ខេត្ត​កំពត​ ៖ កម្មករ​​សំណង់​ជា​ជាង​ផ្សារ​ដែក​៣​នាក់​ បាន​ធ្លាក់​ពី​លើ​អគារ​សំណង់កំពស់​៧​ម៉ែត្រ​ ក្នុង​ពេល​កំពុង​តែ​ផ្សារ​ដែក​ ហើយ​ដាច់​​ខ្សែ​​កៅឡាក់​ បណ្តាល​​ឱ្យ​ធ្លាក់​​មកដី​រងរបួស​​ធ្ងន់​ម្នាក់ និង​ស្រាល​​២​នាក់ និងត្រូវ​បាន​​​រថ​យន្ត​​ការដ្ឋាន​​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត ។​ ហេតុការណ៍​​​គ្រោះ​ថ្នាក់​​នេះ ​​បាន​កើត​ឡើង​​​កាលពីវេលា​​ម៉ោង​១០​និង​​៣០នាទី​ព្រឹក​ថ្ងៃទី​១៤ មករា នៅការដ្ឋាន​​​មួយ​ឈ្មោះ​រោង​ចក្រ​​​ស៊ីម៉ង់ត៍​​ថៃប៊ុនរ៉ុង​ភ្នំល្អាង​ ស្ថិត​ក្នុង​ភូមិ​​ល្អាង ឃុំ​ល្អាង​ ស្រុក​ដងទង់​ ក្នុង​ខណៈ​​ពេល​កម្មករ​​ផ្សារ​​ដែក​​ទាំង​បី​នាក់​ឡើងទៅ​ផ្សារ​ធ្នឹម​អគារ​​កំពស់​៧​ម៉ែត្រ​ រួច​ដាច់​ជើង​មូទ័រ​កៅឡាក់​ ដែល​ដាក់​ឱ្យ​កម្មករ​ជាន់​ក៏បណ្តាល​​​ឱ្យ​ធ្លាក់​​មក​ដី​ទាំង​ឧបករណ៍​​​សំរាប់​ផ្សារ ​ទាំង​មនុស្ស​គួរ​ឱ្យ​​រន្ធត់។​ ប៉ុន្តែទោះជាយ៉ាង​ណា​​​ ពុំ​មាន​កម្មករ​ណា​ម្នាក់​​រង​គ្រោះ​ដល់​អាយុ​ជីវិត​​ទេ គ្រាន់​តែ​រង​របួស​បាក់​ដៃម្នាក់ និង​២​នាក់​ទៀត​រលាត់​​ដៃនិង​ជើង​​ចុក​ចាប់​ពេញ​ខ្លួន​តែ​ប៉ុណ្ណោះ ។លោកឃឹម វិន មេ​ការ​​មើល​ខុស​ត្រូវ​​ក្រុម​​ជាង​សំណង់​បាន​ឱ្យ​ដឹងថា គ្រោះ​ថ្នាក់​នេះមិន​មែន​​ដោយ​ចេតនា​ណាមួយ​ទេ គឺជា​ហេតុការណ៍​​ចៃដន្យ​បំផុត ហើយ​លោក​ក៏​មិន​ចង់​ឱ្យ​មាន​ហេតុ​ការណ៍​​​នេះ​កើតឡើង​​ដែរ ។ ជន​រងគ្រោះ​ទាំង​៣​នាក់​ក្នុង​ហេតុការណ៍​នេះ​មាន១-ឈ្មោះ​ខែម ផាត ភេទ​ប្រុស អាយុ​៣៧ឆ្នាំ​ មាន​ទីលំនៅ​​ភូមិ​ត្រពាំង​​បី​ ឃុំ​ត្រពាំងបី ​ស្រុក​ឈូក​ ខេត្ត​កំពត រងរបួស​ធ្ងន់​ បាក់​ដៃ​ខាង​ស្តាំ​ត្រង់​កែង​ដៃ​និង​ចុក​ចាប់​​ពេញ​ខ្លួន ២-ឈ្មោះ​វី សុភ័ក្ត្រ​ ភេទ​ប្រុស អាយុ​២៣ឆ្នាំ នៅភូមិ​ល្អាង ឃុំ​ល្អាង​ ស្រុក​ដង​ទង់ ខេត្ត​កំពត រងរបួស​ដៃ​ម្ខាង​និង​រលាត់ដៃ​ជើង​​ ៣-ឈ្មោះ​ចាន់ សារ៉ាន់ ភេទ​ប្រុស អាយុ​​២៨ឆ្នាំ រស់​នៅ​ភូមិ​ល្អាង​ ឃុំ​ល្អាង ស្រុក​ដងទង់ រង​របួស​​ធ្លាក់​មក​បោក​ដងខ្លួន​នឹង​ដី​ចុកចាប់​ពេញ​ខ្លួន និង​រលាត់ដៃ​ជើង ។អ្នក​រងគ្រោះ​ទាំង​៣​នាក់ ​ត្រូវ​បាន​​រថយន្ត​ការដ្ឋាន​សំណង់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ ។ ទាក់​ទិននឹង​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​នេះ​ កោះសន្តិភាព​​ពុំ​បាន​ទទួល​ការ​បំភ្លឺ​ជុំ​វិញ​បញ្ហា​ជួយ​ព្យាបាល​​ជនរងគ្រោះ​ទាំង៣​នាក់​​ពីអ្នក​ម៉ៅ​ការ ​ក្នុង​ការដ្ឋាន​សំណង់​នេះទេ ដោយ​ទូរស័ព្ទ​​ទាក់​ទង​ពុំ​បាន​ ។ មានការ​លើក​ឡើង​​ការ​សង់អគារ​ធំៗ​ហើយ​ខ្ពស់​ទៀត​នោះ ម្ចាស់​ម៉ៅ​ការ​គួរតែ​មាន​ឧបករណ៍​​ធានា​សុវត្ថិភាព​ដល់​កម្មករ​ មិន​ត្រូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​ជាហេតុ​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​​ដល់​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នោះ ទេ ៕