ខេត្តស្វាយរៀង ៖ យុវជនម្នាក់ បានត្រូវគូបដិបក្សកាប់ពេលកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២ មករា នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង។ អ្នកកាប់បង្ករបួសស្នាមនេះ គឺជាក្មួយប្រុសម្ចាស់តូបតែម្តងដែលទាញដាវមកដេញកាប់យ៉ាងសាហាវធ្វើឱ្យជនរងគ្រោះរងរ បួសធ្ងន់ធ្ងរគឺចំក្បាល ចំស្មាខាងស្តាំ ចំកដៃស្តាំ និងចំកំភួនដៃឆ្វេង។ បើតាមជនរងគ្រោះឈ្មោះដាំ ឃុនពិសាល អាយុ២៣ឆ្នាំ រៀបរាប់ថា កាលពីម៉ោងប្រមាណ៧យប់ ពួកគេមានគ្នា៣នាក់បានទៅអង្គុយផឹកស៊ីក្នុងតូបលក់ស្រាគ្រឿងក្លែមខាងក្រោយផ្ទះ ហើយពេលនោះឈ្មោះសូរ ខេមរៈ អាយុ១៧ឆ្នាំ ត្រូវជាក្មួយម្ចាស់តូបជាអ្នកជួយលើកសាច់ក្លែម។ក្រោយមកដោយអស់សាច់ក្លែមក៏ហៅថែម១ចា នទៀត ឯឈ្មោះសូរ ខេមរៈ ក៏លើកយកមកឱ្យទៀត លុះដល់ម៉ោង៩ និង៣០នាទីយប់ ពួកគេទាំង៣នាក់ក៏ចាប់ស្រវឹងស្រាប់តែឈ្មោះ សូរ ខេមរៈ ដើរមកក្បែរ និងលើកដាវកាប់រូបគេតែម្តង។ តាមការសន្និដ្ឋានរបស់ប៉ូលិសថា នេះជារឿងគំនុំ ពីព្រោះកាលពីឆ្នាំ២០០៩ មានការប៉ះសំដីគ្នាក្រោយមកជនល្មើសបានទៅរស់នៅឯរាជធានីភ្នំពេញ លុះពេលត្រឡប់មកវិញក៏មានរឿងតែម្តង។ ក្រោយពីបានធ្វើសកម្មភាពកាប់ប្រហាររួច យុវជនឈ្មោះសូរ ខេមរៈ នេះក៏បានរត់គេចខ្លួនទាំងយប់៕