ខេត្ត​ក្រចេះ ៖ ​​យុវសិស្សនារី​ម្នាក់​ក្នុង​ចំណោម​​មិត្តភក្តិ​​ប្រុសស្រី​២២​នាក់​បាន​លង់​ទឹក​ទន្លេ​ស្លាប់​​ ក្រោយ​ពេល​ដែលពួក​គេជួបឧប្បត្តិ​ហេតុ​​លិច​ទូក​នៅ​កណ្តាល​​ទន្លេ ​កាលពី​​វេលា​ម៉ោង​​១១​និង​១៥​នាទី​ថ្ងៃទី​​៧ មករា នៅចំណុច​ទន្លេ​ទល់​មុខ​ភូមិ​ថ្មី ឃុំ​សណ្តាន់​ ស្រុក​សំបូរ ។ ​យុវនារី​ដែល​បានលង់​ទឹក​​​ស្លាប់​​​នោះ​​ឈ្មោះ​នាង ដានី អាយុ​១៦ឆ្នាំ រៀន​ថ្នាក់​ទី​៨ នៃអនុវិទ្យា​ល័យ​សណ្តាន់ ។លោក​ប្រ៉យ ផល្លី នាយរង​ប៉ុស្តិ៍​នគរបាល​​​រដ្ឋ​បាល​សណ្តាន់​បាន​ថ្លែង​ឱ្យ​ដឹងថា កាលពី​ថ្ងៃកើត​ហេតុ​​ដែល​ជា​ថ្ងៃឈប់​សំរាក​ ក្រុម​​សិស្សានុសិស្ស​មាន​គ្នា​២២​នាក់ បាននាំគ្នា​​ជប់លៀង​​រួច​ក៏​ឆ្លង​​ទូក​នេសាទ​​មួយ​​គ្រឿង​​ប្រវែង​៩​ម៉ែត្រ​ទទឹង​ជាង​៣​ម៉ែត្រ​ ចេញពី​​ច្រាំង​សំដៅ​ទៅ​កាន់​កូនកោះ​​នៅ​កណ្តាល​​ទន្លេ​ លុះទូកចេញ​បាន​ប្រមាណ​ជាង​៦០​ម៉ែត្រ​ពីច្រាំង​ ស្រាប់​តែលិច ។​ពេល​មើល​ពី​ច្រាំង​​ឃើញ​​ហេតុការណ៍​នេះ​ភ្លាម ​ប្រជាពលរដ្ឋ​ និង​សមត្ថ​កិច្ច​បាន​ចេញ​ទូកទៅជា​​ច្រើន​គ្រឿង​ដើម្បី​ជួយ​ស្រង់​​ក្រុម​យុវសិស្ស​ទាំងនោះ​ តែ​អកុសល​​​នារី​រងគ្រោះ​​ដោយ​សារ​តែ​នាង​មិន​ចេះ​ហែល​ទឹក​ក៏ត្រូវ​លង់​ទឹក​ស្លាប់​​ ហើយ​សពត្រូវ​បាន​សមត្ថ​កិច្ច​និង​ក្រុម​គ្រួសារ​​មុជរាវ​រកឃើញ​រយៈពេលជាង​មួយ​ម៉ោង​បន្ទាប់​ពី​កើត​ហ េតុ ។​ តាមការ​សន្និដ្ឋាន​​ថា មូល​ហេតុ​​ដែល​បង្ក​ឱ្យ​ទូកលិច​​នេះ​​ដោយសារ​ទូក​នេសាទ​មាន​ទំហំ​តូច ហើយ​ផ្ទុក​​​មនុស្ស​លើស​ចំណុះ​ ស្រប​ពេល​ដែល​​រដូវធ្លាក់​​​ខ្យល់​ទឹក​ទន្លេ​មាន​រលកធំៗ​ទើប​ធ្វើ​ឱ្យទូក​​លិចបែបនេះ​ទៅ​ ៕