ក្រុងប៉ោយប៉ែត ៖ បុរសជនជាតិសៀមវ័យចំណាស់ម្នាក់ត្រូវប៉ូលិសវរការពារព្រំដែនគោកលេខ៩១១ ឈរជើងតាមក្រវាត់ព្រំដែនកម្ពុជា-សៀម ក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ។ សមត្ថកិច្ចឱ្យដឹងថា ជនជាតិសៀមវ័យចំណាស់ឈ្មោះព្រី ធាទុន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិឧស្សាហកម្មបាងកាឌី ឃុំបាងកាឌី ស្រុកប៉ាក ធំថានី ខេត្តប៉ាកធំថានី ប្រទេសសៀមបានចូលមកប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែតដោយកាន់ប៉ាស្ព័រឆ្លងដែនលេខ I 971634 ។ ជនជាតិសៀមនេះត្រូវគេប្រទះឃើញកាលពីព្រឹកម៉ោង៧ និង៣០នាទីថ្ងៃទី១១ មករា នៅរោងគោចំណុចព្រៃព្រិច ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ។ពេលសមត្ថកិច្ចហៅទៅសួរនាំ ជនជាតិសៀមនោះឱ្យដឹងថា គាត់ចូលមកកម្ពុជាក្នុងតំបន់ប៉ោយប៉ែត ដើម្បីលេងល្បែងក្នុងកាស៊ីណូ ប៉ុន្តែត្រូវអ្នករត់ម៉ូតូឌុបដឹកយកទៅចោលនៅចំណុចនោះធ្វើឱ្យរូបគាត់វង្វេងរកផ្លូវទៅកាស៊ីណ ូ វិញមិនឃើញ ។ ជនជាតិសៀមនោះបន្តថា រូបគាត់ហើមភ្នែកខាងឆ្វេង និងចេញឈាមនៅត្រចៀកដោយសារដើរដួលដោយខ្លួនឯង ហើយបាត់បង់អស់ទ្រព្យសម្បត្តិមួយចំនួន ។ លោកវរសេនីយ៍ទោឈូក អាង មេបញ្ជាការវរការពារព្រំដែនគោកលេខ៩១១ឱ្យដឹងថា ជនជាតិសៀមនោះក្រោយពេលសមត្ថកិច្ចសួរនាំ ដឹងថា គាត់ជាជនរងគ្រោះចាញ់បោកក្រុមអ្នករត់ម៉ូតូឌុប ។ សមត្ថកិច្ចរបស់លោកបានធ្វើរបាយការណ៍ទៅថ្នាក់លើ និងសំរបសំរួលឱ្យជនជាតិសៀមនោះវិលត្រឡប់ទៅស្រុកវិញ ៕
