ថា លោកឧ​ប​នាយករដ្ឋ​មន្ត្រី​​​សុខ អាន​ នឹង​គ្រោង​ចេញ​ទៅកាន់​ប្រទេសថៃ ជួប​ជាមួយ​លោក​​សូវីត ​ឃុន​គិតទិ រដ្ឋ​មន្ត្រី​​ក្រសួង​​​ធនធាន​ធម្ម​ជាតិ និងបរិ​ស្ថាន​ នៅក្នុង​ខែ​មករា​នេះ ។ចំណែក​​អ្នកនាំ​ពាក្យ​​​អង្គ​ភាពព័ត៌មាន​​ និង​ប្រតិ​​កម្ម​​​រហ័ស​ លោក​ទិត្យ ​សុធា បាន​មាន​ប្រសាសន៍​​តាមទូរស័ព្ទ​​ថា លោកច្រានចោល​​ព័ត៌​មាន​​នេះ ហើយ​ថា មក​ដល់​ម៉ោងនេះ មិនមាន​ព័ត៌មាន​ណាមួយ​អះអាង​ថា ​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ អាន មាន​គំរោង​​​​ចេញទៅ​ក្រុង​បាង​កក ប្រទេសថៃនោះ​ទេ។ ការលើកឡើង​​របស់​បណ្តាញ​​ព័ត៌មាន​​​ពី​ប្រទេសថៃនោះគឺ​គេគ្រាន់តែ​​ចង់​​​ភ្ជាប់ព័ត៌មាន​​​នេះ​ពាក់ព័ន្ធ​​ ​ពលរដ្ឋថៃ​៧​នាក់​​ដែល​ជាប់ឃុំឃាំង​​តែ​ប៉ុណ្ណោះ ៕​