ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៦ មករាអាជ្ញាធរក្រុងដឹកនាំដោយលោកអាន វណ្ណៈ អភិបាលរងក្រុង អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធនិងសមត្ថកិច្ចប៉ូលិស-ប៉េអឹមក្នុងក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសចុះធ្វើការណែនាំនិងជូនដំណឹងដល់អាជីវករ និងក្រុមហ៊ុនដែលនាំផលនេសាទចេញក្រៅប្រទេសតាមច្រកទ្វារប៉ោយប៉ែត ឱ្យពួកគេធ្វើការវេចខ្ចប់នៅកន្លែងទីតាំងត្រឹមត្រូវ មិនឱ្យផ្ទេរកែច្នៃ ឬវេចខ្ចប់តាមដងផ្លូវទៀតនោះទេ ព្រោះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុង និងក៏ដើម្បីការពារបរិស្ថាន និងអនាម័យផងដែរ ។ក្នុងពេលចុះអនុវត្តសេចក្តីជូនដំណឹង លោកអាន វណ្ណៈ បានប្រាប់ក្រុមអាជីវករ និងក្រុមហ៊ុនដែលនាំផលនេសាទចេញក្រៅប្រទេសថា ដោយមានការណែនាំឱ្យយកចិត្តទុកដាក់ពីសណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាពក្រុងពីសំណាក់លោកអភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលក្រុងបានឱ្យរូបលោកចុះណែនាំតាមការជូនដំណឹងនេះ ។ ចំពោះផ្លូវមួយចំនួន និងកន្លែងផ្ទេរ ឬកែច្នៃ ដែលបច្ចុប្បន្នត្រូវបានក្រុមហ៊ុន និងអាជីវករដែលនាំផលនេសាទចេញក្រៅប្រទេស កំពុងយកទៅធ្វើអាជីវកម្មហើយខ្វះអនាម័យដោយមានការកំពប់ទឹកបង្កឱ្យឆ្អេះឆ្អាបជិះក ្លិនមិនល្អតាមដងផ្លូវនោះ នៅព្រឹកនេះក្រៅពីការណែនាំ លោកអភិបាលរងក្រុងរូបនេះ ក៏បានចែកជូននូវសេចក្តីជូនដំណឹងរបស់សាលាក្រុងដើម្បីឱ្យពួកគេយល់ដឹងផងដែរ ។លោកអភិបាលរងក្រុងក៏បានណែនាំអាជីវករក៏ដូចជាក្រុមហ៊ុនទាំងអស់ឱ្យគោរពតាមការណែនាំ នេះ បើពុំដូច្នោះទេ អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់នាពេលខាងមុខ ។ គេកត់សំគាល់ថា មួយរយៈនេះក្រោយពីសាលាក្រុងបានឱ្យមន្ត្រីជលផលណែនាំដល់ក្រុមហ៊ុននានាដែលមានសិទ្ធិស្រ បច្បាប់នាំផលនេសាទចេញក្រៅប្រទេស ឱ្យមានការវេចខ្ចប់ត្រឹមត្រូវឃើញថា តាមដងផ្លូវជាតិហាក់ពុំមានក្លិនឆ្អេះឆ្អាបដូចកាលពីពេលមុនទៀតទេ ៕