/

វីដេអូខាងក្រោមនេះគឺជាសកម្មភាពអវិជ្ជមានមួយដែលប៉ូលីសចរាចរណ៍បានបើកការវាយប្រហារទៅលើអ្នកដំណើរម្នាក់។ ក្នុងវីដេអូខាងក្រោមនេះពុំបានបង្ហាញអោយដឹងពីមូលហេតុពិតនៃជម្លោះនោះទេ។ តែបើយើងមើលតាមសាច់រឿងពិតនិងការសន្ទនាដែលបានកើតឡើងក្នុងវីដេអូនេះគេអាចដឹងបានថាជម្លោះនេះគឺអាចបណ្ដាលមកពីអ្នកដំណើរដែលជិះម៉ូតូគ្មានមួកសុវត្តិភាព បានជិះរត់គិចពីប៉ូលីសដែលបានស្ទាក់ហៅ។ ក្នុងវីដេអូនេះប៉ូលីសចរាចរណ៍បានក្របួចកអាវរបស់អ្នកដំណើរដោយមានការជេរប្រទេចប្រើសម្ដីអសុរស ហើយមានការប្រកែកគ្នាជាខ្លាំងដោយអ្នកដំណើរបានប្រើសិទ្ធិរបស់ខ្លូនអោយប៉ូលីសចរាចរណ៍លែងដៃចេញពីកអាវរបស់ខ្លួន តែប៉ូលីសមួយរូបនោះមិនព្រមស្ដាប់ហើយថែមទាំងគំរាមវាយដំទៀតផង ក្នុងខណៈនោះមានប៉ូលីសចរាចរណ៍មួយរូបទៀតបានមកដល់ដោយប្រាប់អោយប៉ូលីសដែលកំពុងតែជាប់ដៃក្របួចកអាវប្រជាពលរដ្ឋលែងដៃចេញពីកអាវរបស់ភាគីម្ខាងទៀត តែមិនបានផលសោះឡើយ។ ដោយទទួលរងការជេរប្រទេចយ៉ាងអសុរសពីសំណាក់ប៉ូលីសចរាចរណ៍ នាំអោយភាគីម្ខាងទៀតទ្រាំមិនបានក៏បានបោះពាក្យសម្ដីថា អូ! ប៉ូលីសគេធ្វើឬកចឹង? ពាក្យមួយឃ្លានេះបានបង្កអោយប៉ូលីសចរចារណ៍រូបនោះបើកការវាយប្រហារដោយដាល់ជនរងគ្រោះ មួយដៃមុនចំក្បាលពោះហើយក៏បង្កបានជាការវាយតប់គ្នា។ បន្ទាប់មកមានកងកម្លាំងរាជអាវុធហត្ថម្នាក់បានមកដល់ មើលទៅទំនងជាខាងប៉ូលីសចរាចរណ៍ដែលបើកការវាយប្រហារមុន ខ្លាចមានបញ្ហាត្រូវស្ដីបន្ទោសដោយលោក អ.ហ ខ្លួនក៏បានបញ្ចប់ជម្លោះវាយតប់នេះទៅ។ អ្នកអាចឆែកមើលវីដេអូខាងក្រោមនេះបាន៖

រាល់ការសន្និដ្ឋានខាងលើគឺតាមន័យចង្អៀតផ្អែកតាមទិដ្ឋភាពក្នុងវីដេអូទាំងស្រុងដោយយើងមិនបានដឹងពីដំណើរដើមទងនៃសាច់រឿងពិតវាយ៉ាងណានោះទេ។ ជាមួយគ្នានេះវីដេអូមួយនេះបានសាយភាយតាមគេហទំព័របណ្ដាញសង្គមជាពិសេសគឺ Facebook ដែលសូម្បីតែ Page Facebook របស់កោះសន្តិភាពក៏បាន Post វីដេអូនេះជូនអ្នកប្រើប្រាស់ Facebook គិតពិចារណាផងដែរកាលពីថ្ងៃច័ន្ទមកនេះ។ ស្របជាមួយគ្នានេះមានមតិរាប់រយដែលបានថ្លែងថ្កោលទោស ដល់អំពើអសីលធម៌ទាំងកាយវិការនិងពាក្យសម្ដីរបស់ប៉ូលីសដែលបានបើកការវាយប្រហារដល់អ្នកដំណើរក្នុងវីដេអូខាងលើមតិថ្កោលទោសទាំងនេះ ត្រូវបានអ្នកប្រើប្រាស់ Facebook រាប់រយនាក់និយាយថ្កោលថាជាអំពើខុសនឹងសីលធម៌វិជ្ជាជីវៈជាប៉ូលីស ១០០%។ ជាធម្មតាប៉ូលីសមិនថាជានរគបាលយុត្តិធម៌ ឬនរគរបាលចរាចរណ៍នោះទេ គឺពុំមានសិទ្ធិក្នុងការប្រើហិង្សា បាញ់បោះ ទាត់ធាក់ វាយដំ ចាប់ចង គុគច្រវាក់តាមអំពើចិត្តនោះទេ លើលែងតែមានបញ្ជាពីព្រះរាជអាជ្ញាក្នុងការចេញបេសកម្ម ឬជួបនិងបទល្មើសជាក់ស្ដែង។ តែចំពោះប៉ូលីសដែលបានវាយប្រហារមកលើប្រជាពលរដ្ឋក្នុងវីដេអូខាងលើនេះនៅពេលដែលអ្នកដំណើរនិយាយថា កុំទះកំផ្លៀងខ្ញុំប្រយ័ត្នខ្ញុំប្ដឹង ពេលនោះលោកប៉ូលីសចរាចរណ៍បានឆ្លើយមកវិញថា អើ! ហ្អែងចង់ប្ដឹងដល់ណាក៏ប្ដឹងទៅ! គាត់និយាយមកបែបនេះដូចជាបង្ហាញថាគាត់គិតថាខ្លួនឯងមានសិទ្ធិអំណាចមហិមាសម្បើមណាស់។ ដោយសារតែមានប៉ូលីសដែលមានចរិតកាចសាហាវខុសរឿងបែបនេះហើយទើបមានមតិអវិជ្ជមានជាច្រើនដែលប្រជាពលរដ្ឋបានវាយប្រហារទៅលើស្ថាប័នទាំងមូល។ មានមតិមូយចំនួនតូចដែលនិយាយថាការចេញចាប់អ្នកដំណើរដែលមិនគោរពច្បាប់ចរាចរណ៍វាមានភាពសកម្មនិងមានភាពទំលំទូលាយជាងការចេញបង្រ្កាបបទល្មើសទៅទៀត និយាយអោយចំគឺចង់មានន័យថា ពូកែតែចាប់មួកនិងកញ្ចក់ តែរឿងចាប់ចោរមិនពូកែសោះ នេះបើតាមការសាកសួរទៅកាន់ក្រុមនិស្សិតមួយក្រុម។ ចុះចំពោះលោកអ្នកវិញតិតយ៉ាងណាដែលចំពោះបញ្ហានេះ? ជាធម្មតាជៀសវាងបញ្ហា និងការពារជីវិតរបស់អ្នកគួរណាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ រាល់ការអធិប្បាយគឺគ្រាន់តែផ្អែកលើវីដេអូ និងស្ថានតាមន័យចង្អៀតតែប៉ុណ្ណោះព្រោះយើងមិនមានសាច់រឿងដែលបានកើតហេតុពេញលេញ ដូចនេះហើយយើងស្វាគមន៍មតិរបស់អ្នកក្នុងការពិភាក្សាលើប្រធានបទនេះ។

ដោយ៖ វឌ្ឍនា