ខេត្តពោធិ៍សាត់ ៖ ជនប្រព្រឹត្តបទល្មើសដោយប្រើឧបករណ៍ឆក់ត្រីចំនួន២នាក់ ត្រូវបានមន្ត្រីជលផលសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយដូនកែវ និងប៉ុស្តិ៍ស្នាមព្រះធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់សាលាដំបូងខេត្តនារសៀលថ្ងៃទី១១ មករា ឆ្នាំ២០១១ ។ លោកជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ម្នាក់ឈ្មោះកៃ ស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិច្រប់ ឃុំស្វាយដូនកែវ ។ ឃាត់ខ្លួននៅថ្ងៃទី៨ មករា ឆ្នាំ២០១១ វេលាម៉ោង៤រសៀល ខណៈពេលកំពុងប្រើឧបករណ៍ឆក់ត្រីនៅចំណុចទួលតាសេក ភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន រួមជាមួយនឹងវត្ថុតាងមានអាគុយ១គ្រឿង និងក្បាលម៉ាស៊ីនឆក់ចំនួន១គ្រឿង ។ ចំណែកម្នាក់ទៀតឈ្មោះស៊ិន លឿប ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ។ ឃាត់ខ្លួននៅថ្ងៃទី១១ មករា ឆ្នាំ២០១១ វេលាម៉ោង៨និង៥០នាទីព្រឹកខណៈពេលកំពុងប្រើប្រដាប់ឆក់ត្រីនៅចំណុចវាលព្រង ភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន រួមជាមួយវត្ថុតាងអាគុយមួយគ្រឿង អាំងវែរទ័រមួយគ្រឿង និងដងឆក់១គូ ។លោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់ខាងលើ ឆក់ត្រីក្នុងដែននេសាទរបស់ជលផល ពិសេសប្រើប្រាស់ឧបករណ៍ឆក់ល្មើសច្បាប់ផ្ទុយនឹងច្បាប់ជលផល ។ ការនេសាទត្រីដោយប្រើប្រដាប់ឆក់វាធ្វើឱ្យបាត់បង់ពូជមច្ឆជាតិនិងជីវៈចំរុះគ្រប់ប្រភ េទដែលរាជរដ្ឋាភិបាលហាមឃាត់ដាច់ខាត ។ លោកបានពង្រឹងកំលាំងទាំងផ្នែក និងសង្កាត់ជលផលទាំងអស់ ឱ្យសហការយ៉ាងម៉ឹងម៉ាត់ជាមួយមន្ទីរជំនាញ នគរបាលប៉ុស្តិ៍ អាជ្ញាធរភូមិ ឃុំ ស្រុក និងអង្គការពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃលិចទឹកដែលជាជំរកត្រីពងកូន និងការប្រើឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗ ដើម្បីរួមគ្នាធ្វើឱ្យមច្ឆជាតិសំបូរឡើងវិញ ៕