ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី៥ មករា ឆ្នាំ២០១១ អង្គការកម្ពុជាដើម្បីកុមារ និងអភិវឌ្ឍន៍(COCD) បាននាំយកមេគោចំនួន៥០ក្បាល ទៅផ្តល់ជូនប្រជាពលរដ្ឋឃុំប្រមោយ ស្រុកវាលវែង ចិញ្ចឹមដើម្បីបន្តពូជ ។ ពិធីនេះបានប្រារព្ធធ្វើនៅសាលាស្រុកវាលវែង ក្រោមអធិបតីភាពលោកឆេ ឈីវ អភិបាលស្រុក ដោយបានការឧបត្ថម្ភពីអង្គការដែនដីមនុស្សអាល្លឺម៉ង់ និងក្រសួងសហព័ន្ធសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ។ លោកអ៊ឹង ប៉ូឡា នាយកអង្គការ COCD បានថ្លែងថា អង្គការ COCD បានចាប់បដិសន្ធិឡើងក្នុងខែមីនា ឆ្នាំ២០០៨ ដែលធ្វើសកម្មភាពនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ អង្គការនេះទាក់ទាញប្រភពថវិកាពីក្រៅប្រទេសមកអភិវឌ្ឍក្នុងប្រទេសកម្ពុជា មិនធ្វើសកម្មភាពរកប្រាក់ចំណេញ មិនធ្វើនយោបាយ មិនប្រកាន់សាសនា និងបានការទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ។សព្វថ្ងៃអង្គការបានធ្វើសកម្មភាព៤ គឺទី១-ចែកមេគោ ក្របី ពូជឱ្យប្រជាជនចិញ្ចឹមបានចំនួន៥លើកស្មើនឹង៣៣០ក្បាល បណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនភ្នាក់ងារពេទ្យសត្វភូមិបាន២៣នាក់ ទី២-ក្រុមជួយខ្លួនឯងមាន២៧ក្រុម សន្សំ និងមានសមាជិក៩៥៦នាក់ ទី៣-កម្មវិធីលើកកំពស់សហគមន៍បណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិបាន៥៦ន ាក់ លើកប៉ាណូបាន១២ផ្ទាំង អប់រំពីអនាម័យទឹកស្អាត សុខភាព ស្តារស្រះ២កន្លែង ជីកស្រះថ្មី២កន្លែង ជីកអណ្តូង៤កន្លែង ចែកពាងទឹកបានចំនួន៧៥០ពាង ធុង ចំរោះទឹក៣១០ធុង ទី៤-កម្មវិធីអភិរក្សវប្បធម៌ជនជាតិជង បង្កើតឱ្យមានមណ្ឌលវប្បធម៌ និងចងក្រងឯកសារប្រវត្តិជនជាតិជង ។ សំរាប់ការធ្វើសកម្មភាពឆ្នាំនេះ អង្គការ COCD បានប្រើអស់ថវិកាសរុបជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។លោកឆេ ឈីវ អភិបាលស្រុកវាលវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ COCD ដែលបានជួយដល់ស្រុកវាលវែងជាច្រើនតាមរយៈការជីកស្រះ អណ្តូង ផ្តល់ពាងទឹក ធុងចំរោះទឹក និងមេគោក្របីពូជដល់ប្រជាជនក្រីក្រចិញ្ចឹមក្នុងការលើកស្ទួយជីវភាពរបស់ពួកគាត់ ពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ។ ដោយឡែកមេគោចំនួន៥០ក្បាលនេះបានចែកជូនប្រជាជនភូមិទំព័រ១២ក្បាល ភូមិស្ទឹងថ្មី២១ក្បាល ភូមិតាំងយ៉ ៧ក្បាល ភូមិផ្ចឹកជ្រំ១០ក្បាល ក្នុងឃុំប្រមោយស្រុកវាលវែង ។ លោកបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលយកមេគោនេះទៅចិញ្ចឹមថែទាំឱ្យបានល្អ ដើម្បីទុកបន្តពូជឱ្យរីកសាយភាយពីមួយឆ្នាំទៅមួយឆ្នាំសំរាប់ជាកំលាំងអូសទាញ និងលក់ដូរដោះស្រាយជីវភាពតទៅមុខ ៕