ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ស្ត្រីអាជីវករលក់ខោអាវជជុះនៅផ្សាររុងក្លឿទឹកដីសៀមម្នាក់ត្រូវសមត្ថកិច្ចសៀមច្រកព្រំដ ែនខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឃាត់ និងបានឃុំខ្លួនអស់មួយយប់ ក្រោយពីហៅទៅសួរនាំរឿងករណីលក់ខោអាវជជុះលើសតំលៃឱ្យជនជាតិថៃម្នាក់ កាលពីព្រឹកថ្ងៃទី១៥ មករា ។ ស្ត្រីដែលត្រូវសមត្ថកិច្ចសៀមឃាត់ខ្លួននោះឈ្មោះតាំង ឡាយ អាយុ២៤ឆ្នាំ អាជីវករលក់ខោអាវជជុះនៅផ្សាររុងក្លឿ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ។ ចំពោះការឃាត់ខ្លួនស្ត្រីខាងលើនេះ បើតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចកម្ពុជាដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ស្ត្រីរូបនេះមុនពេលឃាត់ខ្លួន គឺមានជនជាតិសៀមម្នាក់ជាស្ត្រីមកពីក្រុងបាងកកបានចូលមកតូបរបស់ស្ត្រីខាងលើនេះ តាមរយៈអ្នកនាំភ្ញៀវទិញអីវ៉ាន់ ជាជនជាតិខ្មែរ ដើម្បីរកទិញខោអាវជជុះ ។ប្រភពបន្តថា ខណៈអ្នកនាំភ្ញៀវ និងជនជាតិសៀមនោះចូលដល់តូប ក៏ត្រូវអ្នកនាំភ្ញៀវនោះកុហកស្ត្រីជនជាតិសៀមនោះថា ជាប្តីរបស់ស្ត្រីម្ចាស់តូប ហើយដោយម្ចាស់តូបមិនចេះភាសាសៀមក៏ត្រូវអ្នកនាំភ្ញៀវនោះកាត់ថ្លៃនឹងលក់ជំនួសស្ត ្រីម្ចាស់តូប ដោយអាវយឺតមួយមានតំលៃត្រឹមតែ១០បាត តែអ្នកនាំភ្ញៀវនិយាយដំឡើងតំលៃប្រាប់អ្នកទិញរហូតដល់អាវយឺត១តំលៃ១៨បាត ។ ប្រភពបន្តទៀតថា ពេលនោះស្ត្រីសៀមបានទិញអាវយឺតចំនួន១០០អាវ នៅព្រឹកថ្ងៃទី១៥ មករា ។ លុះដល់ម៉ោង៣រសៀល ស្ត្រីម្ចាស់តូបក៏ត្រូវស្ត្រីអ្នកទិញនាំប៉ូលិសសៀមច្រកខ្លងលឹកទល់មុខច្រកអន្តរជាតិ ប៉ោយប៉ែតមកហៅឡើងរថយន្ត ហើយក៏ឃុំខ្លួនអស់មួយយប់ ដោយចោទប្រកាន់ពីបទឆបោក ។ប្រភពពីមន្ត្រីកម្ពុជាដដែលបានបន្តថា ស្ត្រីរូបនោះក្រោយពីសមត្ថកិច្ចសៀមឃាត់ខ្លួន ត្រូវគេទារលុយ១០ម៉ឺនបាត ប៉ុន្តែលិចឮថា ដោយសារមានការអន្តរាគមន៍ជួយពីមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ពិសេសពីលោកឌី ផេន នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទើបស្ត្រីរូបនេះត្រូវគេដោះលែងពីការឃុំខ្លួនដោយតំរូវឱ្យដាក់លុយធានានៅក្រៅឃុំចំន ួន៥ម៉ឺនបាត ។តាមមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានបង្ហើបថា ករណីខាងលើពិតជាកើតមានមែន ហើយថា ការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចសៀមទៅលើស្ត្រីអាជីវករលក់ខោអាវជជុះនោះគឺជនជាតិសៀមប្ត ឹងថា ឆបោក ព្រោះការនាំទិញអាវ១០០ ទោះអ្នកនាំភ្ញៀវកុហកថា ជាអាវថ្មី តែធាតុពិតជាអាវជជុះសោះ ។ទោះបីជាបែបណា ប្រភពខាងលើបញ្ជាក់ថា ស្ត្រីដែលគេឃាត់ខ្លួននោះពុំដឹងអ្វីទេ ហើយថា ពេលប៉ូលិសសៀមឃាត់ខ្លួននោះនាងក៏ព្រមទទួលយកអាវទាំង១០០នោះវិញដែរ ដោយប្រគល់លុយដើមទាំងអស់ទៅស្ត្រីអ្នកទិញនោះវិញ ប៉ុន្តែគេមិនព្រម ហើយដើមបណ្តឹងជាជនជាតិសៀម ក្រោយពីប្តឹងក៏មិនយកអាវទាំងនោះទៅទេ គឺទុកនៅកន្លែងប៉ូលិសខ្លងលឹកនោះទាំងអស់ ៕