រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​ចំរុះ ​ដឹក​នាំដោយ​​ព្រះ​រាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក​ហ៊ីង ប៊ុន​ជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មករា បាន​ចុះ​ទៅ​អនុ​វត្ត​សាល​ដីកា​របស់តុលា​ការ​កំពូល ដើម្បី​ធ្វើ​ការ​វាស់​វែង​​ពុះ​​ដី​ឡូត៍​មួយ​កន្លែង​​លេខ​៦៣៥ ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​ក្នុង​រឿង​ក្តី​២​នាក់​បង​ប្អូន​បង្កើត ​​ដែល​បាន​ប្តឹង​ប្តល់​គ្នា​សុំ​រក្សា​សិទ្ធិ​​លើ​ដី និង​ផ្ទះ​អស់​រយៈ​​ពេល​ប្រមាណ​៨​ឆ្នាំ​កន្លង​មក​ហើយ ។ នេះ​ជា​សំណុំ​រឿង​រដ្ឋ​ប្បវេណី​លេខ​១៥៣ រវាង​ដើម​ចោទ​អ្នក​ស្រី​សំ វណ្ណា (ម្ចាស់​​​បណ្តឹង​សា​រុទ្ខ) អាយុ​៤៨​ឆ្នាំ អ្នក​លក់​ដូរ ​​មាន​ទី​លំនៅ​ផ្ទះ​លេខ​៦៣៥​ ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ និង​ចុង​ចំលើយ​លោក​សម ឆន្ទ (ចុង​បណ្តឹង​​សា​ទុក្ខ) អាយុ​៥០​​ឆ្នាំ​ជា​មន្ត្រី​យោធា មាន​ទី​លំនៅ​ផ្ទះ​លេខ​​៦៣៥ ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ អ្នក​ទាំង​ពីរ​​​​ជា​គូ​ទំនាស់​​នឹង​គ្នា​​ ហើយ​​ត្រូវ​ជា​បង​ប្អូន​បង្កើត​​នឹង​គ្នា ​​​បាន​ប្តឹង​សុំ​រក្សា​សិទ្ធិ​លើ​ដី​​ដែល​អ្នក​ទាំង​ពីរ​កំពុង​រស់​នៅ ។តាម​ប្រភព​ពី​​សមត្ថ​កិច្ច​សាលា​ខណ្ឌ​ឫស្សី​កែវ បាន​ឱ្យ​ដឹង​ថា ការ​ចុះ​មក​វាស់​វែង​បែង​ចែក​ដីនេះ​ ធ្វើ​ឡើង​តាម​សាល​ដីកា​របស់តុលា​ការ​កំពូល​លេខ​៣៦២ «ក» ចុះ​ថ្ងៃ​ទី ៤ តុលា​ ឆ្នាំ​២០១០ ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំ​ជំរះ​គង់​ ស្រ៊ឹម និង​ក្រឡា​បញ្ជី​ស៊ិន​ ភារៈ​ ​ដែល​បាន​សំរេច​ប្រគល់​ដី​ទំហំ​៤​ម៉ែត្រ​គុណ​១៥​មែត្រ ​ទៅ​ឱ្យ​ឈ្មោះ​សំ វណ្ណា កាន់​កាប់ ។ តាម​សំដី​ឈ្មោះ​សម ឆន្ទ ភេទ​​ប្រុស អាយុ​​៥០​ឆ្នាំ ជា​មន្ត្រី​​យោធា​បាន​ឱ្យ​ដឹង​ថា ដី​ទំហំ​​១៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ស្ថិត​នៅ​​ផ្ទះ​លេខ​៦៣៥​ ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ត្រូវ​រូប​គាត់​ទិញ​​តាំង​ពី​ឆ្នាំ​១៩៩០ ហើយ​ឆ្នាំ​១៩៩២ គាត់​បាន​​ជួល​ទៅ​ឱ្យ​​ប្អូន​​ស្រី​ឈ្មោះ​សំ វណ្ណា ស្នាក់​នៅ ។ លុះ​មក​ដល់​ឆ្នាំ​២០០២ ប្អូន​ស្រី​របស់​គាត់​បាន​ប្តឹង​​ទាម​ទារ​​កម្ម​សិទ្ធិ​ដី​នេះ ។​ការ​ប្តឹង​ប្តល់​គ្នា​​ទៅសាលា​ដំបូង​រាជ​​ធានី​​ភ្នំពេញ សាលា​ឧទ្ធរណ៍​​ ត្រូវ​​​តុលា​ការ​សំរេច​ប្រគល់​​ដី​នេះ ឱ្យ​មក​គាត់​ជា​អ្នក​គ្រប់​គ្រង​ជា​ម្ចាស់​កម្ម​សិទ្ធិ ​ហើយ​ប្អូន​ស្រី​​ពុំ​សុខ​ចិត្ត​​ក៏​បាន​ប្តឹង​បន្ត​ទៅ​តុលា​ការ​​កំពូល ​​​ហើយ​ត្រូវ​​​តុ​លា​ការ​​សំរេច​ប្រគល់​ដី​ទំហំ​៤​ម៉ែត្រ​​និង​១៥​ម៉ែត្រ ​ទៅ​ឱ្យ​ឈ្មោះ​សំ វណ្ណា ​ដែល​​ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​មក​អនុ​វត្ត​សាល​ដីកា​នៅ​ពេល​នេះ ។ ចំណែក​ឈ្មោះ​​សំ វណ្ណា ​បាន​ឱ្យ​ដឹង​ថា ផ្ទះ​និង​ដី​នោះត្រូវ​គាត់​​ទិញ​តាំង​ពី​ឆ្នាំ​១៩៩០ មក​ម៉្លេះ ខ្លួន​មិន​បាន​​ជួល​ពី​ឈ្មោះ​សម ឆន្ទ នោះ​ទេ ។ ទោះ​បី​ជា​យ៉ាង​ណា​ស្ត្រី​ឈ្មោះ​​មាស ហ៊ន អាយុ​​៧៤​ឆ្នាំ ត្រូវ​​ជា​ម្តាយ​បាន​ឱ្យ​ដឹង​ថា ទី​នេះ​កូន​ប្រុស​របស់​គាត់​ឈ្មោះ​សម ឆន្ទ ជា​អ្នក​ទិញ​​ ហើយ​ជួយ​ឱ្យ​កូន​ស្រី​របស់​គាត់​រស់​នៅ​ ស្រាប់​តែ​កូន​ស្រី​ប្តឹង​បង​ ដើម្បី​ទាម​ទារ​ផ្ទះ និង​ដី​នោះ​ទៅ​វិញ ៕