រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវកងសន្តិសុខប្រចាំការនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ចាត់ការតាមច្បាប់ បន្ទាប់ពីជននេះក្លែងបន្លំជាគ្រូពេទ្យឆបោកយកប្រាក់ពីក្រុមគ្រួសារអ្នកជំងឺដេកនៅបន្ទ ប់លេខ១៣ អគារវះកាត់ «ក» កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ មករា ឆ្នាំ២០១១ បានសំរេចហើយបំរុងគេចខ្លួន ។ ជនថ្លើមធំសង្ស័យឆបោកយកប្រាក់អ្នកជំងឺក្នុងមន្ទីរពេទ្យកាល់ម៉ែតដ៏កម្រជួបប្រទះនេះ មានឈ្មោះអៀង ចាន់ថន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិតាទាំង ឃុំកន្សោមអក ស្រុកត្រពាំងត្របែក ខេត្តព្រៃវែង មករាជធានីភ្នំពេញ ស្នាក់នៅមិនប្រាកដ ។ ជននេះបានក្លែងខ្លួនជាគ្រូពេទ្យដើរប្រមូលលុយពីអ្នកជំងឺញឹកញាប់ណាស់មកហើយ ទើបតែពេលនេះត្រូវបានអ្នកជំងឺប្តឹង និងកាមេរ៉ាចាប់សកម្មភាពថតរូបបានខាងមន្ទីរពេទ្យក៏ចាត់ចែងសន្តិសុខចាប់ឃាត់ខ្លួន តែម្តង ។យោងតាមបណ្តឹងរបស់ស្ត្រីរងគ្រោះឈ្មោះអៀង សំអុន អាយុ៤៧ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បានឱ្យសមត្ថកិច្ចដឹងថា គាត់មានកូនប្រុសម្នាក់ឈ្មោះចាន់ មូនិន អាយុ២៨ឆ្នាំ ចូលសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទប់លេខ១៣ អគារវះកាត់ «ក» ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងត្រូវធ្វើការវះកាត់ ។ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១១ មករា ២០១១ ជនសង្ស័យឈ្មោះអៀង ចាន់ថន ដែលត្រូវឃាត់ខ្លួនបានដើរចូលទៅក្នុងបន្ទប់លេខ១៣ កន្លែងដែលកូនប្រុសគាត់សំរាកហើយសួររកឈ្មោះចាន់ មូនិន ដោយនិយាយប្រាប់ថា ត្រូវចូលវះកាត់ឥឡូវហ្នឹង ក្នុងតំលៃ២០០ដុល្លារ ។ ពេលនោះរូបគាត់ឆ្លើយតបថា គ្មានលុយទេ មានតែ១០០ដុល្លារប៉ុណ្ណោះ ។ ជនសង្ស័យក៏និយាយថា មិនបានទេ... មួយសន្ទុះក្រោយមកស្រាប់តែត្រឡប់មកយកលុយវិញក៏ត្រូវសន្តិសុខនៃមន្ទីរពេទ្យចាប់ខ្លួន តែម្តង ៕